បុរសម្នាក់​ធ្វើដំណើរ​តាម​ផ្លូវ​សុខៗ ស្រាប់​តែ​​ដួល​សន្លប់​


រាជធានី​ភ្នំពេញ ៖ បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ខណៈ​ពេល​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ​សុខ​ៗ ស្រាប់តែ​ឈប់​រួច​ដួល​សន្លប់​តាម​ផ្លូវ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​កាលពី​វេលា​ម៉ោង​៩ និង​៤០​នាទី​យប់​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០២០ នៅ​តាម​បណ្ដោយ​ផ្លូវ​១០៥ កែង​នឹង​ផ្លូវ​២៧៨ ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌ​បឹង​កេងកង ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​សន្តិសុខ​ដែល​យាម​នៅ​ខារ៉ាអូខេ​មួយ​កន្លែង​ក្បែរ​កន្លែង​កើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​រង​គ្រោះ​ខាងលើ​បើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៦ ពាក់​ស្លាក​លេខ ភ្នំពេញ ១FY-៩៤៧៤ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​១០៥ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​បុរស​រង​គ្រោះ​បាន​ឈប់ រួច​ដាក់​ជ​ន្ទ​ល់​ម៉ូតូ ហើយ​ជន​រង​គ្រោះ​ធ្លាក់​ពីលើ​ម៉ូតូ​ដួល​សន្លប់​តែ​ម្ដង​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ពេល​ឃើញ​ដូច្នេះ ក្រុម​សន្តិសុខ​ទាំងអស់​ក៏​បាន​នាំគ្នា​ជួយ​ធ្វើ​ចលនា​ដើម្បី​សង្គ្រោះ​បឋម និង​យក​ទូរស័ព្ទ​ពី​ហោប៉ៅ​របស់​ជន​រង​គ្រោះ​ខ​ល​ទៅ​ប្រាប់​ក្រុម​គ្រួសារ និង​ហៅ​រថយន្ត​សា​មុ​យ​របស់​មន្ទីរពេទ្យ​ឱ្យមក​ដឹក​ជន​រង​គ្រោះ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ដែរ ប៉ុន្តែ​ដោយសារ​ចាំ​យូរ​ពេក ទើប​ពេល​ក្រុម​គ្រួសារ​របស់​បុរស​រង​គ្រោះ​ខាងលើ​ដែល​មក​​ដល់ ក៏​បាន​ដឹក​ជន​រង​គ្រោះ​តាម​រថយន្ដ​ផ្ទាល់ខ្លួន​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ ចំណែក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ផ្ទះ​វិញ​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ