ឥណ្ឌា ៖ ប្រទេសឥណ្ឌាបានក្លាយជាប្រទេសទី៣ ហើយ ដែលមានករណីឆ្លងកូវីដសរុបឡើងផុត៤លានករណី ដោយបានបង្កើតកំណត់ត្រាថ្មីជារៀងរាល់ថ្ងៃក្នុងករណីថ្ងៃសៅរ៍ ខណៈដែលជំងឺនេះមិនទាន់បង្ហាញពីការធ្លាក់ចុះនូវការឆ្លងនៅឡើយ។
ករណីថ្មីនេះបានធ្វើឱ្យប្រទេសឥណ្ឌាមានករណីឆ្លងសរុបដល់ ៤,០២៣,១៧៩នាក់ ដែលជាប់លំដាប់ទី៣ បន្ទាប់ពីសហរដ្ឋអាមេរិកដែលមានចំនួនជាង ៦.៣លាននាក់ និងកំពុងតាមពីក្រោយប្រេស៊ីលចំនួន ៤.១លាននាក់។
នេះគឺកាន់តែមានការព្រួយបារម្ភ បន្ទាប់ពីអង្គការសុខភាពពិភពលោកបាននិយាយថា ខ្លួនមិនរំពឹងថា វ៉ាក់សាំងនឹងមានមុនពាក់កណ្តាលឆ្នាំ២០២១ឡើយ។ អង្គការសុខភាពពិភពលោក ក៏បានចេញសេចក្តីសម្រេចបដិសេធលើការចាក់វ៉ាក់សាំង ដែលមិនត្រូវបានបង្ហាញថាមានសុវត្ថិភាពនិងមានប្រសិទ្ធភាព។
ប្រទេសឥណ្ឌា បានបន្ធូរបន្ថយការរឹតត្បិតក្នុងគោលបំណងដើម្បីស្តារសេដ្ឋកិច្ច ប៉ុន្តែប្រឈមមុខនឹងចំនួនករណីកើនឡើងលឿនបំផុតនៅលើពិភពលោក ដែលមានចំនួនជាង ៨ម៉ឺននាក់ក្នុងមួយថ្ងៃ និងចំនួនអ្នកបាត់បង់ជីវិតប្រចាំថ្ងៃខ្ពស់បំផុតគឺជាង ១,០០០នាក់។ ចំនួនអ្នកបាត់បង់ជីវិតសរុបពេលនេះមានចំនួន ៦៩,៥៦១នាក់។
ចំនួនអ្នកផ្ទុកជំងឺនេះកើនឡើងយ៉ាងខ្លាំងពី ៣ ទៅ ៤ លាននាក់ ក្នុងរយៈពេលតែ ១៣ថ្ងៃ លឿនជាងអាមេរិក និងប្រេស៊ីលទៅទៀត។ ជម្ងឺរាតត្បាតកំពុងរាលដាលពាសពេញតំបន់ជនបទ ដែលមានមូលដ្ឋានសុខាភិបាលមិនល្អ ប៉ុន្តែក៏កំពុងតែរីករាលដាលម្តងទៀតនៅក្នុងទីក្រុងធំៗ ដូចជាទីក្រុងដេលី និងមុមបៃ៕
ចែករំលែកព័តមាននេះ