អាមេរិក៖តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា លោក Joe Biden បានក្លាយជាបេក្ខជនប្រធានាធិបតីដំបូងគេ ដែលទទួលបានសំឡេងឆ្នោតគាំទ្រច្រើនជាង ៨០លានសន្លឹក ដោយចំនួនសំឡេងគាំទ្រដ៏ច្រើនបំផុតរបស់លោកនៅតែអាចកើនឡើងនៅប៉ុន្មានថ្ងៃខាងមុខ ខណៈសន្លឹកឆ្នោតនៅតែបន្តរាប់នៅទូទាំងប្រទេស។

គិតត្រឹមល្ងាចថ្ងៃអង្គារ លោក Biden ទទួលបានសំឡេងគាំទ្រច្រើនជាង ៨០,០១១,០០០ សំឡេង ខណៈប្រធានាធិបតីដូណាល់ត្រាំទទួលបានច្រើនជាង ៧៣,៨០០,០០០សំឡេង។ សំឡេងគាំទ្ររបស់ប្រធានាធិបតីត្រាំ ធ្វើឱ្យគាត់ក្លាយជាបេក្ខជនដែលទទួលបានសំឡេងគាំទ្រច្រើនបំផុតលំដាប់ទី២ ក្នុងប្រវត្តិសាស្ត្រអាមេរិក។
លោក Biden បានឈ្នះការបោះឆ្នោតចំនួន ៣០៦សំឡេងកៅអី រីឯលោកត្រាំ មាន ២៣២ សំឡេងកៅអី។ ការបោះឆ្នោតចំនួន២៧០សំឡេងកៅអី គឺចាំបាច់ដើម្បីក្លាយជាប្រធានាធិបតី។

ប្រជាជនអាមេរិកបានបោះឆ្នោតតាមអ៊ីមែលជាលេខកំណត់ត្រានៅឆ្នាំនេះ ដើម្បីការពារខ្លួនពីការប្រឈមនឹងមេរោគឆ្លងនៅពាក់កណ្តាលនៃជម្ងឺរាតត្បាតជាសកល ហើយអ្នកជំនាញបានព្រមានជាច្រើនខែថា នឹងមានការរាប់សន្លឹកឆ្នោតយូរ ដែលអាចមានរយៈពេលជាច្រើនថ្ងៃបន្ទាប់ពីថ្ងៃបោះឆ្នោត។
កំណត់ត្រាថ្មីដែលបំបែកដោយលោក Biden បានធ្វើឱ្យគេដឹងមុនបាត់ទៅហើយ ថាលោកនឹងក្លាយជាអ្នកបន្តវេនប្រធានាធិបតីរបស់អាមេរិក បើទោះបីជាលោកត្រាំនៅមិនទាន់ទទួលស្គាល់ក៏ដោយ។

រដ្ឋមួយចំនួនបានចាប់ផ្តើមបញ្ជាក់លទ្ធផលនៃការបោះឆ្នោតរបស់ពួកគេដែលរួមមានរដ្ឋ Pennsylvania និង Nevada ដែលរដ្ឋទាំងពីរនេះបានដឹងពីលទ្ធផលសម្រេចកាលពីថ្ងៃអង្គារ៕
ចែករំលែកព័តមាននេះ