ខេត្តកណ្តាល ៖ ច្បាប់ជលផលបានហាមមិនឱ្យចិញ្ចឹមត្រីឆ្តោដោយសារតែវាស៊ីត្រីផ្សេងៗជាចំណីនាំឱ្យវិនាសពូជត្រី ម្យ៉ាងបើមានការចិញ្ចឹមត្រីឆ្តោបទល្មើសនេសាទប្រាកដជាកើតមានមិនខានដោយសារតែអ្នកចិញ្ចឹមរកវិធីនេសាទមិនខ្វល់ពីផ្លូវច្បាប់ដើម្បីបានចំណីឱ្យត្រីឆ្តោសីុ។ បើទោះជាមានច្បាប់ហាមឃាត់យ៉ាងណាក៏ដោយរយៈពេលពីរឆ្នាំចុងក្រោយនេះគេសង្កេតឃើញថា នៅខេត្តកណ្តាល ពិសេសនៅស្រុកមួយចំនួនក្រោមការគ្រប់គ្រងរបស់ផ្នែករដ្ឋបាលជលផលបាសាក់មានការចិញ្ចឹមត្រីឆ្តោយ៉ាងផុសផុលមានទាំងក្នុងបឹងទន្លេ និងតាមស្រះ។ មានកន្លែងចិញ្ចឹមខ្លះគឺនៅក្បែរស្នាក់ការផ្នែកជលផលបាសាក់ និងទំនងជាលោកនាយផ្នែកមើលហួសក៏មិនដឹង។
អ្នកតាមដានឱ្យដឹងថា ចាប់ពីដើមខែមិថុនារហូតមកគេសង្កេតឃើញឈ្មួញប្រមូលទិញត្រីឆ្តោតាមស្រះ និងបែដឹកចូលទៅលក់នៅរាជធានីភ្នំពេញរាល់ថ្ងៃតាមរថយន្តជាច្រើនគ្រឿងក្រោមខ្សែភ្នែករបស់មន្ត្រីជលផលខេត្ត និងផ្នែក ប៉ុន្តែមិនមានការរំខានពីមន្ត្រីទាំងនោះឡើយដោយគេអះអាងថា ជាត្រីរបស់ប្រជាពលរដ្ឋ និងមានច្បាប់។ បន្ទាប់ពីចាប់ត្រីឆ្តោលក់អស់ហើយរហូតមកដល់ដើមខែកក្កដានេះ កូនត្រីឆ្តោត្រូវគេទិញយកដាក់ចិញ្ចឹមក្នុងបែ និងស្រះជាបន្តទៀត។ កូនត្រីទាំងនោះ គឺនាំចូលពីប្រទេសវៀតណាមយកមកលក់ចែកចាយយ៉ាងរលូនមិនមានការរំខានពីមន្ត្រីជលផលឡើយ។
ប្រភពច្បាស់ការណ៍ឱ្យដឹងថា មានស្រះមិនតិចជាង១៥បានដាក់កូនត្រីឆ្តោរួចរាល់ហើយ បន្ទាប់ពីចាប់ត្រីឆ្តោធំៗលក់កាលពីពេលថ្មីៗកន្លងមកនេះដូចជានៅម្តុំទួលក្រសាំង ភូមិក្បាលកោះគ ឃុំរកាខ្ពស់ នៅឃុំសិត្បូ នៅព្រែកឃុត ភូមិលេខ១ នៅព្រែកប៉ាន នៅព្រែកឃ្លោក ឃុំត្រើយស្លា នៅក្បែរវត្តពោធិ៍ព្រែកស្លែងមាន៦ស្រះ ក្នុងឃុំតាលន់នៅម្តុំទូកដដើមព្រីង ឃុំខ្ពប និងនៅម្តុំវត្តធនមន្ត៣ស្រះក្នុងឃុំព្រែកគយ។
ដោយឡែកនៅក្នុងបឹង និងទន្លេក៏មានចិញ្ចឹមតាមបែយ៉ាងច្រើនទៀតដូចជានៅឃុំប្រាសាទ ស្រុកស្អាងជាដើម។ បែ និងស្រះទាំងនោះបានដាក់កូនត្រីឆ្តោចិញ្ចឹមកាលពីពេលថ្មីៗកន្លងមកនេះដែលមានឈ្មួញឈ្មោះដុង ជាអ្នកដឹកពីប្រទេសវៀតណាមយកមកចែកចាយ។
មន្ត្រីផ្នែកជលផលបាសាក់ម្នាក់ជាកូនចៅដែលមិនបានទទួលលាភសក្ការៈពីការដឹកត្រី និងចិញ្ចឹមត្រីឆ្តោបានខ្សឹបប្រាប់អ្នកយកព័ត៌មានយើងថា មាននាយរងផ្នែកម្នាក់ជាអ្នកដើរប្រមូលលុយពីបែ និងស្រះចិញ្ចឹមត្រីឆ្តោយកមកឱ្យមេ។ ចំណែកត្រីឆ្តោដែលដឹកយកទៅលក់បានដោយរលូននោះ គឺឈ្មួញអ្នកប្រមូលទិញបានរត់ច្បាប់តាមវិធីសុំច្បាប់ដឹកត្រីឆ្តោ១តោនគេឱ្យឈ្មួញដឹករហូតដល់រាប់សិបតោន ហើយលើសពីចំនួនតោនក្នុងច្បាប់ គឺគេពិន័យយកលុយចែកគ្នាដាក់ហោប៉ៅរៀងខ្លួន។ បើពុំមានវិធានការទប់ស្កាត់ការចិញ្ចឹមត្រីឆ្តោទេ បទល្មើសនេសាទប្រាកដជាកើនឡើងមិនខានដោយសារតែអ្នកចិញ្ចឹម និងអ្នកនេសាទត្រីដោយប្រើមងអួនក្រឡាញឹក ឬបូមបាចយកត្រីតូចៗយកមកធ្វើចំណីត្រីឆ្តោ។
មានការកត់សំគាល់ថា កន្លងមកមន្ត្រីជំនាញជលផលបានណែនាំដល់ប្រជាពលរដ្ឋកុំឱ្យចិញ្ចឹមឆ្តោ ហើយកន្លងមកកូនត្រីឆ្តោដែលចិញ្ចឹមក្នុងបែ និងស្រះក៏ធ្លាប់ត្រូវបានចាក់លែងផងដែរ តែរយៈពេលពីរឆ្នាំចុងក្រោយនេះគេសង្កេតឃើញមានស្រះ និងបែចិញ្ចឹមត្រីឆ្តោកើតឡើងវិញនៅក្នុងការគ្រប់គ្រងរបស់ផ្នែករដ្ឋបាលជលផលបាសាក់ ៕
ចែករំលែកព័តមាននេះ