ក្រុងប៉ោយប៉ែត ៖ ថ្ងៃនេះជាថ្ងៃដែលបស្ចិមប្រទេសក៏ដូចជាប្រទេសមួយចំនួននៅអាស៊ីផងដែរ បានសាទរថ្ងៃនៃក្តីស្រលាញ់១៤ កុម្ភៈ ប៉ុន្តែយុវវ័យមួយចំនួនកំពុងតែយកថ្ងៃនេះធ្វើជាថ្ងៃដែលបំរើឱ្យសេចក្តីស្នេហាភ្លើតភ្លើនក្នុងកាមារម្មណ៍ទៅវិញ ។ កោះសន្តិភាពសូមបង្ហាញរូបថតគូស្នេហ៍យុវវ័យមួយគូនេះដោយមិនបង្ហាញអត្តសញ្ញាណទេ ដើម្បីរក្សាភាពថ្លៃថ្នូររបស់បុគ្គល ទោះបីជាពួកគេមិនស្គាល់តំលៃសំរាប់អនាគតរបស់ខ្លួនក៏ដោយ។
ពិតណាស់ថា ការស្រលាញ់ក្នុងមន្តស្នេហ៍វាជាច្បាប់ធម្មជាតិមិនថា មនុស្ស ឬសត្វ ពិសេសរវាងប្រុស និងស្រី ប៉ុន្តែសង្គមមនុស្សមានច្បាប់ទំលាប់និងប្រពៃណីត្រឹមត្រូវ មិនធ្វើបែបសត្វបាននោះទេ ហើយក៏មិនមែនភ្លើតភ្លើនតាមតែអំពើចិត្តទាំងវ័យនៅសិក្សា ឬមិនទាន់គ្រប់អាយុកាលនោះដែរ ។ ជាក់ស្តែងនៅម្តុំដើមស្រល់ក្នុងទឹកដីកាស៊ីណូមួយ នៅក្រុងប៉ោយប៉ែត កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១១ កុម្ភៈ គេឃើញយុវសិស្ស២នាក់ ដែលគេចសាលាបានធ្វើខុសពីគន្លងប្រពៃណី និងរំលោភលើសេចក្តីទុកចិត្តរបស់ឪពុកម្តាយដោយពួកគេនាំគ្នាទៅឱបរឹតកៀកកើយគ្នាយា៉ងផ្អែមត្រជាក់ទាំងសំលៀកបំពាក់ជាសិស្ស និងដេកប្រលែងគ្នាទៀតផង ដោយបញ្ឈរម៉ូតូម៉ាក Click ទាំង២គ្រឿង និងសំពាធរបស់ពួកគេនៅទីនោះផងដែរ ។
ជុំវិញបញ្ហាខាងលើនេះ អ្នកខ្លះស្តីបន្ទោសទៅលើវប្បធម៌បរទេសដែលហូរចូលមកវាយលុកពេញសង្គមកម្ពុជា ទើបក្រុមយុវវ័យបច្ចុប្បន្ននាំគ្នាភ្លើតភ្លើនរំលោភប្រពៃណី ហើយមិនបានគិតទៅដល់ផលប៉ះពាល់នៃអនាគតរបស់ខ្លួននោះទេ។ ដើម្បីរក្សាបាននូវតំលៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរ គួរតែនាយកសាលាគ្រប់សាលា និងអាណាព្យាបាល ឬឪពុកម្តាយ មេត្តាធ្វើការតាមដាននិយ័តភាពសិក្សា និងអប់រំកូនៗ ឬសិស្សឱ្យមានការយល់ដឹង ចៀសវាងកុំឱ្យធ្លាក់ក្នុងរណ្តៅគ្រោះថ្នាក់គ្មានអ្នកទទួលខុសត្រូវទាំងខ្លួនពួកគេនៅវ័យក្មេង ។
គេកត់សំគាល់ថា នៅម្តុំដើមស្រល់ក្នុងកាស៊ីណូស្ទើររៀងរាល់ថ្ងៃ គេតែងតែឃើញមានសិស្សសាលាជាច្រើននាក់តែងតែនាំគ្នាទៅលេងទីនោះ ប៉ុន្តែពុំដឹងថា ពួកគេគេចសាលា ឬដល់ម៉ោងទំនេរនោះទេ ។ ការអង្គុយលេងតាមម្លប់ដើមឈើនៅទីនោះបានធ្វើឱ្យប្រជាពលរដ្ឋរិះគន់ទាំងនាយកសាលាក៏ដូចជាអាណាព្យាបាលផងដែរ ។ មិនមែនមានតែនៅប៉ោយប៉ែតនោះទេ តាមកន្លែងនានា ពិសេសក្នុងរាជធានីភ្នំពេញ ក៏មានភាពអាវ៉ាសែបែបនេះដែរ ។ អ្វីដែលសំខាន់នោះ គឺយុវវ័យនេះឯងដែលគប្បីគិតខ្លួនឯងថា តើអ្វីត្រឹមត្រូវ និងអ្វីមិនត្រឹមត្រូវ ៕
ចែករំលែកព័តមាននេះ