ប្រេស៊ីល ៖ តាមប្រភពព័ត៌មាន Bangkok Post បានឱ្យដឹងថា ផ្នែកគ្រប់គ្រងសុខាភិបាលរបស់ប្រទេសប្រេស៊ីល បាននិយាយកាលពីថ្ងៃច័ន្ទថា ខ្លួនបានផ្អាកការសាកល្បងវ៉ាក់សាំងការពារកូវីដ ដែលបង្កើតឡើងដោយប្រទេសចិន បន្ទាប់ពីមានឧប្បត្តិហេតុមិនល្អដែលពាក់ព័ន្ធនឹងអ្នកស្ម័គ្រចិត្តទទួលចាក់វ៉ាក់សាំង។
ផ្នែកគ្រប់គ្រងសុខាភិបាលឈ្មោះ Anvisa បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានសម្រេចចិត្តផ្អាកដល់ការសាកល្បងគ្លីនិកវ៉ាក់សាំងកូវីដ CoronaVac បន្ទាប់ពីមានឧប្បត្តិហេតុមិនល្អបានកើតឡើងលើអ្នកទទួល កាលពីថ្ងៃទី២៩ ខែតុលា។
គេបាននិយាយថា គេមិនអាចផ្តល់ព័ត៌មានលម្អិតអំពីអ្វីដែលបានកើតឡើង ដោយសារតែបទបញ្ជាឯកជនភាព ប៉ុន្តែឧប្បត្តិហេតុបែបនេះរួមមាន ការអាចបង្កឱ្យបាត់បង់ជីវិត ការប៉ះពាល់ឱ្យពិការ ការឈឺធ្ងន់រហូតដល់ចូលពេទ្យ ការបង្កភាពមិនប្រក្រតីពីកំណើត និង បញ្ហាសំខាន់ៗផ្សេងទៀត។
ការផ្អាកនៃវ៉ាក់សាំង CoronaVac ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនផលិតឱសថចិន Sinovac Biotech បានកើតឡើងនៅថ្ងៃដែលកើតហេតុនោះ។
គួរបញ្ជាក់ផងដែរថា ទាំងវ៉ាក់សាំង Pfizer និង CoronaVac គឺស្ថិតនៅក្នុងការសាកល្បងដំណាក់កាលទី៣ ដែលជាដំណាក់កាលចុងក្រោយនៃការសាកល្បង មុនពេលមានការអនុម័តបទប្បញ្ញត្តិឱ្យប្រើប្រាស់ជាផ្លូវការ។ វ៉ាក់សាំងទាំង២ កំពុងត្រូវបានធ្វើតេស្តនៅប្រេស៊ីល ដែលជាប្រទេសមានចំនួនអ្នកបាត់បង់ជីវិតខ្ពស់បំផុតលំដាប់ទី២ ដោយសារជំងឺកូវីដ បន្ទាប់ពីសហរដ្ឋអាមេរិក ដោយមានមនុស្សច្រើនជាង ១៦២,០០០នាក់បានបាត់បង់ជីវិតដោយសារជំងឺនេះ៕
ចែករំលែកព័តមាននេះ