រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវបានស្លាប់ភ្លាមៗនៅនឹងកន្លែង និង២នាក់ផ្សេងទៀតត្រូវរងរបួសធ្ងន់ធ្ងរ ហើយបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់ពីពួកគេទាំង៣នាក់ជិះម៉ូតូឌុបគ្នាក្នុងយ៉ាងលឿនមិនប្រយ័ត្នជ្រុលចង្កូតបុកពីក្រោយរថយន្តមិនចាំម៉ាកមួយគ្រឿងទាំងកំរោល នៅតាមបណ្តោយផ្លូវថៃហ្គ័រ ច្រកចូលរោងចក្រផលិតស្រាបៀរថៃហ្គ័រ ស្ថិតក្នុងភូមិរបោះអង្គាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ កាលពីវេលាម៉ោង១៣ និង៥០នាទីរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ ។
ជនរងគ្រោះដែលស្លាប់ពុំបានស្គាល់អត្តសញ្ញាណ ទេ ។ ដោយឡែកជនរងគ្រោះ២នាក់ ដែលរងរបួសទី១- ឈ្មោះម៉ៅ ម៉ាច ភេទប្រុស អាយុ២១ឆ្នាំ និងទី២-ឈ្មោះផោវ វាសនា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាងដែក ។ អ្នកទាំង២មានស្រុកកំណើតនៅភូមិតាគោក ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង ។
ព័ត៌មាននៅកន្លែងកើតហេតុឲ្យដឹងថា មុនកើតហេតុគេឃើញបុរស៣នាក់ ខាងលើជិះម៉ូតូមួយគ្រឿង ពណ៌ក្រហម ស្លាកលេខ ព្រៃវែង ១C-៣៧៥៦ ជិះឌុបគ្នាធ្វើដំណើរតាមបណ្តោយផ្លូវថៃហ្គ័ ពីត្បូងទៅជើងយ៉ាងលឿន លុះដល់ចំណុចកើតហេតុ ក៏ជ្រុលបុកផ្ទប់ពីក្រោយរថយន្ត មិនចាំម៉ាកមួយគ្រឿង ដែលកំពុងជិះធ្វើដំណើរស្របទិសគ្នា ហើយបានបុកពីក្រោយពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ដែលជាអ្នកជិះកណ្តាលត្រូវបាក់.ក ស្លាប់ភ្លាមនៅនឹងកន្លែង ដោយឡែក២នាក់ទៀត ដែលជាអ្នកឌុប និងអ្នកអង្គុយពីក្រោយ ត្រូវរងរបួសធ្ងន់ធ្ងរ ។ ភ្លាមភាគីខាងរថយន្តបានបើកចេញពីកន្លែងកើតហេតុបាត់ស្រមោលផងដែរ ។
ក្រោយកើតហេតុសមត្ថកិច្ចនគរបាលមូលដ្ឋាន សហការជាមួយជំនាញចុះអន្តរាគមន៍ធ្វើការវាស់វែងនៅកន្លែង និងអូសយកម៉ូតូជនរងគ្រោះ មករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ រង់ចាំសាច់ញាតិជនរងគ្រោះ យកឯកសារមកផ្ទៀងផ្ទាត់ ហើយទទួលយកទៅវិញ ។ ដោយឡែកសពជនរងគ្រោះ ត្រូវសមត្ថកិច្ចទំនាក់ទំនងទៅក្រុមគ្រួសារសាច់ញាតិឲ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ