ខេត្តព្រះសីហនុ ៖ អគារប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលទើបតែសាងសង់រួចក្នុងតម្លៃ35.000$ ក្រោមការឧបត្ថម្ភពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ និងបានបើកសម្ពោធ នៅព្រឹកថ្ងៃទី០៧ មករា ។

លោកវរសេនីយ៍ទោ ហួ យ៉ៃ អធិការនគរបាលស្រុកព្រៃនប់ថ្លែងថា នៅស្រុកព្រៃនប់ក្នុងចំណោមឃុំទាំង១៥ ការសាងសង់អគារថ្មីប៉ុស្តិ៍នគរបាលរដ្ឋបាល គិតមកត្រឹមដើមខែមករា ឆ្នាំ២០២០នេះ បានចំនួន9ឃុំហើយ ក្រោមការឧបត្ថម្ភពីអគ្គស្នងការដ្ឋាននគរបាលជាតិ, លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ រួមនិងសប្បុរសជននានា ក្នុងនោះ៦ឃុំផ្សេងទៀត និងរៀបចំសាងសង់ថ្មីដូចគ្នាជាបន្ទាប់ ។

មានប្រសាសន៍សំណេះសំណាលក្នុងពិធីខាងលើ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានកោតសរសើរចំពោះកងនគរបាលស្រុកព្រៃនប់ ដែលបានខិតខំបំពេញភារកិច្ចកន្លងមក ។ លោកក៏បានណែនាំបន្ថែមឱ្យនគរបាលគ្រប់មូលដ្ឋាន សហការល្អជាមួយសមត្ថកិច្ចពីអង្គភាពដទៃទៀត និងអជ្ញាធរមូលដ្ឋាន ដើម្បីពង្រឹងចលនាភូមិឃុំសុវត្ថិភាព និងបង្ក្រាបជាដាច់ខាតទៅលើជនល្មើសដែលប្រព្រឹត្តិបទល្មើសបំផ្លាញសន្តិសុខជាតិ និងសន្តិសុខសណ្តាប់ធ្នាប់សង្គម ។

ជាមួយនឹងការឧបត្ថម្ភថវិកា សម្ភារមួយចំនួនដល់លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ប្រជាការពារ និងអ្នកចូលរួមក្នុងកម្មវិធីនេះ លោកឧត្តមសេនីយ៍ទោជួន ណារិន្ទ បញ្ជាក់ថា កម្មវិធីផ្តល់មធ្យោបាយដឹកជញ្ជូនសិស្សដែលមានផ្ទះឆ្ងាយមកសាលារៀននៅឃុំតានៃ ដែលស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុរៀបចំ ដោយមានកិច្ចសហការពីលោកឧកញ៉ាទៀ វិចិត្រ នូវតែបន្តធ្វើទៀត ក្នុងនោះលោកឧត្តមសេនីយ៍ទោស្នងការ បានបំផុសចលនាអោយប្រជាពលរដ្ឋ សិស្សនុសិស្ស ចូលរួមគោរពច្បាប់ចរាចរណ៍ ពិសេសអ្នកជិះម៉ូតូត្រូវពាក់មួកសុវត្ថិភាព ដើម្បីរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ ៕






ចែករំលែកព័តមាននេះ