នីហ្សេរីយ៉ា ៖ តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា មន្ត្រីទីភ្នាក់ងារសុវត្ថិភាពផ្លូវថ្នល់ប្រទេសនីហ្សេរីយ៉ា បាននិយាយថា យ៉ាងហោចណាស់មនុស្ស២៨នាក់ត្រូវបានបាត់បង់ជីវិត កាលពីថ្ងៃពុធខណៈពេលដែលរថយន្តដឹកសាំងមួយគ្រឿងបានផ្ទុះ នៅរដ្ឋកូហ្គី ភាគកណ្តាលប្រទេសនីហ្សេរីយ៉ា ហើយក៏ចាប់ផ្តើមឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្តង។

លោក Bisi Kazeem អ្នកនាំពាក្យរបស់សហព័ន្ធសុវត្ថិភាពចរាចរណ៍ផ្លូវគោកសហព័ន្ធ (FRSC) បាននិយាយថា មានកុមារចំនួន៩នាក់ក៏នៅក្នុងហេតុការណ៍គ្រោះថ្នាក់មួយនេះផងដែរ ដែលបានកើតឡើងនៅទល់មុខស្ថានីយប្រេងឥន្ធនៈមួយនៅតាមបណ្តោយផ្លូវ Lokoja-Zariagi ក្នុងរដ្ឋ។

អភិបាលរដ្ឋ លោក Yahaya Bello បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឧប្បត្តិហេតុដែលបានកើតឡើងនៅព្រឹកថ្ងៃពុធនេះ បានបណ្តាលឱ្យមនុស្សបាត់បង់ជីវិត និងបានបំផ្លាញយានយន្ត ព្រមទាំងទ្រព្យសម្បត្តិជាច្រើននៅក្នុងអគ្គិភ័យឆាបឆេះដ៏រន្ធត់នោះ។

គួរបញ្ជាក់ថា គ្រោះថ្នាក់ដឹកប្រេងឥន្ធនៈកើតឡើងជាទូទៅ នៅក្នុងប្រទេសនីហ្សេរីយ៉ា ដែលការផ្គត់ផ្គង់ប្រេងឆៅជាច្រើនតែត្រូវបានដឹកតាមដងផ្លូវ។ កាលពីឆ្នាំមុន យ៉ាងហោចណាស់មានមនុស្ស៥០នាក់បានបាត់បង់ជីវិត ហើយមនុស្ស១០១នាក់បានរងរបួស បន្ទាប់ពីរថយន្តដឹកប្រេងក្រឡាប់ រួចផ្ទុះនៅកណ្តាលប្រទេសនីហ្សេរីយ៉ា។ មនុស្សជាង៦០នាក់ត្រូវបានបាត់បង់ជីវិតនៅក្នុងឧប្បត្តិហេតុដឹកប្រេងមួយផ្សេងទៀត នៅក្នុងរដ្ឋ Anambra ក្នុងឆ្នាំ២០១៥៕




ចែករំលែកព័តមាននេះ