ខេត្ដកណ្ដាល ៖ សមត្ថកិច្ចចម្រុះស្រុកកោះធំ កាលពីព្រឹកថ្ងៃទី១ សីហា បានដកហូតយកវត្ថុតាងនានាជាច្រើនប្រភេទ ភាគច្រើនជារូបថតដែលមានរូបបុគ្គលធម្មាចារ្យធាន វុទ្ធី ដែលបានតាំងខ្លួនឯងជាមនុស្សអស្ចារ្យលើលោក និងជាព្រះសិអារ្យមេត្រិយ បន្ទាប់ពីទទួលបាននូវជំនឿពីពុទ្ធបរិស័ទគ្រប់ទិសទី និងការឈ្លក់វង្វេងខ្លួនឯងហួសហេតុ ។ វត្ថុតាងទាំងនោះត្រូវបានដកហូតពីស្ដ្រីឈ្មោះ ហ៊ន ចាន់ណា ដែលជាអ្នកលក់រូបភាពទាំងនោះ និងមានផ្ទះនៅក្បែរវត្ដទួលរាជា ស្ថិតក្នុងភូមិកំពង់គ ឃុំពោធិ៍បាន ស្រុកកោះធំ ដែលរូបថតភាគច្រើនជាការកែច្នៃតាមកុំព្យូទ័រ ។
មន្ដ្រីសមត្ថកិច្ចបានឱ្យដឹងថា វត្ថុតាងដែលដកហូតរួមមាន រូបថតសន្លឹកតូច សន្លឹកធំចំនួន២.១៨០សន្លឹក រូបថតមានស៊ុមកញ្ចក់ចំនួន៦៤ស៊ុម ឌីស្កចំនួន៧៨៧បន្ទះ យ័ន្ដក្រណាត់ក្រហមចំនួន១៧៥ផ្ទាំង យ័ន្ដកាតរឹងចំនួន៤១០សន្លឹក និងយ័ន្ដប្រាក់ដុល្លារ ក្រដាសមួយលានចំនួន១១០សន្លឹក ។ វត្ថុតាងទាំងនេះគឺសុទ្ធតែមានការអនុញ្ញាតពីបុគ្គល ធាន វុទ្ធី ឱ្យធ្វើការកែច្នៃដើម្បីដាក់លក់ដល់អ្នកមានជំនឿដែលខ្វះការពិចារណាទាំងឡាយ ។
តាមប្រភពព័ត៌មានឱ្យដឹងថា រូបថតច្នៃប្រឌិតនិងយ័ន្ដទាំងនេះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុដកហូតនិងបានវេចខ្ចប់ដើម្បីយកទៅរក្សាទុក និងបញ្ជូនទៅមន្ទីរធម្មការនិងសាសនាខេត្ដរក្សាទុកបន្ដ ។ គួរបញ្ជាក់ថា មុននេះ១ថ្ងៃគឺនៅរសៀលថ្ងៃទី៣១ កក្កដា គណៈកម្មការចម្រុះមួយក្រុមមានលោកអភិបាលខេត្ដ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ដ មន្ដ្រីធម្មការ និងសាសនា ក្រសួង មន្ទីរនិងការិយាល័យស្រុក សមត្ថកិច្ចចម្រុះ និងអាជ្ញាធរមូលដ្ឋាន បានទៅត្រួតពិនិត្យក្នុងមហាកុដិមួយនៅក្នុងវត្ដទួលរាជា ដើម្បីត្រួតពិនិត្យមើលពីភាពមិនប្រក្រតីរបស់បុគ្គល ធាន វុទ្ធី ដែលបានប្រព្រឹត្ដកន្លងមក ធ្វើឱ្យប៉ះពាល់ដល់វិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ និងអាចប៉ះពាល់ដល់ប្រទេសនានាដែលកាន់ព្រះពុទ្ធសាសនាផងដែរ ។
លោក អ៊ុំ ភារម្យ ប្រធានមន្ទីរធម្មការនិងសាសនាខេត្ដ បានថ្លែងប្រាប់តាមទូរស័ព្ទនារសៀលថ្ងៃទី១ សីហា ថា កាលពីរសៀលថ្ងៃទី៣១ កក្កដា គណៈកម្មការចម្រុះបានត្រួតពិនិត្យនៅមហាកុដិក្នុងវត្ដទួលរាជា ប៉ុន្ដែមិនបានដកហូតយកអ្វីមួយទេ គ្រាន់តែត្រួតពិនិត្យប៉ុណ្ណោះ គឺជាកន្លែងស្នាក់នៅរបស់បុគ្គល ធាន វុទ្ធី ។ លោកមិនបានប្រាប់ពីការត្រួតពិនិត្យនេះថាមានអ្វីខ្លះដែលមិនប្រក្រតីទេ ប៉ុន្ដែការត្រួតពិនិត្យនេះគឺដើម្បីរកភាពមិនប្រក្រតីនានាផ្សេងទៀត ។ ក្រោយពីធ្វើការត្រួតពិនិត្យ គណៈកម្មការចម្រុះបានឯកភាពគ្នារក្សាទុកមហាកុដិនេះឱ្យនៅសភាពដើមដដែល និងបានចាក់សោយ៉ាងមាំព្រមទាំងមានការយាមកាម ការពារពីកងកម្លាំងប្រដាប់អាវុធជាច្រើននាក់ ។
លោកប្រធានមន្ទីរបញ្ជាក់ថា មិនទាន់មានការឯកភាពថា តើត្រូវបើកទ្វារមហាកុដិនេះនៅពេលណាទេ ប៉ុន្ដែរក្សាដើម្បីចាត់ការតាមនីតិវិធី។ គេមានការកត់សម្គាល់ថា នៅក្នុងបរិវេណវត្ដទួលរាជា ចាប់តាំងពីផ្ទុះរឿងអាស្រូវនេះមក គឺមានភាពស្ងាត់ជ្រងំខុសប្លែកពីមុនដែលមានមនុស្សជាច្រើននាំគ្នាទៅមើលសមិទ្ធផលនៅក្នុងទីវត្ដអារាមនេះ ។ ពេលនេះ សូម្បីតែយាយជី តាជីដែលមកតាំងសីលក៏បានចាកចេញទៅវិញអស់ និងស្ថិតនៅក្រោមការតាមដាន និងស៊ើបអង្កេតរបស់សមត្ថកិច្ចនិងអាជ្ញាធរ ៕
ចែករំលែកព័តមាននេះ