មានរឿងឧក្រិដ្ឋថ្មីមួយទៀតប្រព្រឹត្ដ ព្រោះតែការពារកិត្ដិយសគ្រួសារ ដែលធ្វើឱ្យប្រទេសទួរគីធ្លាក់ក្នុងការក្ដុកក្ដួលយ៉ាងខ្លាំងមួយ។ ក្មេងស្រីជំទង់អាយុ១៦ឆ្នាំម្នាក់ត្រូវកប់ទាំងរស់ក្នុងសួនច្បារនៃគេហដ្ឋានរបស់នាង គឺនាងត្រូវសម្លាប់បែបនេះ ដោយ គ្រួសារនាងផ្ទាល់តែម្ដងនៅភាគខាងកើតទួរគី ។
សាកសពរបស់នាងត្រូវបានកាយរកឃើញកប់បែបអង្គុយ ដៃទាំង២ចងស្លាបសេក ក្នុងរណ្ដៅយ៉ាងជ្រៅមួយជីកនៅក្រោមទ្រុងមាន់ ជិតទីក្រុងអាឌីយ៉ាម៉ាន់ តំបន់ដែលមានពួកជនជាតិឃើតភាគច្រើន។ ការធ្វើកោសល្យវិច័យឃើញមានដីក្នុងសួតរបស់ជនរងគ្រោះ ដែលបង្ហាញថា នាងត្រូវគេកប់ទាំងរស់។ ជនដែលត្រូវចាប់ខ្លួនគឺឪពុក និងជីតារបស់យុវនារីមឺឌីន អាចមានទោសជាប់គុកអស់មួយជីវិត។
ពួកគេជាប់សង្ស័យសម្លាប់ក្មេងស្រីជំទង់នេះ ព្រោះតែនាងទាក់ទងជាមួយពួកក្មេងប្រុស ។ រឿងបែបនេះរំលឹកពីការនៅមានឧក្រិដ្ឋកម្ម ដើម្បីកិត្ដិយសក្នុងតំបន់ភ្នំនាភាគខាងកើតទួរគី ដែលមានជនជាតិឃើតភាគច្រើន ហើយក៏មាននៅទីក្រុងធំៗ ដូចជា ទីក្រុងអ៊ីស្ដង់ប៊ុល ជាដើមដែរ។ ដោយចោទថា ប្រព្រឹត្ដរំលងកិត្ដិយសកុលសម្ព័ន្ធ ឬបដិសេធពុំព្រមរៀបការតាមការទុកដាក់របស់ឪពុកម្ដាយ បណ្ដាយុវនារីតែងត្រូវសម្លាប់ ឬជំរុញឱ្យធ្វើអត្ដឃាតដោយគ្រួសារពួកគេ។
កាលពីខែធ្នូ ឆ្នាំ២០០៩ នៅទីក្រុងឌីយ៉ារបា គៀរ នារីកូនភ្លោះ២នាក់ អាយុ២៤ឆ្នាំ បានលោតសម្លាប់ខ្លួនពីយ៉ផ្ទះ។ នារីម្នាក់ក្នុងចំណោមនារីកូនភ្លោះទាំង២នាក់នោះ ត្រូវតម្រូវឱ្យរៀបការផ្ទុយពីឆន្ទៈរបស់នាងជាមួយបងប្អូនជីដូនមួយម្នាក់ដែលជាមនុស្សពូកែប្រចណ្ឌ ហើយគ្រួសារត្រូវបង្ខំចិត្ដលុបចោលពិធីរៀបការ។ គណៈកម្មការស៊ើបអង្កេតមួយរបស់សភាវាយតម្លៃកាលពីឆ្នាំ ២០០៦ ថា មានឧក្រិដ្ឋកម្មកិត្ដិយសដល់ទៅ១.០៩១ករណី ប្រព្រឹត្ដរវាងឆ្នាំ២០០១ និង ២០០៦ ក្នុងប្រទេសទួរគី ក៏ប៉ុន្ដែតួលេខពិតប្រាកដពិបាកក្នុងការវាយតម្លៃណាស់ ៕
ចែករំលែកព័តមាននេះ