រាជធានីភ្នំពេញ ៖ យានដា្ឋនជួសជុលរថយន្តចៅចាក់ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធៅសន្ធៅបណ្តាលឱ្យក្បាលរថយន្តចំនួន២គ្រឿងព្រមទាំងរបស់របរចាស់ៗដែលគរទុកចោលរងការខូចខាត ។ ហេតុការណ៍អគ្គិភ័យនេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ១០ព្រឹក ថ្ងៃទី០៨ ខែមករា ឆ្នាំ ២០១៩ នៅចំណុចក្នុងយានដ្ឋានចៅចាក់ដែលស្ថិតនៅតាមបណ្តោយផ្លូវសម្តេច ជា ស៊ីម ក្រុមទី៣ ភូមិក្រុងថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

តាមព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញភ្លើងបានឆាបឆេះក្បាលរថយន្ត និងរបស់របរចាស់ដែលទុកនៅកៀនរបងផ្នែកខាងកើតយានដ្ឋានយ៉ាងសន្ធោសន្ធៅបង្កឱ្យមានការភ្ញាក់ផ្អើល ។ ភ្លាមៗក្រុមជាង និងប្រជាពលរដ្ឋនៅក្បែរខាងនាំគ្នាទាញទុយោទឹក និងបំពង់ពន្លត់អគ្គិភ័យជួយបាញ់ពន្លត់តែពុំអាចទប់ស្កាត់បាន ។

តាមនគរបាលមូលដ្ឋានបានឱ្យដឹងថា ក្នុងហេតុការណ៍នេះរថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿងបានទៅអន្តរាគមន៍បាញ់ពន្លត់អស់ទឹកចំនួន០១គ្រឿងហើយភ្លើងបានរលត់ទៅវិញនៅវេលាម៉ោង១០និង៤០នាទីពុំបណ្តាលឱ្យឆេះរាលដាល់ទៀតឡើយ ។

តាមនគរបាលបានឱ្យដឹងថា អគ្គិភ័យបណ្តាលឱ្យក្បាលរថយន្តចាស់ៗទុកចោលចំនួន២គ្រឿងត្រូវភ្លើងឆេះក្លាយជាដែកអេតចាយ និងរបស់របរមួយចំនួនទៀត ។ ទាក់ទិនការកើតមានអគ្គិភ័យនេះត្រូវនគរបាលមូលដ្ឋានបានឱ្យដឹងថា បណ្តាលមកពីដុតសំរាមហើយភ្លើងបានឆេះរាលដាល់ទៅក្បាលរថយន្តក្លាយជាអគ្គិភ័យតែម្តង ៕









កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ