៨០​អង្គ​/​នាក់​វិបស្សនា​នៅ​លើ​កំពូលភ្នំ​រាម


ខេត្ត​ព្រះ​សីហ​នុ​៖​យាយជី តាជី និង​ព្រះសង្ឃ​ចំនួន​៨០​អង្គ​/​នាក់ បាន​ចូលរួម​ធ្វើ​វិបស្សនាធុរៈ​នៅ​រមណីយដ្ឋាន​បែប​ព្រះ​ពុ​ទ្ឋ​សាសនា​លើ​កំពូលភ្នំ​រាម ស្ថិត​ក្នុងភូមិ​រាម ឃុំ​រាម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ រយៈពេល​១០​ថ្ងៃ ។

ព្រះ​គ្រូ​សមថ​កោសល្យ​សោម សម្បត្តិ ទីប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គ​មហា​សង្ឃ​រាជាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត​ទេព វង្ស សម្តេចព្រះ​មហាសង្ឃរាជ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​សង្ឃដីកា​ថា ព្រះ​តេជ​គុណ​ប្រធាន​មជ្ឈមណ្ឌល​លោក​អាចារ្យ គណៈកម្មាធិការ​មជ្ឈមណ្ឌល​វិបស្សនាធុរៈ ដោយ​មាន​ចូលរួម​ពី​លោក​ថន វី​រៈ និង​លោកស្រី​ឈុ​ន ម៉ៃ​លីង បាន​រៀបចំ​បើក​វគ្គ​ធុតង្គ ប​តិ​ប​ត្តិ​រយៈ​ពេល​១០ ថ្ងៃ​សម្រាប់​ប្រគេន​ជូន​ព្រះសង្ឃ សីលវន្ត សីលវត្តី​ពុទ្ធបរិស័ទ​គ្រប់​ទិស​ទី ប្រតិបត្តិ​ផ្នែក​សមថកម្មដ្ឋាន និង​បំពេញ​បុណ្យ​កុសល​ទៅ​តាម​ទំនៀមទម្លាប់​ប្រពៃណី​ព្រះពុទ្ធ​សាសនា ។

ដើម្បី​ឆ្លើយ​តប​នូវ​គុណូបក្ការៈ និង​កាយវិការ​ដ៏​មហា​សប្បុរស ព្រះ​អង្គ​បាន​ប្រសិទ្ធ​ជ័យ សិរី​មង្គល​វិបុល​សុខ និង​ពុទ្ធ​ពរ​ទាំង​បួន​ប្រការ​ប្រគេន​សម្តេចព្រះ​រាជាគណៈ​ឋានានុក្រម​គ្រប់​មន្ត្រី​សង្ឃ លោក លោកស្រី​សិក្ខាកាម សមាជិក​សមាជិកា​នៃ​ពិធី ។

លោក​ថន វី​រៈ និង​លោកស្រី​ឈុ​ន ម៉ៃ​លីង ជា​ម្ចាស់​រមណីយដ្ឋាន​បែប​ព្រះ​ពុ​ទ្ឋ​សាសនា​រាម បញ្ជាក់​ថា ​មជ្ឈមណ្ឌល​វិបស្សនាធុរៈ​បាន​ដើរតួ​នាទី​ដ៏​សំខាន់​មួយ​ក្នុង​ការ​ជួយ​សម្រួល​ដល់​ការ​លំបាក​របស់​លោកយាយ លោកតា ព្រះសង្ឃ ក្នុង​ការ​ស្វែងរក​ទីកន្លែង​ស្ងប់ស្ងាត់​បំពេញ​នូវ​សេចក្តី​ត្រូវការ​ផ្នែក​វិបស្សនាធុរៈ តាម​រយៈ​ការ​សិក្សា​រៀនសូត្រ​ទ្រឹស្ដី និង​អនុវត្ត​ជាក់ស្តែង​ជា​ពិសេស​ជួយ​ដល់​ការងារ​សង្គម​ជាដើម ។

ពេល​នេះ​បើក​វគ្គ​ធុតង្គ​រយៈពេល​១០​ថ្ងៃ​ដើម្បី​ប្រគេន​និង​ជូន​សិក្ខាកាម និមន្ត និង​អញ្ជើញ​ពី​ទី ផ្សេង​ៗ​​ជា​ច្រើន​អង្គ​/​នាក់ គោរព​ប្រតិបត្តិ​តាម​រយៈ សីល​សមាធិ បញ្ញា​ស្រប​តាម​សង្ឃប្រកាស​អនុ​សំវ​ច្ឆ​រ​មហាសន្និបាត​មន្ត្រី​សង្ឃ​ទូ​ទាំង​ប្រទេស​តាម​លំដាប់​ឆ្នាំ នីមួយ​ៗ និង​សង្ឃប្រកាស អនុ​សំវច្ឆរៈ​មហាសន្និបាត​មន្ត្រី​សង្ឃ​ទូ​ទាំង​ប្រទេស​លើក​ទី​២៣ ឆ្នាំ​២០១៤ ត្រង់​ចំណុច​ទី ៥ បាន​ចែង​ថា​មន្ត្រី​សង្ឃ​គ្រប់​ចំណាត់ថ្នាក់​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​លើ វិបស្សនាធុរៈ​សិក្សា​គ្រប់​កម្រិត​ចាប់តាំងពី​បឋម មធ្យម រហូត​ដល់​ឧត្តម ឱ្យ​បាន​ទូ​ទាំង​ប្រទេស ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ