ខេត្តព្រះសីហនុ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ខណៈកម្លាំងកំពុងដើរល្បាតក៏ប្រទះឃើញរថយន្ត១គ្រឿងយកស្បោងពណ៌ខ្មៅរុំស្លាកលេខជិតគួរឱ្យសង្ស័យនោះ កម្លាំងជំនាញក៏សហការគ្នានឹងអ្នកបើកម៉ូតូតាមឃ្លាំមើល តែជនសង្ស័យដឹងខ្លួនក៏បើកបង្វែងដានរត់គេចខ្លួនចាប់ពីផ្លូវអូរ២ ភូមិ៥ សង្កាត់លេខ៤ រហូតហួសស្ពានទឹកសាប ឃុំរាម បំរុងបត់ទៅផ្លូវលំ តែដោយបើកលឿនពេកក៏ក្រឡាប់តែម្តង ហើយត្រូវសមត្ថកិច្ចចាប់បានម្នាក់ ចំណែក២នាក់ទៀតរត់គេចខ្លួនចូលក្នុងព្រៃបាត់ បង្កឱ្យមានការកាលពីម៉ោង១២:៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែមករា ឆ្នាំ២០២០។
សេចក្តីរាយការណ៍បន្តថា ជនសង្ស័យដែលចាប់បានខាងលើឈ្មោះ WANG HONG TAO ភេទប្រុស អាយុ២៩ឆ្នាំ ជាជនជាតិចិន មុខរបរអ្នកនាំភ្ញៀវលេងល្បែង ស្នាក់នៅភូមិ១ សង្កាត់លេខ ៣ ក្រុង-ខេត្តព្រះសីហនុ ។
បើតាមព័ត៌មានពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានឲ្យដឹងថា ៖ នៅយប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ កម្លាំងល្បាតបានប្រទះឃើញរថយន្ដម៉ាក Takoma មួយគ្រឿងបានបើកចេញតាមបណ្តោយផ្លូវអូរ២ ភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ដោយរថយន្តនោះបានយកស្បោងប្លាស្ទិក ពណ៌ខ្មៅ រុំស្លាកលេខដែលគួរឱ្យសង្ស័យថា ជាក្រុមជនទុច្ចរិតដែលបំរុងចេញធ្វើសកម្មភាពប្លន់ ឬចាប់ជំរិត ជាដើម។
លោកឧត្តមសេនីយ៍ទោ បានឱ្យដឹងថា ភ្លាមៗនោះ កម្លាំងជំនាញបានបោះដៃសហការគ្នាជាមួយអ្នកបើកម៉ូតូតាមឃ្លាំមើល ប៉ុន្តែជនសង្ស័យដឹងខ្លួនទាន់ ក៏បើករថយន្តបង្វែងដាន ហើយរត់គេចខ្លួនឡើងទៅផ្លូវជាតិ៤តែម្តង។ បន្ទាប់មកកម្លាំងសមត្ថកិច្ចយើងក៏សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ធ្វើការដេញតាមរហូតហួសស្ពានទឹកសាប ឃុំរាម ប៉ុន្តែជនសង្ស័យបានបត់រថយន្តចូលផ្លូវលំមួយ ដើម្បីគេចខ្លួន តែរថយន្ដបើកលឿនពេកក៏បណ្តាលឱ្យក្រឡាប់តែម្តង ។
លោកឧត្តមសេនីយ៍ទោបន្តទៀតថា ខណៈនោះ ជនសង្ស័យបានព្យាយាមលូនចេញពីក្នុងរថយន្តដើម្បីរត់គេចខ្លួន តែត្រូវកម្លាំងសមត្ថកិច្ចយើងចាប់ឃាត់ខ្លួនបានម្នាក់ និងដកហូតបាន កាំភ្លើងខ្លី១ដើម ។ រីឯជនសង្ស័យ២នាក់ទៀត បានរត់គេចខ្លួនចូលពួនសម្ងំក្នុងព្រៃបាត់ ហើយកម្លាំងសមត្ថកិច្ចយើងកំពុងធ្វើការស្វែងរកបន្ត ។
គួរបញ្ជាក់ថា ខណៈពេលដែលរថយន្តជនសង្ស័យក្រឡាប់នោះ គឺនៅម៉ោង០:៣០នាទី ឈានចូលថ្ងៃទី១០ ខែមករា ឆ្នាំ២០២០។ ចំណែកវត្ថុតាងដែលចាប់បានមានដូចជា កាំភ្លើងខ្លី១ដើម ម៉ាក ZORAKI ពណ៌ខ្មៅ បង់១មាន៥គ្រាប់ និងរថយន្តម៉ាក TAKOMA ពណ៌ទឹកប៉ិចផ្លាកលេខភ្នំពេញ 2BD-7915។
សេចក្តីរាយការណ៍បន្តថា ពាក់ព័ន្ធនឹងករណីខាងលើនេះ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តធ្វើការនីតិវិធីច្បាប់ហើយ។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ