រាជធានីភ្នំពេញ លោកវេជ្ជបណ្ឌិត Zee Ying Kiat ជំនាញព្យាបាលជំងឺមហារីក និងខាងប្រើថ្នាំ កាលពីថ្ងៃទី១៨ កក្កដា កន្លងទៅនៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា បានផ្តល់សម្ភាសន៍ជាមួយអ្នកសារព័ត៌មាន និងបានបង្ហាញពីវិធីបង្កឲ្យមានជំងឺមហារីកពោះវៀនធំ និងវិធីព្យាបាលជំងឺមហារីកពោះវៀនធំ ។
លោកវេជ្ជបណ្ឌិត តើអ្វីទៅជាជំងីមហារីកពោះវៀនធំ ?
ជំងឺមហារីកពោះវៀនធំកើតឡើងពីជាលិការបស់ពោះវៀនធំ ឬកំណាត់ចុងពោះវៀនធំ (ចុងពោះវៀនធំភ្ជាប់នឹងរន្ធគូទ) ។ ជំងឺមហារីកពោះវៀនធំស្ទើរតែទាំងអស់ គឺជាប្រភេទ adenocarcinoma (មហារីកដែលចាប់ផ្ដើមឡើងពីកោសិកាដែលផលិត និងបញ្ចេញទឹករំអិល និងសារធាតុរាវផ្សេងៗទៀត)។
តើអ្វីដែលបង្កឱ្យមានជំងឺមហារីកពោះវៀនធំ ?
មិនមាននរណាម្នាក់ដឹងពីមូលហេតុពិតប្រាកដដែលបណ្ដាលឱ្យមានមហារីកពោះវៀនធំនោះទេ ។ ប៉ុន្តែយើងដឹងថា មនុស្សដែលមានកត្តាប្រឈមមុខមួយចំនួន មានទំនោរកើតជំងឺមហារីកពោះវៀនធំច្រើនជាងអ្នកផ្សេង ។ ការសិក្សាបានរកឃើញកត្តាប្រឈមមុខកើតជំងឺមហារីកពោះវៀនធំមានដូចខាងក្រោម ៖
– ដុំសាច់ ខ្លាញ់ ក្នុងពោះវៀនធំ ៖ ដុំខ្លាញ់(Polyps) គឺជាកំណើននៅលើជញ្ជាំងខាងក្នុងនៃពោះវៀន ឬចុងពោះវៀនធំ ហើយច្រើនកើតឡើងលើមនុស្សដែលមានវ័យ៥០ឆ្នាំឡើង ។ Polyps ស្ទើរតែទាំងអស់គឺជាដុំស្លូត(មិនមែនមហារីក) ប៉ុន្តែPolyps មួយចំនួនអាចក្លាយជាមហារីក ។
– ដំបៅពោះវៀនធំ ឬជំងឺCrohn៖ នរណាម្នាក់ដែលធ្លាប់កើតជំងឺមហារីកពោះវៀនធំ(ដូចជាដំបៅពោះវៀនធំ ឬជំងឺCrohn)រយៈពេលច្រើនឆ្នាំនោះ មនុស្សម្នាក់នោះមានការប្រឈមមុខកើតជំងឺមហារីកពោះវៀនធំខ្ពស់ ។
– ប្រវត្តិធ្លាប់កើតជំងឺមហារីក ៖ នរណាម្នាក់ដែលធ្លាប់កើតជំងឺមហារីកពោះវៀនធំអាចកើតជំងឺនេះជាលើកទី២ ។ ចំណែកស្ត្រីដែលធ្លាប់កើតជំងឺមហារីកដៃស្បូន មហារីកស្បូន ឬមហារីកសុដន់ ពួកគេក៏មានការប្រឈមមុខខ្ពស់នឹងកើតជំងឺមហារីកពោះវៀន
ធំដែរ ។
– ប្រវត្តិគ្រួសារធ្លាប់កើតជំងឺមហារីក៖ ប្រសិនបើអ្នកមានសាច់ញាតិធ្លាប់កើតជំងឺមហារីកពោះវៀនធំ នោះអ្នកមានទំនោរច្រើនក្នុងការកើតជំងឺនេះដូចគ្នាដែរ ជាពិសេសប្រសិនបើសាច់ញាតិរបស់អ្នកកើតជំងឺមហារីកតាំងពីវ័យនៅក្មេង ។
– របៀបរបបរស់នៅ ៖ អ្នកដែលជក់បារី ឬបរិភោគសាច់ពណ៌ក្រហម ឬសាច់ច្នៃច្រើន ហើយបរិភោគអាហារមានជាតិសរសៃតិចនោះ អ្នកប្រឈមមុខខ្ពស់ក្នុងការកើតជំងឺមហារីកពោះវៀនធំ ។
– អាយុលើសពី៥០ឆ្នាំ ៖ ជំងឺមហារីកពោះវៀនធំ មានទំនោរអាចកើតឡើងនៅពេលមនុស្សមានវ័យកាន់តែចាស់ឡើង ។ មនុស្សច្រើនជាង៩០% ដែលកើតជំងឺនេះ ត្រូវបានវិភាគរកឃើញបន្ទាប់ពីពួកគេមានអាយុ៥០ឆ្នាំ ឬលើសពីនេះ ។
លោកវេជ្ជបណ្ឌិត អ្វីទៅជារោគសញ្ញាដែលអាចចាត់ទុកមនុស្សកើតជំងឺពោះវៀនធំ ?
រោគសញ្ញាជំងឺមហារីកពោះវៀនធំមានដូចជា ប្រែប្រួលទម្លាប់ពោះវៀន (រាកឬទល់លាមក) មានអារម្មណ៍ថា បន្ទោបង់មិនអស់, មានឈាមផ្ទុកក្នុងលាមក (ពណ៌ក្រហមភ្លឺ និងក្រហមចាស់) ,លាមកមានទំហំតូចជាងធម្មតា, ឧស្សាហ៍មានហ្គាស ឬឈឺពោះ ឬមានអារម្មណ៍ថា ណែនឬហើមពោះ ស្រកទម្ងន់ដោយគ្មានមូលហេតុ, មានអារម្មណ៍ថា អស់កម្លាំងជាប្រចាំ, មានអារម្មណ៍ថា ចង់ក្អួត ឬក្អួតជាញឹកញាប់ តែរោគសញ្ញាទាំងនេះមិនមែនកើតដោយសារតែមហារីកនោះទេ ។ បញ្ហាសុខភាពផ្សេងទៀត ក៏អាចបណ្ដាលឱ្យមានបញ្ចេញរោគសញ្ញាទាំងនេះដែរ។
បន្ថែមពីលើនេះទៅទៀត វាមានសារសំខាន់ណាស់ដែលអ្នកគួរតែសម្គាល់ដឹងថា ជំងឺមហារីកដែលទើបនឹងកើតដំបូង ជាទូទៅវាមិនបណ្ដាលឱ្យមានអាការៈឈឺចាប់ទេ ។ ហេតុនេះ អ្នកដែលមានរោគសញ្ញាទាំងនេះគួរតែទៅជួបវេជ្ជបណ្ឌិត ដើម្បីពិនិត្យនិងព្យាបាលអោយបានឆាប់ជាតាមដែលអាចទៅរួច ។
លោកវេជ្ជបណ្ឌិត ប្រសិនអ្នកជំងឺដឹងថា ខ្លួនកើតជំងឺពោះវៀនធំ តើពួកគាត់ត្រូវធ្វើដូចម្តេច?
អ្នកជំងឺ ឬមនុស្សធម្មតាត្រូវពិនិត្យសុខភាព ដោយឱ្យវេជ្ជបណ្ឌិតរកឃើញ Polyps ឬមហារីក មុនពេលដែលអ្នកមានបញ្ចេញរោគសញ្ញា ។ ការអ្នកឃើញជំងឺមហារីកពោះវៀនធំកាន់តែឆាប់ បង្កើនប្រសិទ្ធភាពនៃការព្យាបាល ។
តេស្តពិនិត្យអាចប្រើដើម្បីរកPolyps មហារីកឬភាពខុសប្រក្រតីផ្សេងៗ៖
– តេស្តពិនិត្យឈាមក្នុងលាមក (FOBT) ៖ ពេលខ្លះមហារីក ឬPolyps មានហូរឈាមហើយតេស្តFOBTអាចរកឃើញបរិមាណឈាម ដែលមានដ៏តិចតួចនៅក្នុងលាមកបាន ។ ប្រសិនបើធ្វើតេស្តនេះ ហើយរកឃើញថា មានឈាម នោះតេស្តផ្សេងៗទៀតត្រូវការធ្វើ ដើម្បីរកប្រភពរបស់ឈាម ។
ស្ថានភាពដែលមិនមែនជាមហារីក (ដូចជាឬសដូងបាត) ក៏អាចបណ្ដាលឱ្យមានឈាមនៅក្នុងលាមកដែរ ។
– ការពិនិត្យពោះវៀនធំ Sigmoidoscop៖ វេជ្ជបណ្ឌិតពិនិត្យមើលចុងនិងពិនិត្យខាងក្រោមនៃពោះវៀនធំដោយទុយោមានពន្លឺ (Sigmoi doscope) ។ កំណើនដែលជាមហារីក ដំបូងនិងមហារីក អាចត្រូវបានរកឃើញ និងកាត់ចេញឬយកទៅពិនិត្យរកមហារីក ។
– ការឆ្លុះពោះវៀន (Colonoscopy) ៖ វេជ្ជបណ្ឌិតពិនិត្យចុងពោះវៀនធំ និងពោះវៀនធំទាំងមូលដោយប្រើទុយោវែង និងមានពន្លឺ ។ កំណើនដែលជាមហារីកទើបចាប់ផ្ដើម និងមហារីកនៅក្នុងពោះវៀនធំទាំងមូលអាចត្រូវបានរកឃើញ និងកាត់ចេញឬវិភាគរកមហារីក រួមទាំងកំណើនដែលនៅផ្នែកខាងលើនៃពោះវៀនធំដែលការពិនិត្យដោយ Sigmoidoscopy អាចនឹងរកមិនឃើញ ។
– Double-Contrast barium enema ៖ វិធីពិនិត្យនេះគឺចាក់បញ្ចូលសារធាតុរាវពណ៌សទៅក្នុងពោះវៀនធំ និងចុងពោះវៀនធំដើម្បីថត X-rayបានច្បាស់ជាងមុន។ អ្វីដែលខុសប្រក្រតី(ដូចជាមានPolyps) នោះវាពិនិត្យឃើញច្បាស់ ។
– Virtual Colonoscopy ៖ តេស្តនេះគឺប្រើឧបករណ៍X-ray ជាពិសេសដើម្បីបង្កើតរូបភាពរបស់ពោះវៀនធំ និងចុងពោះវៀនធំ ។ កុំព្យូទ័របំលែងរូបភាពទាំងនេះទៅជារូបភាពលម្អិតដែលអាចបង្ហាញអោយឃើញ Polyps និងអ្វីដែលខុសប្រក្រតី។
លោកវេជ្ជបណ្ឌិតSee Ying Kiat បានឲ្យដឹងទៀតថា ប្រសិនបើអ្នកមានរោគសញ្ញាឬលទ្ធផលពិនិត្យបង្ហាញថាជាមហារីកពោះរៀនធំ នោះវេជ្ជបណ្ឌិតត្រូវរកឱ្យឃើញថា វាបណ្ដាលមកពីមហារីក ឬស្ថានភាពខុសផ្សេងៗទៀត ។ វេជ្ជបណ្ឌិតនឹងសួរពីប្រវត្តិជំងឺនិងគ្រួសារ ហើយធ្វើការវិភាគរាងកាយអ្នក ។ ប្រសិនបើរកឃើញអ្វីដែលខុសប្រក្រតី(ដូចជា Polyps)នោះអ្នកប្រហែលជាត្រូវការវិភាគរកមហារីក ។ ជាញឹកញាប់ ជាលិកាខុសប្រក្រតីអាចត្រូវបានកាត់ចេញក្នុងកំឡុងពេលឆ្លុះពោះវៀន ។
ការពិសោធន៍ត្រូវបានធ្វើឡើង ដើម្បីវិភាគថាជាលិកានោះជាកោសិកាមហារីកដោយប្រើMicroscope ។ លោកវេជ្ជបណ្ឌិត តើពិនិត្យដឹងថាជាជំងឺមហារីកពោះវៀនធំយ៉ាងដូចម្ដេច ? ប្រសិនបើការវិភាគបង្ហាញថាមហារីកនោះវេជ្ជបណ្ឌិតត្រូវការដឹងថាតើជំងឺនេះ មាននៅកន្លែងណាខ្លះដើម្បីរៀបចំផែនការព្យាបាលឱ្យបានល្អបំផុត ។ ដំណាក់កាលរបស់មហារីក គឺអាស្រ័យលើថា តើដុំមហារីកមានរាលចូលទៅជាលិកានៅជិតនោះ ហើយបើរាលដាលមែនតើរាលទៅផ្នែកណាខ្លះ ។
នៅពេលដែលវេជ្ជបណ្ឌិតពន្យល់ពីមហារីកពោះវៀនមានដំណាក់កាលដូចជា៖
– ដំណាក់កាល ០ ៖ មហារីករកឃើញមានតែនៅផ្នែកខាងក្នុងនៃពោះវៀនធំឬចុងពោះវៀនធំ ។ ពេលមហារីកនៅពោះវៀនធំស្ថិតនៅដំណាក់កាល០ គេហៅឈ្មោះម្យ៉ាងថា Carcinomainsitu ។
– ដំណាក់កាល១ ៖ ដុំមហារីកចូលទៅក្នុងស្រទាប់ជញ្ជាំងពោះរៀនធំ ឬចុងពោះវៀនធំហៅថា ដុំមហារីកកាត់ជញ្ជាំងពោះវៀន ។
– ដំណាក់កាល២ ៖ ដុំមហារីកដុះចូលជ្រៅទៅក្នុង ឬកាត់ជញ្ជាំងពោះវៀនធំ ឬចុងពោះវៀនធំ វាអាចរាលដាលទៅជាកោសិកានៅជុំវិញ ប៉ុន្តែកោសិកាមហារីកមិនបានរាលដាលទៅក្រពេញទឹករងៃនោះទេ ។
– ដំណាក់កាលទី៣ ៖ មហារីកបានរាលដាលទៅក្រពេញទឹករងៃដែលនៅជិតវា ប៉ុន្តែមិនបានរាលដាលទៅផ្នែកផ្សេងទៀតនៃរាងកាយនោះទេ ។
– ដំណាក់កាលទី៤ ៖ មហារីកបានរាលដាលទៅផ្នែកផ្សេងទៀតនៃរាងកាយដូចជា ថ្លើម ឬសួត ។ ទោះជាយ៉ាងណាក្តី ជំងឺមហារីកពោះវៀនធំក៏អាចកើតឡើងនៅក្នុងពោះវៀនធំ ចុងពោះវៀនធំ ឬនៅផ្នែកផ្សេងៗទៀតនៃរាងកាយទោះបីអ្នកជំងឺធ្លាប់ព្យាបាលក្តី។
លោកវេជ្ជបណ្ឌិត ជំងឺមហារីកពោះវៀនធំព្យាបាលយ៉ាងដូចម្តេច ?
ជំងឺមហារីកពោះវៀនធំត្រូវការព្យាបាល ៖
– វះកាត់ ៖ ការវះកាត់់ធ្វើឡើងដោយយកជាលិកាដែលមានដុំមហារីក ជាលិកា ឬក្រពេញទឹករងៃនៅជុំវិញដុំនោះចេញ ។ ការវះកាត់អាចធ្វើឡើងដោយការវះចោះឬវះបើក។
– ប្រើថ្នាំគីមី ៖ វិធីនេះគឺប្រើឱសថប្រឆាំងមហារីកដើម្បីសម្លាប់ ឬធ្វើឲ្យកោសិកាមហារីករួមតូច ។ ឱសថចូលទៅក្នុងលំហូរឈាមហើយអាចមានឥទ្ធិពលទៅលើកោសិកាមហារីកពេញរាងកាយ ។
– ព្យាបាលតាមគោលដៅ ៖ មនុស្សមួយចំនួនដែលមានកើតមហារីកពោះវៀនធំរាលដាល អាចទទួលយកការព្យាបាលតាមគោលដៅបាន ។ វិធីព្យាបាលតាមគោលដៅគឺប្រើឱសថ ឬសារធាតុផ្សេងៗទៀតដើម្បីទប់ស្កាត់ កំណើន និងការរាលដាលរបស់មហារីកដោយជ្រៀតចូលទៅម៉ូលេគុលដែលជួយមហារីកឱ្យមានកំណើន និងរាលដាល ។
ព្យាបាលដោយប្រើកាំរស្មី ៖ ការព្យាបាលដោយប្រើកាំរស្មី គឺប្រើថាមពលខ្លាំង ដើម្បីសម្លាប់កោសិកាមហារីក ។វាមានឥទិ្ធពលតែទៅលើកោសិកាមហារីកកន្លែងព្យាបាលតែប៉ុណ្ណោះ។
លោក វេជ្ជបណ្ឌិត See Ying Kiat បានឲ្យដឹងថា តាមស្ថិតិនៅលើពិភពលោកមានអ្នកស្លាប់ដោយសារអ្នកកើតជំងឺមហារីកពោះវៀនធំក្នុងមួយឆ្នាំចំនួន៦៨.០០០នាក់ ហើយជំងឺបានជាប់ចំណាត់ថ្នាក់លេខ៣ ។ ចំណែកនៅប្រទេសកម្ពុជាវិញ ក្នុងចំណោមមនុស្សដែលកើតជំងឺមហារីកនោះ មានអ្នកកើតជំងឺមហារីកច្រើនជាងគេជាប់ចំណាត់ថ្នាក់លេខ៥ ។
ប្រសិនបើអ្នកដែលផ្ទុកជំងឺទុកដោយមិនព្យាបាល អ្នកជំងឺអាចប្រឈមនឹងការបាត់បង់ជីវិតក្នុងរយៈពេល៦ខែ(ជំងឺធ្ងន់) ប៉ុន្តែបើព្យាបាលអ្នកជំងឺរស់បានក្នុងរយៈពេលពីរឆ្នាំ ឬលើសពីនេះ ៕
ចែករំលែកព័តមាននេះ