ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូតអាមេរិក ៖ បរិយាកាស​វិនិ​យោ​គ​​នៅកម្ពុជា ​បច្ចុប្បន្ន​អាចទាក់​ទាញ​វិនិយោគិន​អាមេរិក​បន្ថែម

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ លោក W. Patrick Murphy ឯក​អគ្គ​រដ្ឋ​ទូត​សហអាមេរិកប្រចាំកម្ពុជាបានលើកឡើងថា បរិយាកាស​វិនិយោគ​នៅក្នុងប្រទេសកម្ពុជា នាពេល​បច្ចុប្បន្ន​នេះ​នឹង​អាច​ទាក់​ទាញវិនិយោគិន​អាមេរិកចូលម​កបណ្ដាក់​ទុន​វិនិយោគ​បន្ថែម​ទៀត ជា​ពិសេស​កិច្ច​​សហការ​រវាងវិនិយោ​គិនអាមេរិក…

រាជធានីភ្នំពេញ ៖ លោក W. Patrick Murphy ឯក​អគ្គ​រដ្ឋ​ទូត​សហអាមេរិកប្រចាំកម្ពុជាបានលើកឡើងថា បរិយាកាស​វិនិយោគ​នៅក្នុងប្រទេសកម្ពុជា នាពេល​បច្ចុប្បន្ន​នេះ​នឹង​អាច​ទាក់​ទាញវិនិយោគិន​អាមេរិកចូលម​កបណ្ដាក់​ទុន​វិនិយោគ​បន្ថែម​ទៀត ជា​ពិសេស​កិច្ច​​សហការ​រវាងវិនិយោ​គិនអាមេរិក និងវិនិយោគិនកម្ពុជា ដែលអាចបង្កើត​ជាក្រុមហ៊ុន​វិនិយោគ​ធំ​ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

លោក Murphy បានមានប្រសាសន៍បន្តថា តាម​រយៈ​បទ​ពិសោធន៍​របស់​លោក​នៅ​ក្នុង​ប្រទេសកម្ពុជា​ប៉ុន្មាន​ឆ្នាំ​នេះ​លោក​ថា ​បរិយាកាស​នៅ​ក្នុង​ប្រទេស​កម្ពុជា​ គឺ​មាន​ភាព​ងាយ​ស្រួល​សម្រាប់​វិនិយោគិន​អាមេរិក​ចូល​មក​បណ្ដាក់​ទុន​វិនិយោគ​ ។ លោក​ថា ​៖ «ផ្នែកមួយនៃការងាររបស់ខ្ញុំ គឺជួយកែលម្អបរិយាកាសវិនិយោគ ដើម្បីធ្វើយ៉ាងណាឲ្យក្រុមហ៊ុនច្រើនថែមទៀតចូលមកបណ្តាក់ទុននៅទីនេះ ហើយនេះជាអ្វីដែលក្រុមហ៊ុនទាំងនោះចង់ឃើញ ។ គេចង់ឃើញបរិយាកាសមួយដែលគោរពតាមនីតិរដ្ឋ គ្មានអំពើពុករលួយ  មានភាពស្មើគ្នា និងមានតម្លាភាព សម្រាប់ក្រុមហ៊ុនអាមេរិក ។ វាកំពុងធ្វើដំណើរក្នុងទិសដៅល្អមួយ តែក៏នៅមានចំណុចដែលត្រូវការកែលម្អផងដែរ» ។

លោក​ W. Patrick Murphy និងអ្នកឧកញ៉ា សៀ ឬទ្ធី វិនិយោគិនកម្ពុជា​


លោកបន្តទៀតថា វិនិយោគិន​អាមេរិក​ដែល​ចូល​មក​កម្ពុជា​ស្វែង​រក​ការ​វិនិយោគ​នានា​ គឺមិន​មាន​ការ​លំបាក​ពី​បញ្ហា​ភាសា​នោះ​ទេ ។ បុគ្គលិកកម្មករ​នៅក្នុង​ប្រទេស​កម្ពុជា​មួយ​ចំនួនធំ​​ក៏​អាចនិយាយ​ភាសាអ​ង់គ្លេស​បាន ជាមួយ​នឹង​ជំនាញ​ច្បា​ស់​លាស់ ដែល​ជា​កត្តា​សម្រួល​ដល់វិនិ​យោគិន​របស់​យើង​ក្នុង​ការចូលមកស្វែង​រក​ការ​វិនិយោគ​និង​បណ្ដាក់​ទុន​វិនិយោគ ។

លោក Gary Freedman វិនិយោគិន​អាមេរិក​មួយរូប​ដែល​ចូល​បណ្ដាក់​ទុន​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​និង​បាន​សហការ​ជា​មួយ​​ក្រុមហ៊ុ​នដឹកជ​ញ្ជូន​ក្នុង​ស្រុក​មួយ​បាន​ឱ្យ​ដឹង​ថា ​ក្រុ​​ម​ហ៊ុន​ដឹក​ជញ្ជូនរបស់ខ្លួន​​ដែលមា​ន​បទពិសោធន៍​ជាង​ ១០​០​ ឆ្នាំ​នៅស​ហ​រដ្ឋ​​អាមេរិក​បានសំឡឹងមើល​ឃើញថា វិស័​យ​ដឹក​ជញ្ជូន​​សា​ច់ប្រាក់​នៅកម្ពុជា គឺ​មាន​សក្ដា​នុពល​ក្នុង​ការ​ធ្វើ​ប្រតិ​បត្តិ ដូច្នេះហើយ​ទើបក្រុមហ៊ុនរបស់លោកបាន​ចូល​កម្ពុជា​ និង​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ដឹកជញ្ជូន​ក្នុង​ស្រុក​របស់​កម្ពុជា WorldBride Secure Logistics ដើម្បី​បង្កើត​ប្រតិបត្តិ​ការ​ដឹក​ជញ្ជូនក្រោមស្លាក Brink’s ហើយ​នឹង​ផ្ដល់​នូវ​ប្រតិបត្តិ​ការ​ដ៏ល្អជូន​អតិថិជន​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

លោកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Worldbridge Group ក៏បានឱ្យដឹ​ង​ផង​ដែរ​ថា ក្នុង​នាមជា​អ្នក​វិនិយោគ​​នៅក្នុងប្រទេស លោកពិត​ជារីក​រាយនៅ​ពេលមាន​ក្រុមហ៊ុ​​នលំដាប់​អន្តរជាតិ​កាន់តែច្រើន​ចូលមក​ក្នុង​ប្រទេស​ដើម្បី​ស្វែង​រក​ឱកាស​វិនិយោគ ។ តាមរយៈ​ក្រុមហ៊ុន​ដែល​មាន​បទ​ពិសោធន៍​ធ្វើអាជីវកម្ម​និង​ប្រតិបត្តិការ​ជាង​ ១០០ ​ឆ្នាំ ​វា​នឹង​ផ្ដល់​ប្រយោ​ជ​​ន៍​​ដល់​កម្ពុជា​នូវ​បទ​ពិសោធន៍​ និង​មេរៀន​ជា​ច្រើន​ដល់​កម្ពុជា ជា​ពិសេស​ជំនាញ​សម្រាប់​ធនធាន​មនុស្ស​កម្ពុជា​ ។ តាម​រយៈ​​​ក្រុមហ៊ុន​ដែល​មាន​អាយុកាល​ជាង​ ១០០​ ឆ្នាំ​ នេះ​ដែរ​នឹង​ស្រូប​ទាញ​វិនិយោគិន​អាមេរិក​ និង​ក្រុមហ៊ុន​ធំៗ​លំដាប់​អន្តរជាតិ​ជា​ច្រើន​​​ទៀត​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ស្វែង​រកការ​វិនិយោគ​ទៅតាម​ជំនាញ​របស់​ពួកគេ ​។

អ្នកឧកញ៉ាបន្តថា អ្វីដែល​កម្ពុជា​ត្រូវ​ធ្វើនិង​ត្រៀម​លក្ខណៈ​សម្រាប់​ស្វាគមន៍​វិនិយោគិន​បរទេស​ដែល​នឹង​ចូល​កម្ពុជា​នៅ​ពេ​ល​ឆាប់ៗ​នេះ គឺភាពស្របច្បាប់នៃក្រុមហ៊ុនក្នុងស្រុក ត្រូវ​ជា​ក្រុមហ៊ុន​ដែលមានការបញ្ជីបង់ពន្ធជូនរដ្ឋត្រឹមត្រូវ មាន​បញ្ជី​ស្នាម​ក្នុង​ការ​​ធ្វើប្រតិបត្តិការ​និង​អាជីវកម្ម​និង​ធនធាន​មនុស្ស​ទៅ​តាមវិស័យនីមួយៗ ។

ទិដ្ឋភាព​នៅរាជធានីភ្នំពេញ

បើតាមលោក វង្សី វិស្សុត រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងផងដែរថា ទោះស្ថិតនៅក្នុងដំ​ណាក់​កាល​​នៃការរីករាលដាលនៃកូវីដ១ ៩ កម្ពុជានៅ​តែទ​ទួល​បានលំហូរវិនិយោគពីប្រទេសជាបន្តបន្ទាប់ ដែល​អាច​ជួយ​សេដ្ឋកិច្ច​កម្ពុជាមិនឱ្យធ្លាក់ក្នុងវិបត្តិធ្ងន់ធ្ងរ ៕



អត្ថបទសរសេរ ដោយ

កែសម្រួលដោយ