ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នេរ​ខ្សាច់​កោះ​ប៉ែន​ក្លាយជា​គោលដៅ​ទេសចរណ៍​សម្រាប់​ភ្ញៀវ​មក​កម្សាន្ត​

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ឆ្នេរ​ខ្សាច់​កោះ​ប៉ែន​បាន​ក្លាយទៅជា​គោលដៅ​ទេសចរណ៍​សម្រាប់​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​មក​កម្សាន្ត​លេង​រៀងរាល់ថ្ងៃ ស្ថិត​នៅ​ក្នុង​ឃុំ​កោះមិត្ត ស្រុក​កំពង់សៀម ​។ ​សម្រាប់​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល និង​ថ្ងៃ​អបអរ​ទិវា​ជ័យជម្នះ ៧ មក​រា…

ខេត្តកំពង់ចាម ៖ ឆ្នេរ​ខ្សាច់​កោះ​ប៉ែន​បាន​ក្លាយទៅជា​គោលដៅ​ទេសចរណ៍​សម្រាប់​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​មក​កម្សាន្ត​លេង​រៀងរាល់ថ្ងៃ ស្ថិត​នៅ​ក្នុង​ឃុំ​កោះមិត្ត ស្រុក​កំពង់សៀម ​។ ​សម្រាប់​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល និង​ថ្ងៃ​អបអរ​ទិវា​ជ័យជម្នះ ៧ មក​រា គេ​សង្កេត​ឃើញ​មាន​ភ្ញៀវ​ទេសចរ​មក​ពី​គ្រប់​ទិស​ទី​បាន​មក​លេង​កម្សាន្ត​ច្រើន ជាមួយ​នោះ​សម្រាប់​មុខម្ហូប​ដែល​លក់​ក្នុង​តម្លៃ​សមរម្យ​ផង​ដែរ​។

លោក​អ៊ុ​ក សា​រឿ​ន អាយុ​៣២​ឆ្នាំ នៅ​ក្រុង​ស្វាយ​រៀង ខេត្តស្វាយរៀង ប្រាប់​ឲ្យ​ដឹង​ថា ក្មួយ​របស់​គាត់​បាន​នាំ​គ្នា​មក​លេង​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន​នៅ​ខេត្តកំពង់ចាម​កាលពី​ពេល​កន្លង​មក​រួច​លុះ​ត្រឡប់​ទៅ​ផ្ទះ​វិញ ក៏​បាន​ដំណាល​ប្រាប់​ពី​ទេស​ភាព​ដ៏​ស្រស់​ស្អាត និង​មាន​ខ្យល់អាកាស​ល្អ ដោយ​មាន​ប្រដឹស​ឫស្សី​សម្រាប់​ដើរ​ឆ្លង​ពី​ក្រុង​កំពង់ចាម​ឆ្ពោះទៅ​រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន​។

លោក​អុក សា​រឿ​ន បាន​ប្រាប់​បន្ត​ថា ដោយ​ទំនេរ​ពី​ការងារ​នៅ​ថ្ងៃជ័យ​ជម្នះ ៧ មក​រា គាត់​បាន​នាំ​កូន និង​សមាជិក​ក្រុម​គ្រួសារ​ជា​ច្រើន​នាក់​ធ្វើ​ដំណើរ​តាម​រថយន្ត​ចេញពីផ្ទះ​នោះ​មក​ដល់​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន​នា​វេលា​ម៉ោង​ប្រមាណ​១១​ព្រឹក ។ ក្នុង​នោះ​មាន​អ្នកខ្លះ​បាន​នាំ​គ្នា​ចុះ​ងូតទឹក​ទន្លេ​លេង​ដែល​មាន​គេ​យាម​ត្រឹមត្រូវ ដោយ​តម្រូវ​ឲ្យ​ងូតទឹក​នៅ​កន្លែង​ដែល​មាន​បាំង​សំណាញ់ ។ នា​ថ្ងៃ​បន្តិច​ពួក​គាត់​ហាក់បីដូចជា​ហេវ​ហត់​ដោយ​អស់កម្លាំង​មក​ពី​ឆ្ងាយ​ផង ជាមួយ​នោះ​បានក​ម្មង់​ម្ហូប​ស្ងោ​មាន់ និង​គ្រឿងក្លែម​មួយ​ចំនួន​ពេល​ដែល​នាំ​គ្នា​ទទួលទាន​ពិតជា​មាន​រសជាតិ​ឆ្ងាញ់​មែន ហើយ​តម្លៃ​ក៏​សម រម្យ​អាច​ទទួលយក​បាន ។ នៅ​ពេល​ខាង​មុខ​ប្រសិនបើ​មាន​ពេលទំនេរ​ពី​ការងារ គាត់​នឹង​នាំ​សមាជិក​ក្រុម​គ្រួសារ​ជា​ច្រើន​នាក់​មក​លេង​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន​ជា​បន្ត​ទៀត ហើយ​ពេល​ដែល​ឈាន​ជើង​ចូល​មក​ដល់​ក្រុង​កំពង់ចាម​នៅ​ជួរ​តាម​ដង​ទន្លេ​មានការ​អភិវឌ្ឍ​ធ្វើ​សួនច្បារ​បាន​ស្រស់​ស្អាត​គួរ​អោយ​គយគន់​។

ម្ចាស់​ភោជនីយដ្ឋាន​ដា​លី​ន ប្រាប់​ឲ្យ​ដឹង​ថា​ចាប់តាំងពី​ពេល​ដែល​លោក​បាន​បើក​លក់​ម្ហូបអាហារ និង​គ្រឿងក្លែម​នៅ​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន​រហូត​ដល់​ពេល​នេះ​មាន​រយៈពេល​៥​ឆ្នាំ​មក​ហើយ ក្នុង​ពេល​ដែល​ចាប់ផ្ដើម​លក់​នា​ឆ្នាំ​ដំបូង​នៅ​តំបន់​នេះ​មិន​ទាន់​មានការ​អភិវឌ្ឍ​អ្វី​ឲ្យ​ស្រស់​ស្អាត​នោះ​ទេ​។

ម្ចាស់​ភោជនីយដ្ឋាន​ដា​លី​ន ប្រាប់​បន្ត​ថា ទើបតែ​ក្នុង​រយៈពេល​២​ទៅ​៣​ឆ្នាំ​ចុង​ក្រោយ​នេះ គឺ​មានការ​រៀបចំ​កែ​ច្នៃ​បាន​ល្អជា​បណ្ដើរ​ៗ​ក្នុង​នោះ​មាន ការ​ដាក់​ឆត្រ និង​គ្រែ​ប្រក់​ដំបូល​ស្បូវ ឲ្យ​ត្រជាក់​ងាយស្រួល​ភ្ញៀវ​ជាតិ​ឬ​អន្តរជាតិ​មក​អង្គុយ​លេង​ស្រស់ស្រូប​អាហារ ។ គ្រាន់តែ​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​កន្លង​ទៅ​នៅ​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន​ចាប់តាំងពី​ម៉ោង​៩​ព្រឹក មាន​ភ្ញៀវ​បាន​ធ្វើ​ដំណើរ​ដោយ​ដើរ​ឆ្លងកាត់​ប្រដឹស​ឫស្សី ឬ​ក៏​ជិះ​រថយន្ត​បើក​ឆ្លងស្ពាន​បេតុង​កោះ​ប៉ែន​ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន រ៉ា​នី ហ៊ុន សែន ដោយ​បើក​វាង​ចូល​មក​ក្បាលកោះ​ប៉ែន និង​បាន​ចុះ​ចត​មាន​កន្លែង​ទុកដាក់​រថយន្ត​ត្រឹមត្រូវ​។

ម្ចាស់​ភោជនីយដ្ឋាន​ដា​លី​ន ប្រាប់​បន្ត​ទៀត​ថា រហូត​មក​ដល់​ពេល​យប់​មនុស្ស​កាន់តែ​មក​ច្រើន​ឡើង​ៗ ណែនណាន់តាន់តាប់ លុះដល់​ពាក់កណ្ដាល​អធ្រាត្រ​មាន​បាញ់​កាំជ្រួច​ទៅ​លើ​អាកាស​លាយឡំ​ដោយ​ភ្លើងពណ៌​ចម្រុះ​ស្អាត គួរ​អោយ​គយគន់ ហើយ​ការ​លក់ដូរ​ម្ហូបអាហារ​នៅ​ហាង​របស់​លោក​គឺ​លក់ដាច់​ស្ទើរតែ​រក​អ្វី​ឲ្យ​ភ្ញៀវ​ទទួលទាន​ស្ទើរ​មិន​បាន​ផង ។ ចំពោះ​តម្លៃ​មុខម្ហូប​នីមួយ​ៗ​មិន​អាច​កាប់ឆៅ​បាន​នោះ​ទេ គឺ​មានការ​កំណត់​ច្បាស់​ពី​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត ដែល​គេ​បាន​កំណត់​ក្នុង​តារាង​ឱ្យ​លក់ ។ នៅ​តំបន់​នេះ​ក្រោយ​ពី​មានការ​កែ​ច្នៃ​ឱ្យ​មាន​ភាព​ស្រស់​ស្អាត​គឺ​បាន​ទាក់ទង​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​មក​លេង​កាន់តែ​ច្រើន​ឡើង​។

លោក​ប៊ុ​ន ដា​រា ម្ចាស់​វិនិយោគ​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន​ប្រាប់​ឱ្យ​ដឹង​ដែរ​ថា ចាប់តាំងពី​ពេល​ប្រដឹស​កោះ​ប៉ែន​ត្រូវ​បាន​ត​ភ្ជាប់​ពាក់កណ្ដាល​ខែធ្នូ ឆ្នាំ​២០១៩ សម្រាប់​ឲ្យ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ឆ្លង​ពី​ត្រើយ​ក្រុង​កំពង់ចាម មក​កាន់​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន គឺ​មាន​ចំនួន​ច្រើន​គួរ​ឲ្យ​កត់សម្គាល់​។

ម្ចាស់​វិនិយោគ​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន​បាន​ប្រាប់​បន្ត​ថា ក្នុង​ឱកាស​ឆ្លង​ឆ្នាំ​សកល មាន​ភ្ញៀវ​ទេសចរ​ជាតិ​នាំ​គ្នា​មក​លេង​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន​គឺ​ច្រើន​កុះករ ហើយ​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​កន្លង​ទៅ​គឺ​មានការ​កើនឡើង​ប្រហែល ៣០​ភាគរយ ចំណែក​ភ្ញៀវ​ទេសចរ​អន្តរជាតិ​វិញ មានការ​ថយ​ចុះ​ប្រហែលជា​ពាក់កណ្ដាល​។
ម្ចាស់​វិនិយោគ​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន​បាន​ប្រាប់​បន្ត​ទៀត​ថា ពី​១​ឆ្នាំទៅ​១​ឆ្នាំ ដោយ​មានការ​រិះគន់​ពី​សំណាក់​ភ្ញៀវ​ដែល​មក​លេង​នៅ​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន លោក​បាន​ប្រឹងប្រែង​ក្នុង​ការ​កែ​ច្នៃ​ទៅ​តាម​អ្វី​ដែល​ភ្ញៀវ​បាន​សំណូមពរ​។ ដោយឡែក​សម្រាប់​មុខម្ហូប​អាហារ​នៅ​តាម​ភោជនីយដ្ឋាន​៤​កន្លែង ដែល​កំពុង​តែ​បើក​បម្រើសេវា​ចំពោះ​តម្លៃ​គឺ​មិន​ឲ្យ​យកខុស​គ្នា​នោះ​ទេ​ទៅ​តាម​ប្រភេទ​មុខម្ហូប​នីមួយ​ៗ​។​ទន្ទឹម​នឹង​នោះ​នៅ​តំបន់​នេះ​គឺ​មានការ​កែប្រែ​ច្រើន​ដោយ​បាន​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​និង​ស្នោរ​ជាដើម ចំពោះ​សំរាម​វិញ​ត្រូវ​បាន​ប្រមូល​ដុត​នៅ​ក្នុង​ឡ​បរិស្ថាន ដែល​មានការ​ណែនាំ​ពី​អាជ្ញាធរ​ខេត្ត​។​ជាមួយ​នោះ​តម្លៃ​ម្ហូបអាហារ​ត្រូវ​បាន​សរសេរ​ដាក់​នៅ​លើ​ផ្ទាំង​ប៉ាណូ​ច្រក​ចុះ​មក​ប្រដឹស​កោះ​ប៉ែន រួម​ទាំង​ដាក់​នៅ​មុខ​ភោជនីយដ្ឋាន​នីមួយ​ៗ​បាន​លក់ នៅ​ក្នុង​តម្លៃ​ថេរ ពេល​ដែល​មានបុណ្យ​ទាន​ធំ​ៗ​គឺ​មិន​អាច​ដំឡើង​បាន​នោះ​ទេ គឺ​មានការ​ទទួល​ណែនាំ​ច្បាស់​ពី​មន្ទីរ​ទេសចរណ៍​ខេត្ត​។

លោក​ស៊ា​ន សុ​គុណ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៨ មក​រា​ឆ្នាំ​២០២០ ថា នៅ​តាម​តំបន់​រមណីយដ្ឋាន​នានា​ជា​ច្រើន​កន្លែង​នៅ​ក្នុង​ខេត្តកំពង់ចាម លោក​បាន​ចេញ​ការ​ណែនាំ​ឱ្យ​លក់ដូរ​ម្ហូបអាហារ​ត្រូវធ្វើ​ទៅ​តាម​តារាង​ដែល​បាន​កំណត់ ។ ប៉ុន្តែ​ក៏​មាន​កន្លែង​ខ្លះ​នៅ​មិន​ទាន់​បាន​អនុវត្តន៍​ឲ្យ​បាន​១០០​ភាគរយ ។ គ្រាន់តែ​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន​និង​តំបន់​នៅ​ក្បែរ​នោះ​នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​កន្លង​ទៅ​មាន​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​មក​លេង​កំសាន្ត រហូត​ទៅ​ដល់​ជាង​១​ម៉ឺន​នាក់ ។ ដោយ​មានការ​ណែនាំ​ពី​លោក​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​និង​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ស្ថាប័ន​ជំនាញ​របស់​លោក​នៅ​ក្នុង​ឆ្នាំ​ថ្មី​នេះ នឹង​បន្ត​ចុះ​ណែនាំ​ដល់​ម្ចាស់​ភោជនីយដ្ឋាន​ឬ​ក៏​តំបន់​ទេសចរណ៍​ឲ្យ​គោរព​តាម​ការ​ណែនាំ ដើម្បី​ទាក់​ទេ​មនុស្ស​ឲ្យ​មក​កម្សាន្ត​លេង​នៅ​ក្នុង​ខេត្តកំពង់ចាម​ច្រើន​ឡើង​ៗ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ