ហ្វីលីពីន ៖ តាមប្រភពព័ត៌មាន Bangkok Post បានឱ្យដឹងថា មន្ត្រីម្នាក់បាននិយាយថា ការទិញ និងចែកចាយវ៉ាក់សាំងកូវីដរបស់ប្រទេសហ្វីលីពីន អាចត្រូវបានធ្វើឡើងដោយចាប់ផ្តើមពីត្រីមាសទី២ នៃឆ្នាំ២០២១ ខណៈការពន្យារពេលប៉ះពាល់ដល់ការពិនិត្យឡើងវិញនៃបេក្ខភាពវ៉ាក់សាំងដែលទំនងនឹងអាចសម្រេចបាន។
លោកស្រីវេជ្ជបណ្ឌិត Maria Rosario Vergeire អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍ថា៖ “នេះគឺជាការកំណត់ពេលវេលាជាក់ស្តែង ព្រោះវ៉ាក់សាំងនឹងត្រូវឆ្លងកាត់ការចុះឈ្មោះ បន្ទាប់មកការសាកល្បងព្យាបាលអស់រយៈពេលជាច្រើនខែ។ រដ្ឋបាលចំណីអាហារ និងឱសថ បានប្តេជ្ញាកាត់បន្ថយដំណើរការសម្រេចឱ្យប្រើប្រាស់ជិត ២សប្តាហ៍”។
រដ្ឋាភិបាលកំពុងរង់ចាំទិន្នន័យសាកល្បងព្យាបាលរបស់វ៉ាក់សាំង Sputnik V របស់ប្រទេសរុស្ស៊ីសម្រាប់ការពិនិត្យឡើងវិញ ខណៈដែលការសាកល្បងសម្រាប់ការព្យាបាលកូវីដ ដែលមានសក្តានុពល ឈ្មោះថា Avid ក៏កំពុងរង់ចាំការអនុម័តផងដែរ។
ប្រទេសហ្វីលីពីនបានឃើញការលេចចេញជាថ្មីនៃការឆ្លងថ្មី ដែលបានកើនឡើងដល់ ៣០០០នាក់ ក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ។ ករណីឆ្លងសរុបមានដល់ ២៨៦,៧៤៣ករណី គិតត្រឹមថ្ងៃអាទិត្យដែលច្រើនបំផុតនៅអាស៊ីអាគ្នេយ៍។
អ្នកនាំពាក្យ លោក Harry Roque បាននិយាយនៅឯសន្និសីទខ្លីដាច់ដោយឡែកមួយថា ប្រធានាធិបតីលោក Rodrigo Duterte បានអនុញ្ញាតឱ្យបុគ្គលិកសុខាភិបាល ១,៥០០នាក់ជាមួយនឹងកិច្ចសន្យាចាប់ពីថ្ងៃទី៣១ ខែសីហា ដើម្បីចាកចេញទៅធ្វើការនៅបរទេស។ កាលពីខែមេសា ហ្វីលីពីនបានហាមប្រាមវេជ្ជបណ្ឌិតនិងគិលានុបដ្ឋាយិកាមិនឱ្យចាកចេញទៅធ្វើការនៅក្រៅប្រទេស ដើម្បីជម្រុញកម្លាំងពលកម្មក្នុងការព្យាបាលរបស់ខ្លួន៕
ចែករំលែកព័តមាននេះ