រាជធានីភ្នំពេញ៖ រថយន្តទំនើបមួយគ្រឿង បានបើកបរលើផ្លូវជាតិលេខ១ កាលពីព្រលប់ថ្ងៃព្រហស្បតិ៍ ក្នុងសប្តាហ៍ដើមខែកញ្ញានេះ នៅពេលចរាចរណ៍លើដងផ្លូវកំពុងមមាញឹក រថយន្ត ម៉ូតូ ប្រជែងគ្នាទៅមុខ មានទំាងរយន្តទំនើបមួយគ្រឿងនោះដែរ។
ធ្វើដំណើរសុខៗ មនុស្សម្នាធ្វើដំណើរក្បែរៗគ្នា ដោយសារតែការកកស្ទះ រថយន្តទំនើបមួយគ្រឿងនោះបានទម្លាក់កញ្ចក់ទ្វារខាងក្រោយចុះ។ មួយសន្ទុះមក កាកសំណល់ មានទម្ទេចក្រដាស ស្លឹកចេក ដែលទំនងជាកាកសំណល់អាហារដែលអ្នកនៅក្នុងឡាន បរិភោគហើយ ត្រូវបានបោះចេញពីរថយន្តនោះ តាមទ្វារក្រោយ។ កាកសំណល់បានចេញពីរថយន្ត ហាក់គ្មានបារម្ភពីការបះពាល់ ដល់អ្នកធ្វើដំណើរលើដងផ្លូវជាមួយគ្នានោះឡើយ។ រថយន្តទំនើបនោះ ក្រោយពីទម្លាក់កាកសំណល់ហើយ នៅតែបន្តដំណើរទៅមុខជាធម្មតា ហើយបន្តបើកកញ្ចក់ចុះមួយសន្ទុះ ទើបបិទឡើងវិញ។
គ្រប់គ្នាបានត្រឹមចោលភ្នែកមើលទៅអ្នកកំពុងជិះក្នុងរថយន្តប៉ុណ្ណោះ។ នៅក្នុងរថយន្តនេះ មាន មនុស្សចាស់ៗពីរនាក់អង្គុយប៉ែកខាងមុខរួមទំាងអ្នកបើកបរជាបុរសវ័យជាង៥០ឆ្នាំ។ ខាងក្រោយ ដែលបានទម្លាក់កញ្ចក់ចុះ មានក្មេងៗជំទង់ពីរនាក់ និងមនុស្សចាស់ម្នាក់។ គេមិនដឹងថា អ្នកអង្គុយខាងក្រោយនោះ នណាម្នាក់ជាអ្នកបោះកាកសំណល់ ចេញពីរថយន្តទេ។ ប៉ុន្តែយ៉ាងហោចណាស់គេអាចគិតថា ពួកគេបានត្រូវរូ៉វគ្នា បាននិយាយគ្នា មុខធ្វើការទម្លាក់កាកសំណល់នោះចេញពីរថយន្ត ដើម្បីកុំឲ្យមានសំរាម នៅក្នុងរថយន្តដ៍ថ្លៃរបស់គេ។
តើលោកអ្នកយល់យ៉ាងណាចំពោះសកម្មភាពបែបនេះ? ករណីអ្នកជិះឡាន ហើយទម្លាក់កញ្ចក់ចុះ ចោះចោលសំរាម កាកសំណល់នេះ ទំនងមានច្រើនករណី។ ប្រហែលមានលោកអ្នកខ្លះ ក៏បានជួបប្រទះករណីនេះដោយផ្ទាល់ផងដែរ។
គ្រប់គ្នាបានត្រឹមហួសចិត្តដែលសកម្មភាពគ្មានសុជីវធម៌បែបនេះ នៅតែកើតមាននៅក្នុងសង្គម ដែលការបោះសំរាម ចោលតាមទីសាធារណៈលែងមានមនុស្សធ្វើទៀតហើយនោះ។ អ្នកធ្វើដំណើរលើដងផ្លូវ បានត្រឹមលួចហួសចិត្តពេលឃើញករណីនេះ មានអ្នកខ្លះក៍គ្រាន់តែចង់ឃើញមុខអ្នកទម្លាក់កាកសំណល់នោះ។ ប៉ុន្តែក៏មានដែលពលរដ្ឋខ្លះ លួចជេរអ្នកធ្វើសកម្មភាពនេះថា «គ្មានមារយាទ គ្មានសុជីវធម៌» ។ រហូតអ្នកខ្លះពោលថា «ជិះឡានថ្លៃ តែចរិកថោក» ជាដើម។
សកម្មភាពនេះ គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជាច្រើនលើដងផ្លូវ ។ កន្លងមកក៏ធ្លាប់មានករណីបងប្អូនខ្លះជិះម៉ូតូផឹកកាហ្វេ រួចពេលជាប់ស្តុបក៏គ្រវែងដបកំប៉ុងប្លាសិ្ទកដែលមានទឹកកក ចោលទៅលើចិញ្ចឹមផ្លូវ ក្រោយពីផឹកកាហ្វេអស់ ។
ប្រាកដណាស់សកម្មភាពបែបនេះ គ្រាន់តែជាករណីមួយក្នុងចំណោមឥរិយាមិនសមរម្យជាច្រើន ដែលបានបានឃើញកើតមានឡើងនៅលើដងផ្លូវ ដូចជាមានអ្នកខ្លះបានបើកកញ្ចក់រថយន្ត ស្តោះទឹកមាត់ បើកកញ្ចក់រថយន្ត ជិះបារី បង្ហុយផ្សែងដាក់អ្នកដទៃ។ មានអ្នកបើកបរខ្លះ ជិះរថយន្តថ្លៃ ពេលមានរថយន្ត ដែលគេគោរព ភ្លើងស្ដុប បើជាខ្លួន ស៊ីផ្លេរឲ្យគេបើកផ្លូវឲ្យខ្លួន បានទៅមុខទំាងភ្លើងក្រហម ទៅវិញ។ ករណីប្លែកៗ ខុសគេបែបនេះ ពេលណាបានអស់ហ្ន៕
ចែករំលែកព័តមាននេះ