ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើង​ឆេះ​ទូ​កុងតឺន័រ​ដ៏​ធំ​មួយ តាំងពី​ព្រឹក​ដល់​ថ្ងៃត្រង់ នៅ​មិន​ទាន់​រលត់ (​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ទូ​កុងតឺន័រ​ដ៏​ធំ​មួយ​នៅ​ក្នុង​ឃ្លាំង​ផលិត​ថ្ម និង​ស៊ីម៉ង់​មួយ​កន្លែង ត្រូវ​បាន​អណ្តាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២០ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ទូ​កុងតឺន័រ​ដ៏​ធំ​មួយ​នៅ​ក្នុង​ឃ្លាំង​ផលិត​ថ្ម និង​ស៊ីម៉ង់​មួយ​កន្លែង ត្រូវ​បាន​អណ្តាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២០ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ស្ថិត​ក្នុង​សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ ។

សេចក្តីរាយការណ៍​បន្ត​ថា ទូ​កុងតឺន័រ​ដែល​ឆាបឆេះ​ខាងលើ​នេះ គឺ​ស្តុក​ពេញ​ទៅ​ដោយ​ម្សៅ​ស្អុយ ដោយ​ច្រក​ទុកជា​បាវ​ៗ ហើយ​ម្សៅ​នេះ​មាន​តួនាទី​សម្រាប់​ផ្សំ​លាយ​លំ​ធ្វើ​ជា​ស៊ីម៉ង់ ។

យោង​តាម​ប្រភព​ពី​នៅ​កន្លែង​កើតហេតុ ឱ្យ​ដឹង​ថា ការ​ឆាបឆេះ​ខាងលើ​នេះ គឺ​ផ្តើម​ចេញ​ដោយ​សារ​ទុ​ស្សេ​ចរន្តអគ្គិសនី​ម៉ាស៊ីនត្រជាក់ ដែល​បំពាក់​នៅ​ពី​ខាងលើ​ទូ​កុងតឺន័រ ជា​ហេតុ​ធ្វើ​ឱ្យ​មាន​ការ​ឆាបឆេះ​យ៉ាង​ខ្លាំង​តែ​ម្តង​ទៅ ។

ប្រភព​ដដែល​បន្ត​ថា ម្សៅ​ស្អុយ​ដែល​ច្រក​ទុកជា​បាវ​ៗ​នៅ​ក្នុង​ទូ​កុងតឺន័រ​ខាងលើ​នេះ គឺ​វា​ងាយ​នឹង​ចម្លង​យក​កម្តៅ​ធ្វើ​ឱ្យ​ឆាប​ឆេះ​ណាស់ ហើយ​នៅ​ពេល​ដែល​វា​កំពុង​ឆេះ ទឹក​មិន​អាច​ពន្លត់​វា​ឱ្យ​រលត់​ឡើយ ។

សូម​បញ្ជាក់​ថា ភ្លាម​ៗ​បន្ទាប់​ពី​កើតហេតុ កម្លាំង​អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះ​អន្តរាគមន៍ ជាមួយនឹង​ក្រុម​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង ក៏​បាន​ចុះ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ដែរ ប៉ុន្តែ​ការ​ខិតខំ​បាញ់​ទឹក​ពន្លត់​ពី​សំណាក់​សមត្ថកិច្ច​អស់​ជា​ច្រើន​ម៉ោង តាំងពី​ម៉ោង​កើតហេតុ គឺ​ម៉ោង​៨​ព្រឹក​រហូត​ដល់​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃខែ​ដដែល អណ្តាតភ្លើង​នៅ​តែ​មិន​រលត់​នោះ​ទេ​។ ហើយ​សមត្ថកិច្ច​ក៏​សម្រេច​ប្រើ​គ្រឿងចក្រ​ដឹក​ខ្សាច់​យក​ទៅ​ចាក់​នៅ​កន្លែង​ដែល​ឆេះ​នោះ ដើម្បី​ពន្លត់​អណ្តាតភ្លើង​វិញ​ម្តង ខណៈ​ដែល​ទឹក គឺ​ពុំ​អាច​បាញ់​ឱ្យ​រលត់​ឡើយ ។

សូម​បញ្ជាក់​បន្ថែម​ថា ក្នុង​ហេតុការណ៍​ខាងលើ​នេះ គឺ​ពុំ​មានការ​រីក​រាលដាល​អណ្តាតភ្លើង បង្ក​ឱ្យ​មាន​ជា​មហន្តរាយ​ធំដុំ​ឡើយ ព្រោះ​នៅ​ក្នុង​ឃ្លាំង​ខាងលើ ពុំ​មាន​ស្តុក​សម្ភារៈ ឬ​ឥ​វ៉ា​ន់​អ្វី​ច្រើន​នោះ​ទេ ដូចនេះ​សមត្ថកិច្ច​ជំនាញ​ព្យាយាម​ពន្លត់ភ្លើង​ដែល​ឆាបឆេះ​ទូ​កុងតឺន័រ​ឱ្យ​រលត់​សូន្យសុង​១០០​ភាគរយ ទើប​ជា​ការ​ស្រេច និង​ធានា​បាន​មិន​បានការ​ឆាបឆេះ​បន្ត​ទៀត ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ