រាជធានីភ្នំពេញ ៖ ដើម្បីធានាថា ចំណីអាហារនៅតាមសាលារៀនមិនមានសារធាតុគីមី និងមានអនាម័យល្អ និងធានាបានថាសិស្សានុសិស្សមិនទទួលរងផលប៉ះពាល់អវិជ្ជមានពីចំណីអាហារក្នុងសាលារៀន ជាពិសេសនៅតាមបណ្ដាខេត្តនានា និងតំបន់ដាច់ស្រយាល ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំយុទ្ធនាការសុវត្ថិភាពចំណីអាហារនៅតាមគ្រឹះស្ថានសិក្សា ដែលជំហានដំបូងគឺនៅសាលាបឋមសិក្សាព្រះនរោត្តម ។
លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានលើកឡើងក្នុងកម្មវិធីនាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ថា យុទ្ធនាការនេះធ្វើឡើងដើម្បីបញ្ជ្រាបចំណេះដឹងដល់អ្នកលក់ដូរ ដែលជាគោលដៅសំខាន់ឱ្យមានបញ្ហាសុខភាពដល់សិស្សានុសិស្សជា ពិសេសកុមារតូចៗ ។

លោករដ្ឋមន្ត្រីថ្លែងថា តាមរយៈសេចក្ដីណែនាំលេខ១៨ អយក.សណន ចុះថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ ចំណីអាហារនៅតាមគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន ដែលត្រូវបានហាមឃាត់មាន៦ប្រភេទគឺ ៖
១-ចំណីអាហារគ្រប់ប្រភេទដែលហួសកំណត់កាលបរិច្ឆេទ
២-គ្រឿងស្រវឹង និងផលិតផលថ្នាំជក់គ្រប់ប្រភេទ
៣-ចំណីអាហារដែលមិនមានប្រភពច្បាស់លាស់
៤-ភេសជ្ជៈប៉ូវកម្លាំង ភេសជ្ជៈផ្អែមខ្លាំង កាហ្វេការ៉េម ទឹកស៊ីរ៉ូគ្រប់ប្រភេទ
៥-ស្ករសូកូឡា ស្ករគ្រាប់ និងស្ករកៅស៊ូគ្រប់ប្រភេទ
៦-ចាហួយគ្រប់ប្រភេទ នំដូណាត់ នំផ្អែមខ្លាំង ។

លោករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន បានលើកឡើងថា ក្រសួងអប់រំបានស្នើសុំបន្តគាំទ្រការធ្វើកំណែទម្រងរបស់ក្រសួងអប់រំ ពិសេសនោះការរឹតបន្តឹងការលក់ចំណីអាហារនៅតាមសាលារៀន ។លោកបញ្ជាក់ថា អីុចឹងសុំមាតាបិតាសិស្សបន្តគាំទ្រចំពោះការធ្វើកំណែទម្រង់របស់ក្រសួងអប់រំ ដោយកុំធ្វើការទិតៀនដោយបង្ហោះតាមហ្វេសប៊ុក ។

ជាក់ស្តែង កាលពេលថ្មីៗនេះពេលរៀបចំសាលាឲ្យល្អ បែរជាទិតៀនដែលជាចំណុចអាក្រក់មួយ។លោករដ្ឋមន្ត្រីបន្តថា មាតាបិតាត្រូវតែមានការទទួលសុខត្រូវជាមួយគ្នា ដោយកុំពឹងផ្អែកតែទៅលើក្រសួងអប់រំទាំងស្រុងនោះ ។ សង្គមទាំងមូលត្រូវលើកទឹកចិត្តឲ្យនាយកសាលា លោកគ្រូអ្នកគ្រូ ទាំងអស់គ្នាប្រែក្លាយសាលាឲ្យទៅជាសាលាគំរូ សាលាស្អាត ដោយមិនចាំនិយាយពីសាលាឯកជននោះទេ សាលារដ្ឋក៏អាចជាសាលាល្អមួយដែរ ។ ដូច្នេះបានជាក្រសួងរៀបចំឲ្យមានសាលាគំរូ សាលាស្អាត ជាពិសេសនោះសាលាជំ
នាន់ថ្មី ដើម្បីលើកកម្ពស់ការបណ្តុះបណ្តាលផ្នែកអប់រំដើរឲ្យទាន់យុគសម័យថ្មី ឬយុគសម័យឌីជីថល ។

លោកបន្តថា ក្រសួងមានគោលដៅប្រែក្លាយធនធានមនុស្សនៅកម្ពុជា ឲ្យទៅជាកម្លាំងចលករ កម្លាំងរស់ពិតប្រាកដមួយ ដែលប្រវត្តិសាស្ត្រយើងបានបន្សល់ទុកមក ដែលបុព្វបុរសបានខិតខំប្រឹងប្រែងចង់ឲ្យមានការសិក្សាប្រកបដោយគុណភាព តាំងពីសម័យមុនអង្គរ និងក្រោយអង្គរ ។ លោករដ្ឋមន្ត្រីបានលើកឡើងថា ការពង្រឹងគុណភាពវិស័យអប់រំ ក៏ត្រូវតែផ្អែកលើកត្តាគ្រូផងដែរ ។

ដូច្នេះ ត្រូវខិតខំប្រឹងប្រែងយ៉ាងណាផ្តល់ឱកាសឲ្យលោកគ្រូអ្នកគ្រូ ឲ្យសិស្សដែលរៀនពូកែបានក្លាយជាគ្រូបង្រៀន ។ ការប្រឡង បាក់ឌុប ការប្រឡងគ្រួ យើងជ្រើសរើសបាននូវគរុសិស្សដែលមានគុណភាព ជាមួយនឹងការប្រឡងជ្រើសរើសដោយវិធីសាស្ត្របង្រៀន ។ ដូច្នេះនៅថ្នាក់មត្តេយ្យសិក្សា លោកគ្រូអ្នកគ្រូូត្រូវបង្រៀនសិស្សធ្វើយ៉ាងណាឲ្យមានវិន័យ នៅបឋមសិក្សាជាថ្នាក់ដំបូង ត្រូវធ្វើយ៉ាងណាឲ្យសិស្សចេះអានឲ្យច្បាស់លាស់ និងខាងគណិតផងដែរ ។ ចំណែកនៅមធ្យមសិក្សា ត្រូវប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យា ៕
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ