ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹក​ដៃ​គ្នា​ឡើង​ឋាន​សួគ៌​ លុះ​បែក​ការណ៍​ប្តឹង​សង្សារ​ថា​ ចាប់​នាងរំលោភ

16 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង​​ ៖ យុវ​ជនសង្ស័យ​ម្នាក់​ត្រូវ​សមត្ថ​កិច្ច​ចាប់​ខ្លួន​កាល​ពី​យប់​ថ្ងៃ​ទី​១៥ វិច្ឆិកា បន្ទាប់​ពី​មាន​បណ្តឹង​ចោទ​ប្រកាន់ថា​ យុវ​ជនរូប​​នេះ​បាន​ចាប់​បង្ខាំង​នាង​ក្រមុំ​ម្នាក់​ ធ្វើ​សកម្ម​ភាព​រំលោភ​សេព​សន្ថវៈ​រហូត​បាន​សំរេច​កាល​ពី​សបា្តហ៍​មុន​នៅ​ឯ​​ឃុំ​ស៊ុង​ ស្រុក​សំឡូត​។ លោក​ហុក ហឿត អធិការ​រង​នគរ​បាល​ស្រុក​សំឡូត​បាន​និយាយ​ថា​ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​តាំង​ពី​យប់​ថ្ងៃ​ទី​៩ វិច្ឆិកា ប៉ុន្តែ​ទើប​បែក​ការណ៍​ដល់​អាណា​ព្យា​បាល​ខាង​សី្រ ហើយ​​ម្តាយ​នារី​នោះ​ក៏​ប្តឹង​តែ​ម្តង​។ បន្ទាប់​មក​​សមត្ថ​កិច្ច​របស់​លោក​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​តាម​បណ្តឹង​របស់​ស្ត្រី​ជា​ម្តាយ​នារី​រង​គ្រោះ។ លោក​អធិការ​រង​បាន​ឱ្យ​ដឹង​ថា​ យុវជនសង្ស័យ​​ឈ្មោះ​ម៉ែន រាជ​ អាយុ​១៨​ឆ្នាំ ជា​កម្មករ​ម៉ាស៊ីន​កិន​ពោត សណ្តែក​ មាន​ស្រុក​កំណើត​នៅ​ឃុំ​ព្រៃ​កប្បាស​ ស្រុក​ព្រៃ​កប្បាស​ ខេត្ត​តា​កែវ​ រី​ឯ​នារី​រង​គ្រោះ​អាយុ​២០​ឆ្នាំ​ រស់​នៅ​ភូមិ​-ឃុំ​ខាង​លើ​។

លោក​ហុក​ ហឿត បាន​បញ្ជាក់​ថា​ នាង​ក្រមុំ​មិន​បាន​ចេញ​មុខ​ប្តឹង​ទេ​ តែ​ម្តាយ​នាង​ជា​ដើម​បណ្តឹង​ក្នុង​សំណុំ​រឿង​នេះ។ នៅ​ក្នុង​កំណត់​ហេតុ​របស់​សមត្ថ​កិច្ច​ដែល​បាន​សាក​សួរ​ ជន​សង្ស័យ​​ឈ្មោះ​ម៉ែន រាជ បាន​និយាយ​ថា​ ខ្លួន​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​នាង​ប្រហែល​១​ឆ្នាំ​ហើយ។ លុះ​នៅ​យប់​កើត​ហេតុ​នោះ​ខ្លួន និង​នាង​បាន​រួម​រ័ក​ជាមួយ​គ្នា​​ក្រោយ​ពេល​ដែល​នាង​មក​កោស​ខ្យល់​ឱ្យ​ខ្លួន​នៅក្នុង​រោង​គោ​នោះ​រួច ដែល​ជា​កន្លែង​ស្នាក់នៅ​​បណ្តោះ​អាសន្ន​​របស់ខ្លួន​។ ការ​រួម​មេត្រី​នេះ​គ្មាន​អ្នក​ណា​បង្ខំ​អ្នក​ណា​ទេ គឺ​មាន​ការ​ព្រម​ព្រៀង​គ្នា​ជាមុន​។ ខណៈ​នោះ​ក៏​មាន​មនុស្ស​​ជា​ច្រើន​ដើរ​មក​ក្បែរ​រោង​គោនោះ​ដែរ ហើយ​​​ខ្លួន​ក៏​ឈប់ធ្វើ​សកម្ម​ភាព​​ និង​​ប្រាប់​នាង​ឱ្យ​ត្រឡប់​​ទៅ​ផ្ទះ​វិញ​។
ប៉ុន្តែ​បើ​តាម​​ការ​ឆ្លើយ​បំភ្លឺ​របស់​នារី​រង​គ្រោះ​បាន​និយាយ​ថា​ ឈ្មោះ​រាជ​បាន​ហៅ​នាង​ឱ្យ​យក​ប្រេង​កូឡា​ទៅ​កោស​ខ្យល់​ឱ្យ​ ខណៈ​ដែល​នាង​កំពុង​ដើរ​ទៅ​ទិញ​នំ​នា​យប់​នោះ។

លុះ​បន្តិច​ក្រោយ​មក​នាង​ក៏​បាន​កោស​ខ្យល់​ឱ្យ​​ឈ្មោះ​រាជ​ ហើយ​​ពេល​កោស​ខ្យល់​រួច​ ឈ្មោះ​រាជ​បាន​ចាប់​បង្ខំ​នាង​រំលោភ​តែ​ម្តង​។ នៅ​ត្រង់​ចំណុច​នេះ​ឈ្មោះ​ម៉ែន រាជ​ បាន​ចោទ​ជា​សំណួរ​ថា បើ​ខ្លួន​ចាប់​នាង​រំលោភ​ហេតុ​អ្វី​ក៏​នាង​មិន​ស្រែក​ ព្រោះ​មាន​មនុស្ស​នៅក្បែរ​នោះ​ដែរ​។ ម៉ែន រាជ​ បញ្ជាក់​ថា​ នាង​សាមី​ខ្លួន​មិន​បាន​ប្តឹង​ខ្លួន​ទេ គឺ​ម្តាយ​នាង​ទេ​ដែល​ជា​អ្នក​ប្តឹង​ពេល​បែក​ធ្លាយ​រឿង​អាស្រូវ​នេះ​។ ទោះ​ជា​បែប​ណា ​លោក​ហុក ហឿត​ អធិការ​​រង​ស្រុក​សំឡុត​បាន​បញ្ជាក់​ថា ដោយ​យោង​តាម​បទ​បញ្ជា​របស់​លោក​ស្នង​ការ​ខេត្ត និង​តំណាង​អយ្យ​ការ​ លោក​បានបញ្ជូន​​ជន​សង្ស័យ​ទៅ​កាន់​ស្នង​ការ​ដ្ឋាន​ហើយ៕