ប្រទេសអ៊ុយក្រែន ប្រកាសកាលពីថ្ងៃទី២៨ កក្កដា ថា កងទ័ពរបស់ខ្លួនបានវាតទឹកដីលើពួកឧទ្ទាមស្និទ្ធរុស្សុី នៅភាគខាងកើតប្រទេស ហើយកំពុងរុលឆ្ពោះទៅកាន់តំបន់ដែលយន្ដនោះរបស់ម៉ាឡេស៊ីធ្លាក់ដែលទីនោះពួកអ្នកឯកទេសអន្ដរជាតិនៅតែពុំអាចចូលទៅដល់ដោយសារការប្រយុទ្ធគ្នា ។
យោងតាមក្រុងគៀវថា កងទ័ពវាយដណ្ដើមយកបានមូលដ្ឋាន២កាន់កាប់ដោយពួកឧទ្ទាមនៅជិតកន្លែងយន្ដហោះធ្លាក់ កាលពីថ្ងៃទី១៧ កក្កដា ។ សមាជិកម្នាក់នៃកងជីវពលស្និទ្ធរដ្ឋាភិបាលនិយាយថា ជីវពលរបស់គេបាត់បាត់មនុស្ស២៣នាក់ក្នុងការប្រយុទ្ធរយៈពេល២៤ម៉ោងចុងក្រោយនេះ ។ ក្នុងរបាយការណ៍មួយស្ដីពីរយៈពេល៣ខែនៃជម្លោះនៅភាគខាងកើតអ៊ុយក្រែនចាប់តាំងពីពាក់កណ្ដាលខែមេសាមករវាងកងទ័ពអ៊ុយក្រែន និងពួកឧទ្ទាមស្និទ្ធរុស្សុី អ.ស.ប ប្រកាសថា ការប៉ះទង្គិចគ្នា បណ្ដាលឱ្យមនុស្សស្លាប់ជាង១.១០០នាក់ហើយ ។
ក្រុងមូស្គូ និងក្រុងគៀវបន្ដចោទដាក់គ្នាទៅវិញទៅមក ចំពោះការកើនឡើងនៃអំពើហិង្សានៅភាគខាងកើតអ៊ុយក្រែន ។ ដោយបដិសេធការចោទប្រកាន់លើខ្លួនពីសំណាក់អ៊ុយក្រែន ក្រុងមូស្គូបានទម្លាក់ការទទួលខុសត្រូវលើក្រុងគៀវ ចំពោះភាពតានតឹងនៅភាគខាងកើតអ៊ុយក្រែន ដែលធ្វើឱ្យស្ទះដល់ការស៊ើបអង្កេតលើយន្ដហោះធ្លាក់ ។ លោកវីតាលី ឈួរគីន តំណាងរុស្សុីប្រចាំអ.ស.ប ថ្លែងទៅកាន់ក្រុមអ្នកកាសែតកាលពីថ្ងៃទី២៨ កក្កដា ថា សកម្មភាពយោធារបស់អ៊ុយក្រែនក្នុងតំបន់គីហួស ពីព្រំដែនដែលមនុស្សគិតស្មានមិនដល់ ។
មានការបាញ់ផ្លោងកាំភ្លើងធំធុនធ្ងន់ដាក់តំបន់ទាំងឡាយមានប្រជាជនរស់នៅកុះករ ។ ជនស៊ីវិលជាច្រើនសិបនាក់ត្រូវស្លាប់ ។ អ្វីដែលយើងកត់សម្គាល់ឃើញគឺថា កងទ័ពអ៊ុយក្រែនវាយប្រហារសំដៅប្រជាជនស៊ីវិល ។ នៅក្រុងដូណេតស្ក៍ បណ្ដាអ្នកទទួលខុសត្រូវមូលដ្ឋានរាយការណ៍ពីការបាញ់កាំភ្លើងធំដាក់អគារ ផ្ទះ និងទីតាំងអគ្គិសនី ព្រមទាំងបំពង់បង្ហូរឧស្ម័នមួយ ៕
ចែករំលែកព័តមាននេះ