អាមេរិក ៖ តាមប្រភពព័ត៌មាន The Star បានឱ្យដឹងថា ប្រាំបីសប្តាហ៍បន្ទាប់ពីត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជាមួយនឹងជំងឺកូវីដ១៩ នៅក្នុងខ្លួន លោក Henry Bell និងគូដណ្តឹងដ៏យូររបស់គាត់ បានសម្រេចចិត្តរៀបការនៅមន្ទីរពេទ្យក្រោយពីពេលជាដាច់ពីកូវីដភ្លាម។

ដូច្នេះមួយថ្ងៃមុនពេលដែលគាត់បានអនុញ្ញាតឱ្យចេញពីពេទ្យ នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Orange Park រដ្ឋ Florida នៅសហរដ្ឋអាមេរិក លោក Bell អាយុ ៦៣ឆ្នាំ និងអ្នកស្រី Antionette Brown អាយុ៤៨ឆ្នាំ បានធ្វើពិធីរៀបមង្គលការស្បថស្បែរនៅកន្លែងចំណតរថយន្តក្នុងមន្ទីរពេទ្យ។ ពូរបស់ Brown ជាអ្នកមុខអ្នកការក្នុងកម្មវិធីនេះ។

នាង Brown បាននិយាយថា៖ «ស្ថានភាពជំងឺរបស់គាត់ (Bell) គឺធ្ងន់ធ្ងរណាស់។ យើងបានសម្រេចចិត្តធ្វើវាឥឡូវនេះ ពីព្រោះយើងមានអារម្មណ៍ថាពួកគេ (បុគ្គលិកមន្ទីរពេទ្យ) ដូចជាគ្រួសាររបស់ពួកយើងទៅហើយ និងចង់ចែករំលែកជីវិត ដែលពួកគេបានផ្តល់ឱ្យយើងវិញ»។

លោក Bell ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យនៅថ្ងៃទី១៣ ខែកញ្ញា ហើយភ្លាមៗត្រូវបានគេដាក់បំពង់ខ្យល់ ដើម្បីជួយដល់ការដកដង្ហើម។ គាត់បានចំណាយពេលជាច្រើនសប្តាហ៍នៅក្នុងបន្ទប់សង្គ្រោះជំងឺធ្ងន់ (ICU)៕






ចែករំលែកព័តមាននេះ