សហរដ្ឋអាមេរិកអះអាងកាលពីថ្ងៃទី២៤ កក្កដាថា ខ្លួនមានភស្តុតាងនានា ដែលបង្ហាញថា កងទ័ពរុស្ស៊ី បានបាញ់កាំភ្លើងធំពីដែនដីរុស្ស៊ីមកលើទីតាំងនានារបស់កងទ័ពអ៊ុយក្រែន ។អ្នកនាំពាក្យរងក្រសួងការបរទេសអាមេរិក លោកស្រី Marie Hari ដែលដកស្រង់ប្រភពព័ត៌មានសុើបការណ៍អាមេរិកនិយាយថា ម៉្យាងទៀតក្រុងមូស្គូមានចេតនាបញ្ជូនអាវុធសម្រាប់បាញ់រ៉ុក្កែតធុនធ្ងន់ និងមានអានុភាពខ្លាំងក្លាឱ្យពួកឧទ្ទាមអ៊ុយក្រែន នៅភាគខាងកើតប្រទេស ។
ព័ត៌មានទាំងឡាយរបស់អាមេរិកលាតត្រដាងថា ចាប់តាំងពីយន្តហោះម៉ាឡេស៊ី១គ្រឿងត្រូវបាញ់ធ្លាក់កាលពីថ្ងៃទី១៧ កក្កដា មក អាវុធទាំងឡាយបន្តបញ្ជូនជាហូរហែឆ្លងកាត់ព្រំដែនចូលមកអ៊ុយក្រែន ។ អ្នកទទួលខុសត្រូវមន្ទីរប៉ង់តាហ្គោន២នាក់ ដែលមិនបញ្ចេញឈ្មោះនិយាយថា ពួករុស្ស៊ីបានពង្រឹងវត្តមានយោធានៅតាមព្រំដែនជាមួយអ៊ុយក្រែន ដោយបង្កើនចំនួនទាហានពី១២.០០០នាក់ កាលពីសប្តាហ៍មុន ដល់១៥.០០០នាក់ នាពេលនេះ ។
នោះជាការបង្កើនចំនួនកងទ័ពជាប់ជាប្រចាំ ។ អ្នកទទួលខុសត្រូវទាំង២រូបនៃមន្ទីរប៉ង់តាហ្គោន បន្តថា ការផ្តល់អាវុធឱ្យពួកឧទ្ទាម ក៏បានបន្តចាប់តាំងពីការធ្លាក់យន្តហោះជើងហោះហើរ MH-17 មក ។ បណ្តាឧបករណ៍យោធាបន្តផ្តល់ឱ្យពួកឧទ្ទាមចេញពីមូលដ្ឋានយោធាធំមួយនៅជិតទីក្រុងរ៉ូស្តូវ ។ នៅលើទីលានប្រយុទ្ធឯណោះវិញ ការប្រយុទ្ធគ្នារវាងពួកបំបែកខ្លួននិយម និងកងទ័ពរដ្ឋាភិបាលអ៊ុយក្រែន ប្រមូលផ្តុំកាលពីថ្ងៃទី២៤ កក្កដា ដណ្តើមការត្រួតត្រាតំបន់ព្រំដែនរុស្ស៊ី-អ៊ុយក្រែន ដែលតំបន់ព្រំដែននោះ ពួកឧទ្ទាមកាន់កាប់មួយផ្នែកដែលក្រុងគៀវថា ពួកឧទ្ទាមអាចទទួលកម្លាំងបន្ថែមពីរុស្ស៊ី ។
មុនការសុំលាលែងកាលពីរសៀលថ្ងៃទី២៤ កក្កដា នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក អាសឺនី អុីយ៉ាតសឺនីអ៊ុុក បានធ្វើការចោទប្រកាន់ដោយប្រយោលចំពោះរុស្សុីថាបានបាញ់មីសុីលអាកាស-អាកាស ទម្លាក់យន្តហោះប្រដេញអ៊ុយក្រែនធុន Sukhoi ១គ្រឿងក្នុងចំណោមយន្តហោះប្រដេញធុននោះ២គ្រឿង ដែលបាញ់ធ្លាក់នៅភាគខាងកើតអ៊ុយក្រែន កាលពីថ្ងៃទី២៣ កក្កដា ៕
ចែករំលែកព័តមាននេះ