ឥណ្ឌា៖តាមប្រភពព័ត៌មាន Reuters បានឱ្យដឹងថា មន្ត្រីសុខាភិបាលកំពូលរបស់ទីក្រុងប្រទេសឥណ្ឌា បាននិយាយកាលពីថ្ងៃច័ន្ទថា ការកើនឡើងនៃការឆ្លងជំងឺកូវីដនៅក្នុងរដ្ឋធានីនៃប្រទេសឥណ្ឌា ពេលនេះបានឆ្លងផុតកម្រិតខ្ពស់បំផុតរបស់វាហើយ សម្រាប់រលកទីបីនេះ។
លោក Satyendar Jain រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានប្រាប់ដៃគូសារព័ត៌មានរ៉យទ័រ ANI ថា៖ “ខ្ញុំអាចប្រាប់អ្នកបានថា យើងបានឆ្លងកាត់ចំណុចខ្ពស់នៃករណីឆ្លងជំងឺនេះហើយ ដែលពេលនេះយើងបានឃើញវាធ្លាក់ចុះបន្តិចម្តងៗ។”
ទីក្រុងញូវដេលី បានឃើញការកើនឡើងនៃការឆ្លងកូវីដ ក្នុងខែនេះ ដែលអាជ្ញាធរបានហៅថារលកទីបី ដែលបានសម្លា.ប់មនុស្សជាង ៦០០នាក់កាលពីសប្តាហ៍មុន ទោះបីជាករណីនៅក្នុងតំបន់ផ្សេងទៀតនៃប្រទេសបានធ្លាក់ចុះក៏ដោយ។
ប្រទេសឥណ្ឌាបានរាយការណ៍ថា មានករណីឆ្លងសរុបដែលត្រូវបានបញ្ជាក់ចំនួន ៨.៨លានករណី ដែលជាករណីខ្ពស់បំផុតលំដាប់ទី២ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក។ ប៉ុន្តែចំនួនករណីប្រចាំថ្ងៃថ្មី បានធ្លាក់ចុះចាប់តាំងពីការឡើងដល់កំពូលកាលពីពាក់កណ្តាលខែកញ្ញា។ ប្រទេសឥណ្ឌាបានកត់ត្រាថា មានអ្នកស្លា.ប់ដោយសារជំងឺនេះចំនួន ១២៩,៦៣៥នាក់។
កាលពីថ្ងៃច័ន្ទ ក្រសួងសុខាភិបាលបានប្រកាសពីការកើនឡើងចំនួន ៣០,៥៤៨នាក់ សម្រាប់ការឆ្លងប្រចាំថ្ងៃ។ សកម្មភាពសេដ្ឋកិច្ចបានកើនឡើងយឺតៗ នៅពេលដែលអាជ្ញាធរបន្ធូរបន្ថយការរឹតត្បិត បន្ទាប់ពីមានការចាក់សោរយ៉ាងតឹងរ៉ឹងនៅទូទាំងប្រទេស កាលពីចុងខែមីនា ដើម្បីបន្ថយការរីករាលដាលនៃវីរុស៕
ចែករំលែកព័តមាននេះ