ខេត្តសៀមរាប ៖ ដោយសារមានជំនឿថា បើរក្សាទុកពស់ថ្លាន់នៅក្នុងភូមិតទៅទៀត នឹងកើតក្តីក្តៅក្រហាយមិនមានសេចក្តីសុខនោះ ទើបថ្លាន់ញីមួយក្បាល ប្រវែង៥ម៉ែត្រ ទម្ងន់៥០គីឡូក្រាម ដែលអ្នកស្រុកនៅតំបន់រំលំត្បាល់ ភូមិអូរក្រូច ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ចាប់បាននៅក្នុងចម្ការស្រែរបស់ពួកគាត់ ត្រូវបានធ្វើពិធីដង្ហែនាំយកមកប្រគល់ដល់មជ្ឈមណ្ឌលអភិរក្សជីវចម្រុះអង្គរ តាមរយៈលោក ហង្ស តារាវុធ នាយកដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព កាលពីរសៀលថ្ងៃទី១០ កក្កដា នៅទីស្នាក់ការតំបន់ការពារទេសភាពអង្គរខេត្តសៀមរាប ដោយមានការនិមន្តព្រះសង្ឃប្រោះព្រំទឹកមន្តផងដែរ ។
តាមការបញ្ជាក់របស់លោក ហង្ស តារាវុធ នាយកដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព បានប្រាប់កោះសន្តិភាពថា ពស់ថ្លាន់មួយក្បាលនេះ ត្រូវប្រជាពលរដ្ឋដែលទៅធ្វើស្រែចម្ការក្នុងតំបន់រំលំត្បាល់ ភូមិអូរក្រូច ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ប្រទះឃើញពេលកំពុងសកស្រកា ហើយបានចាប់យកមកចិញ្ចឹមក្នុងភូមិរយៈពេល១០ថ្ងៃមកហើយ ។ ប៉ុន្តែដោយមានការភ័យខ្លាច ព្រោះម្ចាស់ពស់នេះសុបិនឃើញថា ពស់ថ្លាន់នេះចង់មករស់នៅតំបន់អង្គរវត្ត ទើបពួកគាត់រួមសហការជាមួយកម្លាំងសមត្ថកិច្ច ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព និងសមត្ថកិច្ចមូលដ្ឋានបានធ្វើពិធីដង្ហែយ៉ាងអធិកអធមយកមកព្រលែងនៅតំបន់អង្គរវត្ត ។
លោក ហង្ស តារាវុធ បានរៀបរាប់បន្តទៀតថា ដោយមើលឃើញសភាពពស់ថ្លាន់ញីនេះមានជំងឺផងនោះ ក៏សម្រេចប្រគល់ជូនទៅមជ្ឈមណ្ឌលអភិរក្សជីវៈចម្រុះអង្គរ យកទៅថែទាំព្យាបាលជំងឺមួយរយៈ មុនពេលយើងលែងចូលទៅក្នុងព្រៃធម្មជាតិ ដើម្បីឱ្យសត្វពស់នេះរស់នៅតាមធម្មជាតិមានសុវត្ថិភាព មានសុខភាពល្អនៅក្នុងតំបន់អភិរក្សសត្វព្រៃ ។ តាមការបញ្ជាក់របស់ឈ្មោះ ចាន់ មុំ ដែលជាអ្នកទិញពស់ថ្លាន់នេះបន្តពីម្ចាស់ដើម ជាអ្នកចាប់នៅចម្ការ ក្នុងគោលបំណងយកមកចិញ្ចឹម ប៉ុន្តែដោយមានប្រជាជនមួយចំនួនប៉ុនប៉ង ចង់សម្លាប់ពស់នេះធ្វើជាម្ហូបផងនោះ ស្រាប់តែនៅពេលរាត្រី ពស់នេះបានពន្យល់សប្តិដល់រូបគាត់យ៉ាងចម្លែក គាត់ក៏បានធ្វើការបញ្ជាន់អារក្សឃើញថា សត្វពស់នេះចង់មករស់នៅអង្គរវត្ត ដោយគេបានឃ្លាតឆ្ងាយពីអង្គររយៈពេល៦០ឆ្នាំមកហើយ ។
គ្រូបញ្ចូលអារក្សនិយាយថា ពស់នេះមានឈ្មោះ «សុខាទេវី» តែបើសិនទុករូបគេនៅទីនោះ នឹងធ្វើឱ្យមានភាពក្តៅក្រហាយគ្មានសេចក្តីសុខទេដល់អ្នកភូមិ ប្រសិនបើយកគេមកនៅតំបន់អង្គរ គឺនឹងនាំសេចក្តីសុខសាន្តដល់ប្រជាជនក្នុងភូមិទាំងមូល ។ ដោយយល់សភាព និងមានជំនឿផង បងប្អូនប្រជាជនក្នុងភូមិទាំងមូល បាននិមន្តព្រះសង្ឃធ្វើពិធីសូត្រមន្តប្រោះព្រំសុំសេចក្តីសុខសាន្ត មុនពេលដង្ហែយកមកប្រគល់ដល់អង្គការអភិរក្សសត្វព្រៃនៅខេត្តសៀមរាប ។ ពស់ថ្លាន់ញីមួយក្បាលនេះ បានប្រគល់ជូនមជ្ឈមណ្ឌលអភិរក្សជីវចម្រុះអង្គររួចហើយ ដើម្បីយកទៅថែទាំ ព្យាបាលជំងឺឱ្យបានសះស្បើយសិន មុននឹងលែងចូលទៅក្នុងព្រៃធម្មជាតិនៃតំបន់អភិរក្សសត្វព្រៃនៃតំបន់អង្គរ ៕
ចែករំលែកព័តមាននេះ