ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថវិកា២០២១៖ សម្ដេច ទៀ បា.ញ់ បដិសេធការស្នើសុំកាត់បន្ថយថវិកាលើវិស័យការពារជាតិ

3 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានបញ្ចេញប្រតិកម្មចំពោះការស្នើសុំឲ្យមានការកាត់បន្ថយចំណាយលើវិស័យការពារជាតិ នៅក្នុងគម្រោងថវិកាឆ្នាំ២០២១ ដែលលើកឡើងដោយក្រុមសង្គម​ស៊ីវិលនាពេលកន្លងមក។…

រាជធានីភ្នំពេញ ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានបញ្ចេញប្រតិកម្មចំពោះការស្នើសុំឲ្យមានការកាត់បន្ថយចំណាយលើវិស័យការពារជាតិ នៅក្នុងគម្រោងថវិកាឆ្នាំ២០២១ ដែលលើកឡើងដោយក្រុមសង្គម​ស៊ីវិលនាពេលកន្លងមក។

នៅក្នុងសម័យប្រជុំរដ្ឋសភា ក្នុងការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ នៅព្រឹកថ្ងៃទី២៥វិច្ឆិកានេះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថាការស្នើឲ្យកាត់បន្ថយការចំណាយវិស័យការពារជាតិនោះ គឺជាការមិនត្រឹមត្រូវ។ សម្តេចថាថវិកាក្នុងចំណោយថវិកាក្រសួងទំាងអស់ បានចំណាយ៨៦%ទៅលើការប្រាក់បៀវត្សរ៍របស់មន្រ្តីរាជការ។ ថវិកានៅសសល់តិចតូចសម្រាប់មន្រ្តីយោធនាធ្វើការងារសង្គម។

សម្តេចបានលើកឡើងថារដ្ឋាភិបាលបានតាក់តែងច្បាប់ថវិកាឆ្នាំ២០២១ ដើម្បីឆ្លើយតបបញ្ហាជំងឺកូវីដ១៩ និងគ្រោះធម្មជាតិជំនន់ទឹកភ្លៀង។ “ថវិកាឆ្នាំ២០២១គឺជាថវិកាប្រយុទ្ធការពារអាយុជីវិតប្រជាជន រក្សាលំនឹងសង្គម សេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជនព្រមជាមួយនឹងការតម្រង់ធនធានឆ្ពោះទៅស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ នៅក្រោយពេលស្រាកស្រាន្តពីវិបត្តិជំងឺកូវីដ១៩ តាមគន្លងប្រក្រតីថ្មី ដើម្បីធានាសុខសន្តិភាព ស្ថិរភាពសង្គម និងចីរភាពនៃកំណើនសេដ្ឋកិច្ច ព្រមទំាងភាពប្រកួតប្រជែងរបស់កម្ពុជាជាមួយនឹងការបន្តលើកស្ទយសុខុមាលភាពរបស់ប្រជាជន”នេះជាការលើកឡើង របស់សម្តេច ទៀ បាញ់។

ថវិកាជាតិ​ឆ្នាំ២០២១ រដ្ឋគ្រងចំណាយជិត​៨ពាន់​លានដុល្លារ​​ ត្រូវបែងចែក​ជា២​ធំៗ ​គឺថវិកា​សម្រាប់ចំណាយ​ថ្នាក់ជាតិ ​ដែលមាន​ទំហំជាង​៧ពាន់​លាន​ដុល្លារ (​ជាង​៧៤៦៤​លាន​ដុល្លារ​)​ និង​ថវិកា​សម្រាប់​ចំណាយ​ថ្នាក់ក្រោម​ជាតិ ​ដែលមាន​ទំហំ​ជិត៣រយលាន​ដុល្លារ​។

 លោកបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានលើកឡើងថាឆ្នាំ២០២១ ថវិកាសំខាន់បានផ្តោតលើការងារសង្គមពិសេសការប្រយុទ្ធប្រឆំាងជំងឺកូវីដ១៩ និងការស្តារសេដ្ឋកិច្ចឡើងវិញក្រោយពីវិបត្តិនេះបានបញ្ចប់ ការលើកកម្ពស់សេវាសុខាភិបាល ព្រមទំាងការស្តារហេដ្ឋាចរនាសម្ព័ន្ធសង្គមឡើងវិញក្រោយពីកម្ពុជាបានរងគ្រោះជំនន់ទឹកភ្លៀងនៅឆ្នាំ២០២០នេះ។

រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាងថាថវិកាវិស័យការពារមិនបានបង្កើនច្រើនជាងវិស័យនានានោះទេ។ ដោយយោងទៅលើការលើកឡើងរបស់សម្តេចទៀ បាញ់ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចថា ថវិកាវិស័យការពារជាតិប្រមាណ១៤% សល់ពីប្រាក់បៀវត្សរ៍មន្រ្តីយោធា បានយកទៅកសាង និងជួសជុលហេដ្ឋារចនាសម្ព័ន្ធកងទ័ព។​

ក្រុមអង្គការសង្គមស៊ីវិល កាលពីពេលថ្មីៗនេះ បានស្នើដល់រដ្ឋាភិបាល រដ្ឋសភា ពនិត្យសិក្សាលើគម្រោងថវិការដ្ឋឆ្នាំ២០២១ឲ្យបានហ្មត់ចត់ ពិសេសមិនធ្វើឲ្យមានការចំណាយច្រើនជាងចំណូល ដែលនាំឲ្យកម្ពុជាខ្ចីប្រាក់ពីបរទេសកាន់តែច្រើននោះទេ។

សង្គមស៊ីវិល តាមរយៈវេទិការអង្គការក្រៅរដ្ឋាភិបាល(NGO FORUM) បានគូសបញ្ជាក់ថា «សង្គមស៊ីវិលសូមស្នើក្រសួងស្ថាប័នទំាងអស់ចូលរួមកាត់បន្ថយនូវការចំណាយដែលមិនចំាបាច់ និងលើកទឹកចិត្តឲ្យរដ្ឋាភិបាលកៀរគរសង្គមស៊ីវិល និងវិស័យឯកជនចូលរួមចំណែកក្នុងកិច្ចការអភិវឌ្ឍ។ សង្គមស៊ីវិលស្នើដល់រដ្ឋសភានិងរដ្ឋាភិបាលកាត់បន្ថយចំណាយលើវិស័យការពារជាតិ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដោយគួរតែយកចិត្តទុកដាក់លើវិស័យសេដ្ឋកិច្ច និងវិស័យសង្គមឲ្យបានច្រើន»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ