ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេនគរបាលអន្តោប្រវេសន៍ជំរុញ មន្រ្តីមានស្មារតីទទួលខុសត្រូវមានវិន័យ សេចក្ដីថ្លៃថ្នូរ ដើម្បីប្រយោជន៍ជាតិ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានជំរុញមន្រ្តីនគរបាលអន្តោប្រវេសន៍ទាំងអស់ ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ មានវិន័យ…

រាជធានីភ្នំពេញ ៖ លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានជំរុញមន្រ្តីនគរបាលអន្តោប្រវេសន៍ទាំងអស់ ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ មានវិន័យ សេចក្ដីថ្លៃថ្នូរ ចេះគោរព និងឲ្យតម្លៃគ្នាទៅវិញទៅមក ដើម្បីប្រយោជន៍ជាតិ និងប្រជាជន ។

លោកថា មន្រ្តីត្រូវជៀសវាងដាច់ខាតនូវការប្រើប្រាស់មុខងារ និងសិទ្ធិអំណាចរបស់ខ្លួន ដើម្បីប្រព្រឹត្តអំពើមិនគប្បី ដូចជា ការប្រព្រឹត្តអំពើពុករលួយ ការប្រកាន់បក្សពួក និងត្រូវប្រកាន់ខ្ជាប់នូវគុណសម្បត្តិ ៤យ៉ាង គឺ ឆន្ទៈម្ចាស់ការ មនសិការវិជ្ជាជីវៈ ភក្ដីភាព និងវប្បធម៌សេវាសាធារណៈ​។

លោក នាយឧត្តមសេនីយ៍ បានលើកឡើងដូច្នេះ នៅក្នុងកិច្ចប្រជុំ ត្រួតពិនិត្យលទ្ធផលការងារប្រចាំខែកញ្ញា និងទិសដៅការងារខែតុលា ឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលមានការអញ្ជើញចូលរួមពី មន្រ្តីអន្តោប្រវេសន៍ រាជធានី-ខេត្ត និងតាមច្រកព្រំដែននានា នៅទូទំាងប្រទេស។

កន្លងមកសេវាអន្តោប្រវេសន៍នៅតាមច្រកព្រំដែន មានការត្អូញត្អែរពីពលករចំណាកស្រុកនិងអ្នកទេសចរខ្លះ ថាមានសេវាកម្មមិនល្អ។ មន្រ្តីមិនរួសរាយ ប្រើពាក្យសម្តីមិនសមរម្យ ហាក់មិនឲ្យតម្លៃពលរដ្ឋ មានការទារយកប្រាក់លើសការកំណត់ ហើយ ការផ្តល់សេវាយឺតយាវជាដើម​។ ការណែនាំរបស់លោក នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ នាពេលនេះហាក់ចំនុចដែលកំពុងកើតមាន។​

នៅក្នុងកិច្ចប្រជុំជាមួយមន្រ្តីក្រោមឱវាទនោះ លោក នាយឧត្តមសេនីយ៍ ក៍បានណែនាំទៅដល់មន្រ្តីនៅតាមច្រកព្រំដែនទាំងអស់ ត្រូវបង្កើនការគ្រប់គ្រង់ពលរដ្ឋឆ្លងដែនដោយខុសច្បាប់ ដើម្បីធានាឲ្យបាន​នូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ នៅតាមច្រកទ្វាព្រំដែន និងទប់ស្កាត់ការចំណាកស្រុកដោយខុសច្បាប់ ជៀសផុតពីជំងឺឆ្លងកូវីដ-១៩។

អគ្គនាយក អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឲ្យដឹងថា ពលករខ្មែរ​នៅតែព្យាយាមឆ្លងដែនខុសច្បាប់ តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ កើតមានជារៀងរាល់ថ្ងៃ ដោយសារតែកត្តាជីវភាព និងតាមការអូសទាញពីសំណាកមេខ្យល់ ដើម្បីចេញទៅធ្វើការងារ ខណៈក្នុងខែកញ្ញាកន្លងទៅនេះ ភាគីថៃ បានចាប់បញ្ជូនត្រឡប់មកវិញ ចំនួន ៣៦លើក ស្មើនឹង ៩៩៥នាក់ ក្នុងនោះស្រី ១៦៩នាក់ និងកុមារ ៦០នាក់។

លោក គៀត ច័ន្ទថារិទ្ធ អគ្គនាយក ណែនាំទៅដល់មន្រ្តីនគរបាលអន្តោប្រវេសន៍ទាំងអស់ ត្រូវបង្កើនកិច្ចសហការជាមួយ មន្រ្តីពាក់ព័ន្ធទាំងអស់ ដើម្បីបម្រើសេវាសាធារណៈជូនភ្ញៀវជាតិ និងអន្តរជាតិ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ជាពិសេសត្រូវបង្កើនកិច្ចការងារគ្រប់គ្រងជនអន្តោប្រវេសន៍ ឆ្លងដែនដោយខុសច្បាប់ និងពលរដ្ឋខ្មែរ លួចឆ្លងដោយខុសច្បាប់ ជាពិសេសប្រទេសថៃ ខណៈរាជរដ្ឋាភិបាលថៃ បានប្រកាសដាក់ប្រទេសស្ថិតនៅក្នុងគ្រាអាសន្នមួយខែបន្ថែមទៀតនោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ