ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្តិចទៀត! អ្នកទេសចរទៅអង្គរដូចទៅសួនសត្វ

3 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ក្រៅពីទស្សនាប្រាសាទបុរាណ ទេសភាពស្រស់ត្រកាល ខ្យល់បរិសុទ្ធ​អ្នកទេសចរដែលបានទៅដល់ ទឹកដីអង្គរនាពេលអនាគតដ៍ខ្លីនេះ នឹងអាចប្រទះភ្នែកជាមួយសត្វព្រៃជាច្រើន ដែលរស់នៅក្នុងព្រៃធម្មជាតិ ក្នុងបរិវេណឧទ្យានអង្គរ។ អាជ្ញាធរជាតិអប្សរាបានកំពុងប្រលែងសត្វព្រៃជាច្រើនប្រភេទចូលក្នុងព្រៃធម្មជាតិ…

ខេត្តសៀមរាប ៖ ក្រៅពីទស្សនាប្រាសាទបុរាណ ទេសភាពស្រស់ត្រកាល ខ្យល់បរិសុទ្ធ​អ្នកទេសចរដែលបានទៅដល់ ទឹកដីអង្គរនាពេលអនាគតដ៍ខ្លីនេះ នឹងអាចប្រទះភ្នែកជាមួយសត្វព្រៃជាច្រើន ដែលរស់នៅក្នុងព្រៃធម្មជាតិ ក្នុងបរិវេណឧទ្យានអង្គរ។ អាជ្ញាធរជាតិអប្សរាបានកំពុងប្រលែងសត្វព្រៃជាច្រើនប្រភេទចូលក្នុងព្រៃធម្មជាតិ ក្រោមកិច្ចសហការរវាង រដ្ឋបាលព្រៃឈើភ្នំពេញ និងអង្គការ Wildlife Alliance ។

កន្លងមកគម្រោងនោះបានដោះលែងរួចមកហើយនូវសត្វទោចមកុដចំនួន៣គូមានចំនួន១២ក្បាល(កើតកូនបានចំនួន៦ក្បាល) ដែលមានទីតាំងស្ថិតនៅក្បែរខ្លោងទ្វារតាកាវ ខ្លោងទ្វារខ្មោច ក្បែរប្រាសាទតានៃ និងមួយគូចុងក្រោយនេះក្បែរខ្លោងទ្វារដីឆ្នាំង។ គម្រោងបានដោះលែងសត្វឆ្មារដាវ(Leopard Cat)ចំនួន១គូ និងសត្វកេងកងតូច(Oriental Pied Hornbill) ចំនួន១គូដែរ ចូលក្នុងព្រៃធម្មជាតិ ក្រោយពីគម្រោងបានផ្សាំក្នុងទ្រុងអស់រយៈពេលជិត៣ខែមក។ ក្រៅពីនោះ កន្លងមកក៏បានដោះលែងសត្វឈ្លូស៤ក្បាល សត្វស្វាព្រាម១២ក្បាល សត្វសំពោចក្រអូប៥ក្បាល និងសត្វភេខ្លួនរលោង៥ក្បាល ចូលក្នុងព្រៃអភិរក្សក្នុងរមណីយដ្ឋានអង្គរ។

កាលពីថ្ងៃទី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ សត្វទោចមកុដ១គូទៀត ដែលជាគូចុងក្រោយ ពីមជ្ឈមណ្ឌលថែទាំ និងសង្រ្គោះសត្វព្រៃភ្នំតាម៉ៅ បានយកមកផ្សាំក្នុងទ្រុងនៅជិតបឹងដូនមាក្បែរខ្លោងទ្វារដីឆ្នាំងខាងជើងក្រុងអង្គរធំ។ សត្វទោចមកុដគូចុងក្រោយនេះ គ្រោងនឹងធ្វើការដោះលែងពីទ្រុងចូលទៅក្នុងព្រៃធម្មជាតិនៅឆាប់ៗខាងមុខ។

អាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា សត្វទោចមកុដជាសត្វរស់នៅជាគ្រួសារ មិនចូលជាមួយគ្រួសារ ឬជាមួយហ្វូងដទៃទេ ហើយគ្រួសារនីមួយៗមានដែនត្រាច់ចររៀងៗខ្លួនពី៥ទៅ១០ហិកតា និងមិនត្រួតដែនព្រៃគ្នាទេ។ ការកំណត់ទីតាំងក្រុមសត្វទោចមកុដទាំង៣គូកន្លងមក គឺមានគម្លាតពីគ្នា២០០០ម៉ែត្រ ឯចំណុះព្រៃនៅក្នុងឧទ្យានអង្គរ អាចសម្រាប់តែ៤គ្រួសារប៉ុណ្ណោះ ចំពោះលំហរព្រៃនៅសេសសល់ គឺបំរុងសម្រាប់កូនៗបែកពីមេ-បា។

“ដើម្បីឲ្យសត្វព្រៃទាំងអស់នោះបន្តវត្តមាននៅក្នុងព្រៃធម្មជាតិនៃរមណីយដ្ឋានអង្គរយើង និងបង្កើនចំនួនបន្ថែមទៀត អាជ្ញាធរជាតិអប្សរា និងគម្រោងដោះលែងសត្វព្រៃក្នុងឧទ្យានអង្គរ និងសូមអំពាវនាវហើយអំពាវនាវទៀតជូនសាធារណជន ភ្ញៀវជាតិ អន្តរជាតិ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ ចូលរួមថែរក្សាសត្វព្រៃទាំងនោះទាំងអស់គ្នា ជៀសវាងពេលប្រទះឃើញមានបំណងមិនល្អ និងសូមកុំផ្តល់ចំណីឲ្យសត្វទាំងនោះ”នេះជការបញ្ជាក់របស់អាជ្ញាធរជាតិអប្សរា៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ