ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាត់​បន្ថយ​ក្រុមហ៊ុន​នាំ​ចូល​មាន់​រស់​ពី​ក្រៅប្រទេសមកកម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ប្រកាស​កាត់​បន្ថយ​ចំនួន​ក្រុមហ៊ុន និង​ចំនួន​កូតា​នាំ​ចូល​មាន់​រស់​ពី​បរទេស​មក​កាន់​កម្ពុជា​ពី​១៣​ក្រុមហ៊ុន​មក​នៅ​ត្រឹមតែ​ចំនួន​៧​ក្រុមហ៊ុន​វិញ ដែល​ចំនួន​នាំ​ចូល​ពី​មុន​៤៤០០០​ក្បាល​ក្នុង​មួយ​ថ្ងៃ មក​នៅ​ត្រឹមតែ​១៧០០០ ក្បាល​ក្នុង​មួយ​ថ្ងៃ​ប៉ុណ្ណោះ ។…

រាជធានី​ភ្នំពេញ ៖ ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ប្រកាស​កាត់​បន្ថយ​ចំនួន​ក្រុមហ៊ុន និង​ចំនួន​កូតា​នាំ​ចូល​មាន់​រស់​ពី​បរទេស​មក​កាន់​កម្ពុជា​ពី​១៣​ក្រុមហ៊ុន​មក​នៅ​ត្រឹមតែ​ចំនួន​៧​ក្រុមហ៊ុន​វិញ ដែល​ចំនួន​នាំ​ចូល​ពី​មុន​៤៤០០០​ក្បាល​ក្នុង​មួយ​ថ្ងៃ មក​នៅ​ត្រឹមតែ​១៧០០០ ក្បាល​ក្នុង​មួយ​ថ្ងៃ​ប៉ុណ្ណោះ ។

ការ​កាត់​បន្ថយ​ក្រុមហ៊ុន​នេះ បន្ទាប់​ពី​ឃើញ​ភាព​អសកម្ម​របស់​ក្រុមហ៊ុន​នាំ​ចូល​មាន់​រស់ នេះ បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នៅ​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០២០ ។ សេចក្តី​ប្រកាស​បាន​ឲ្យ​ដឹង​ថា នា​ពេល​ថ្មី​ៗ​នេះ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​ក៏​ដូច​ជា ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ពិនិត្យ​ឃើញ​ថា មាន​សារព័ត៌មាន​មួយ​ចំនួន​បាន​ចុះ​ព័ត៌មាន​មិន​មានការ​ពិត ហើយ​បាន​ចោទប្រកាន់​មក​លើ​អគ្គនាយកដ្ឋាន និង​ក្រសួង​យ៉ាង​ងងើល​ថែម​ទៀត ដោយ​មិន​បាន​ស្វែង​យល់​ពី​វិធានការ និង​ចំណាត់ការ​របស់​ក្រសួង កន្លង​មក​ទាក់ទង​ទៅ​នឹង​ការ​ចរាចរណ៍ និង​ចែកចាយ​សត្វ​នៅ​កម្ពុជា ។

សេចក្ដី​ប្រកាស​បញ្ជាក់​ថា ចាប់ពី​ដើមឆ្នាំ​២០១៩ អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​នៃ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​ពិនិត្យ​ឃើញ​ថា កសិករ សមាគម​ន៍ និង​ក្រុមហ៊ុន​ចិញ្ចឹមសត្វ​នៅ​កម្ពុជា​បាន​ជួប​ប្រទះ​នឹង​បញ្ហា​ធ្លាក់​ចុះ​តម្លៃ​មាន់​រស់ យ៉ាង​គំហុក ។ ពោល គឺ​ថ្លៃដើម​ផលិត​ក្នុង​មួយ​គីឡូក្រាម​ត្រូវ​ចំណាយ​អស់​៥០០០​រៀល តែ​ចំពោះ​ការ​លក់​ចេញ​មាន់រ​ស់មាន​តម្លៃ​ត្រឹមតែ​៤៨០០​រៀល ក្នុង​មួយ​គីឡូក្រាម ។ ទន្ទឹម​នឹង​មាន​គម្រោង​កម្មវិធី​ជា​ច្រើន តាម​រយៈ​ទទួល​បាន​ហិរញ្ញប្បទាន​ដៃគូ និង​ថវិកាជាតិ​ជា​បន្តបន្ទាប់​ក្នុង​ការ​បណ្តុះបណ្តាល​សហគមន៍​ចិញ្ចឹម​បក្សី​នៅ​កម្ពុជា ហើយ​សមាជិក​សហគមន៍​មាន​ក្តី​សង្ឃឹមថា ទទួល​បាន​ប្រាក់​ចំណូល​បាន​គ្រប់គ្រាន់​ក្នុង​ការ​ដោះស្រាយ​ជីវភាព​របស់​ប្រជាពលរដ្ឋ​ស្រប​តាម​កំណើនសេដ្ឋកិច្ច​កម្ពុជា​ពេល​បច្ចុប្បន្ន ។

ក្រសួង​បាន​បញ្ជាក់​ថា ៖« ដោយ​មើលឃើញ​ពី​សភាពការណ៍​ខាងលើ​នេះ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​កាត់​បន្ថយ​ចំនួន​ក្រុមហ៊ុន និង​ចំនួន​កូតា​នាំ​ចូល​មាន់​រស់​ពី​បរទេស​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា​ពី​១៣​ក្រុមហ៊ុន មក​ត្រឹម​ចំនួន​៧​ក្រុមហ៊ុន​វិញ ដែល​ចំនួន​នាំ​ចូល​ពី​មុន​៤៤០០០​ក្បាល​ក្នុង​មួយ​ថ្ងៃ មក​ត្រឹម ១៧០០០ ក្បាល​ក្នុង​មួយ​ថ្ងៃ​» ។

ក្រសួង​បន្ត​ថា លទ្ធផល​ដែល​ទទួល​បាន​ក្រោយ​ពី​ការ​កាត់​បន្ថយ​ចំនួន​ក្រុមហ៊ុន និង​ចំនួន​កូតា​នាំ​ចូល​បក្សី​ពី​បរទេស​មាន​ជា​អាទិ៍ ៖ តម្លៃ​មាន់​រស់​កើនឡើង​បាន​ល្អ​ប្រសើរ​ពី ៦៩០០ , ៧៤០០​រៀល​ក្នុង​មួយ​គីឡូក្រាម ,​អ្នក​ចិញ្ចឹម​បក្សី​ប្រជាជន​ក្រុមហ៊ុន​ចិញ្ចឹម​បក្សី និង​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា​បាន​គាំទ្រ និង​កោតសរសើរ​ចំពោះ​ចំណាត់ការ​របស់​ក្រសួង​លើ​ការ​កាត់​បន្ថយ​ចំនួន​ក្រុមហ៊ុន និង​ចំនួន​កូតា​នាំ​ចូល​មាន់​រស់​ពី​បរទេស មក​កាន់​កម្ពុជា ដើម្បី​លើកទឹកចិត្ត​ដល់​ផលិតកម្ម​ចិញ្ចឹម​បក្សី​ក្នុងស្រុក​គ្រប់​រូបភាព ក្នុង​កា​រក្សា​តុល្យភាព​តម្លៃ​មិន​ប៉ះពាល់​ដល់​អ្នក​ចិញ្ចឹម និង​ជួយ​រក្សា​កម្លាំង​ពលកម្ម និង​កាត់​បន្ថយ​ការ​ចំណាកស្រុក , បង្កើន​ទីផ្សារ​ជូន​អ្នក​ចិញ្ចឹម​បក្សី​ក្នុងស្រុក ,​គ្រប់គ្រង​បាន​ល្អ​ប្រសើរ​នូវ​ស្ថានភាព​នៃ​ការ​រាលដាល​នៃ​ជំងឺឆ្លង​បក្សី ,​ស្រប​តាម​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​២០១៩-២០២៣ បាន​កំណត់​អត្រាកំណើន​ផលិតផល​សាច់​កើន​៣%​ក្នុង​មួយ​ឆ្នាំ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ