រាជធានីភ្នំពេញ ៖ បច្ចុប្បន្នទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា-កូរ៉េមានភាពកាន់តែល្អប្រសើរ ដោយយើងឃើញថា មានក្រុមហ៊ុនកូរ៉េសរុបចំនួន៨៥៦ក្រុមហ៊ុនកំពុងដំណើរការអាជីវកម្មរបស់ពួកគេនៅក្នុងប្រទេសកម្ពុជា ហើយក្នុងនោះមានជាង១០០ក្រុមហ៊ុនជាប្រភេទក្រុមហ៊ុនពាណិជ្ជកម្ម និងមួយចំនួនទៀតជាក្រុមហ៊ុនវិនិយោគ ដែលមានទំហំទឹកប្រាក់វិនិយោគសរុបប្រមាណជិត៤កោដិដុល្លារអាមេរិក ។
នេះជាប្រសាសន៍របស់លោក ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា ដែលបានថ្លែង នៅក្នុងសិក្ខាសាលាមួយស្តីពីការប្រើប្រាស់ដោយប្រសិទ្ធភាពនៃបច្ចេកវិទ្យាវេចខ្ចប់ កែលម្អសម្រាប់ឧស្សាហកម្មម្ហូបអាហារ ដែលបានប្រារព្ធធ្វើឡើងនៅសណ្ឋាគារអាំងទែរកុងទីណង់តាល់ កាលពីថ្ងៃទី២៤ កក្កដា ។
ដោយឡែក តួលេខពាណិជ្ជកម្មនៅឆ្នាំ២០១៣កន្លងមក កម្ពុជាបានធ្វើការនាំចេញមុខទំនិញទៅកាន់ប្រទេសកូរ៉េក្នុងទំហំទឹកប្រាក់ប្រមាណជាង១៣៦លានដុល្លារអាមេរិក ហើយមុខទំនិញរបស់កូរ៉េនាំចូលកម្ពុជាមានទំហំទឹកប្រាក់ប្រមាណជាង៦១៤លានដុល្លារអាមេរិក ។
លោកបន្តថា សិក្ខាសាលានេះពិតជាមានសារសំខាន់ក្នុងការរួមចំណែកដ៏ធំធេងដល់ការអភិវឌ្ឍពាណិជ្ជកម្ម និងអភិវឌ្ឍន៏ផលិតផលកម្ពុជា ជាពិសេសគឺការកែលម្អនូវការរចនាម៉ូដដល់ផលិតផលម្ហូបអាហារកម្ពុជា ដែលអាចនាំចូលទៅកាន់ទីផ្សារកូរ៉េ ហើយក៏ជាការជួយឲ្យផលិតករនិងអ្នកនាំចេញកម្ពុជាទាំងអស់ ដែលមានវត្តមានក្នុងសិក្ខាសាលានេះអាចយល់ដឹងបន្ថែមអំពីការវិវត្តថ្មីៗនៃការរចនាម៉ូដ និងការវេចខ្ចប់ផលិតផលម្ហូបអាហារតាមកម្រិតស្តង់ដាទីផ្សារកូរ៉េ នាពេលបច្ចុប្បន្នផងដែរ ។
ក្រសួងពាណិជ្ជកម្មមើលឃើញថា នេះជាឱកាសល្អមួយសម្រាប់ផលិតផលកម្ពុជាឈានទៅកាន់ទីផ្សារកូរ៉េ ត្រូវបានពង្រីកដោយភាពទូលំទូលាយ និងបរិយាកាសធុរកិច្ចនិងវិនិយោគទៅកម្ពុជាកាន់តែមានសក្តានុពល បន្ទាប់ពីកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េ សម្រាប់ទំនិញ បានចូលជាធរមានកាលពីខែវិច្ឆិកា ឆ្នាំ២០០៨ និងកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីលើសេវាកម្ម និងវិនិយោគមានសុពលភាព ចាប់ពីខែវិច្ឆិកា ឆ្នាំ២០០៩ និងខែតុលា ឆ្នាំ២០១០ ជាបន្តបន្ទាប់ ។
លោកបន្តថា ក្រៅពីកិច្ចព្រមព្រៀងក្រោមក្របខ័ណ្ឌអាស៊ាន កូរ៉េ-កម្ពុជា ក៏មានកិច្ចព្រមព្រៀងពាណិជ្ជកម្មដោយឡែកជាលក្ខណៈទ្វេភាគីកម្ពុជា-កូរ៉េផងដែរ ។ នៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មទាំងនោះ បានធ្វើឲ្យកម្ពុជាទទួលបាននូវភាពអនុគ្រោះពាណិជ្ជកម្មសម្រាប់ផលិតផលរបស់ខ្លួនទៅទីផ្សារកូរ៉េប្រមាណ៨៥% ក្នុងកម្រិតពន្ធនាំចូលទាបឬស្មើសូន្យ ។
គួរបញ្ជាក់ថា នៅក្នុងសិក្ខាសាលានេះ បានផ្តោតសំខាន់ទៅលើប្រធានបទចំនួន៤គឺ៖
១-ការណែនាំអំពីភាពពេញនិយមនៃបច្ចេកវិទ្យាក្នុងការវេចខ្ចប់ផលិតផល ។
២-នីតិវិធីដែលក្រុមហ៊ុនកូរ៉េបានអនុវត្តបច្ចេកវិទ្យាការវេចខ្ចប់ប្រកបដោយប្រសិទ្ធភាព ។
៣-សេចក្តីណែនាំការអនុវត្តយុទ្ធសាស្ត្រសម្រាប់អភិវឌ្ឍការវេចខ្ចប់ផលិតផល ។
៤-បង្ហាញពីការវាស់ស្ទង់ការអភិវឌ្ឍម៉ាកសញ្ញាផលិតផល ៕
ចែករំលែកព័តមាននេះ