ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​ឆ្នាំ២០១៧ពលរដ្ឋ​ម្នាក់​រក្សា​ទុក​លុយ​រៀល​ជាប់​ខ្លួន​ជា​មធ្យម​៥៧​ម៉ឺន​រៀល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ធនាគារជាតិ​នៃ​កម្ពុជា​អះអាង​ថា កាលពី​ឆ្នាំ​២០១៧ ពលរដ្ឋ​កម្ពុជា​ម្នាក់​ៗ​បាន​រក្សា​ទុក​ប្រាក់​រៀល​ជាប់​ខ្លួន គិត​ជា​មធ្យម​ចំនួន​៥៧​ម៉ឺន​រៀល ។ លោក ឃូ វុ​ឍ្ឍី…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ធនាគារជាតិ​នៃ​កម្ពុជា​អះអាង​ថា កាលពី​ឆ្នាំ​២០១៧ ពលរដ្ឋ​កម្ពុជា​ម្នាក់​ៗ​បាន​រក្សា​ទុក​ប្រាក់​រៀល​ជាប់​ខ្លួន គិត​ជា​មធ្យម​ចំនួន​៥៧​ម៉ឺន​រៀល ។

លោក ឃូ វុ​ឍ្ឍី អគ្គនាយករង​បច្ចេកទេស​ធនាគារជាតិ​នៃ​កម្ពុជា មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី​៣០ មេ​សា ក្នុង​ពិធី​អបអរសាទរ​ទិវា​ពលកម្ម​អន្តរជាតិ​១ ឧសភា ថា ៖« ខ្មែរ​យើង​ស្ទើរតែ​បាត់បង់​ជំនឿ​ទុកចិត្ត​ទាំងស្រុង​ទៅ​លើ​ប្រាក់​រៀល​នា​ពេល​កន្លង​មក តែ​ចាប់ពី​ឆ្នាំ​១៩៩៨​មក ពលរដ្ឋ​កម្ពុជា​ចាប់ផ្តើម​មាន​ជំនឿ​ទុកចិត្ត ដោយ​ទុក​ប្រាក់​រៀល​ជាប់​ខ្លួន​បាន​កើនឡើង​បន្តិច​ម្តង​ៗ» ។

លោក​អគ្គនាយករង​លើក​ឡើង​ថា ៖«​មាន​សូចនាករ​មួយ​បង្ហាញ​អំពី​ជំនឿ​ទុក​ចិត្តជា​បន្តបន្ទាប់ យើង​អាច​មើលទៅ​លើ​ចំនួន​មនុស្ស​ម្នាក់​ៗ​គិត​ជា​មធ្យម កាល​ក្នុង​ឆ្នាំ​១៩៩៨ ការ​រក្សា​លុយ​ជាប់​ខ្លួន​មាន​ត្រឹមតែ​៤​ម៉ឺន​រៀល បាន​បន្ត​កើនឡើង​ដល់​១៧​ម៉ឺន​រៀល​ក្នុង​ឆ្នាំ​២០០៨ និង​៥៧​ម៉ឺន​រៀល​នៅ​ឆ្នាំ​២០១៧ ។ អីចឹង កំណើន​កើនឡើង​ពី​៤​ម៉ឺន​រៀល​រហូត​ដល់​៥៧​ម៉ឺន​រៀល​ក្នុង​ឆ្នាំ​២០១៧​កន្លង​មកនេះ គឺ​ស្ដារ​ឡើង​វិញ​ដោយ​ការ​លំបាក និង​ប្រើ​រយៈពេល​យូរ ទម្រាំ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ងាក​មក​ប្រើ និង​មាន​ជំនឿ​ទុកចិត្ត​ទៅ​លើ​ប្រាក់​រៀល » ។
នាយក​ប្រតិបត្តិ​នៃ​សមាគម​មីក្រូហិរញ្ញវត្ថុ យល់​ឃើញ​ថា ការ​លើក​ឡើង​របស់​មន្ត្រី​ធនាគារជាតិ​នៃ​កម្ពុជា​ខាងលើ​នេះ គឺ​មាន​ភាព​ប្រាកដប្រជា​ច្រើន ផ្អែក​តាម​និន្នាការ និង​ការ​ជំរុញ​ការ​ប្រើប្រាស់​ប្រាក់​រៀល ។
លោក យុន សុ​វ​ណ្ណា នាយក​ប្រតិបត្តិ​នៃ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី​៣ ឧសភា ម្សិលមិញ​ថា ៖« ខ្ញុំ​គិត​ថា ការ​វាយតម្លៃ​នេះ​មាន​ភាព​ប្រាកដប្រជា​ច្រើន​។ ឥឡូវនេះ យើង​មើលឃើញ​ថា មិនមែន​មាន​តែ​និន្នាការ​ស្នេហា​ជាតិ ស្រឡាញ់​ប្រាក់​រៀល និង​ប្រើប្រាស់​តែ​មួយ​មុខ​នោះ​ទេ សូ​ម្បី​តែ​អាជីវករ​ផ្សេង​ៗ ពួក​គាត់​ក៏​ចូលរួម​ជំរុញ​ការ​ប្រើប្រាស់​ប្រាក់​រៀល​ដែរ ។ អីចឹង យើង​ឃើញ​ថា និន្នាការ និង​ការ​ប្រើប្រាស់​ប្រាក់​រៀល​វា​កើនឡើង បើ​ប្រៀបធៀប​នឹង​ប៉ុន្មាន​ឆ្នាំ​មុន » ។

លោក គា បូរាណ ប្រធាន​ក្រុមប្រឹក្សាភិបាល​សមា គម​មីក្រូហិរញ្ញវត្ថុ ធ្លាប់​មាន​ប្រសាសន៍​ថា ៖« បន្ទាប់​ពី​ធនាគារជាតិ​ជំរុញ​ឱ្យ​មានការ​ប្រើប្រាស់​ប្រាក់​រៀល​កន្លង​មក យើង​សង្កេត​ឃើញ​ថា ប្រជាជន​យើង​ប្រើប្រាស់​ប្រាក់​រៀល​ច្រើន​ជាង​មុន សូ​ម្បី​តែ​ប្រាក់​សន្សំ​ដែល​ខាង​អេ​អឹ​ម​ខេ ទទួល​បាន ក៏​កើន​ឡើងជា​ប្រាក់​រៀល​ច្រើន​ដែរ ពិសេស​ប្រជាជន​ដែល​គាត់​មាន​ចំណូល​ទាប គាត់​ត្រូវការ​ប្រាក់​រៀល​ច្រើន​ជាង​ប្រាក់​ដុល្លារ » ។
លោក​លើក​ឡើង​ថា ដើម្បី​ជំរុញ​ឱ្យ​មានការ​ប្រើប្រាស់​ប្រាក់​រៀល​កាន់តែ​ច្រើន ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ព្យាយាម​ពន្យល់​ដល់​ប្រជាពលរដ្ឋ​ទូទៅ​។ លើស​ពី​នេះ ត្រូវ​ចូលរួម​បង្កើត​ផលិតផល​ឬ​សេវាកម្ម ដែល​ផ្តល់​អត្រា​ការ​ប្រាក់​ខ្ពស់ នៅ​ពេល​មានការ​ដាក់​សន្សំ​ជា​លុយ​រៀល ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មើលឃើញ​ផល​ចំណេញ​ច្រើន​ជាង​ការ​ដាក់​សន្សំ​លុយ​ដុល្លារ ពី​៣​ទៅ​៤% ក្នុង​ទំហំ​ទឹកប្រាក់​ដូច​គ្នា ។
លោក​ជំទាវ ជា សិរី អគ្គនាយក​បច្ចេកទេស​នៃ​ធនាគារជាតិ​នៃ​កម្ពុជា មាន​ប្រសាសន៍​ថា ៖«​យើង​សង្កេត​ឃើញ​ថា ការ​ប្រើប្រាស់​ប្រាក់​រៀល​នៅ​ក្នុង​ចរន្ត​សេដ្ឋកិច្ច​មានការ​កើន​ឡើងជា​លំដាប់ ។ កំណើន​នេះ​ក៏​ជា​មោទនភាព​មួយ​ដែរ​របស់​ធនាគារជាតិ​នៃ​កម្ពុជា ហើយ​យើង​ក៏​កំពុង​សហការ​ជាមួយ​ស្ថាប័ន​ទាំងអស់ ពិសេស​ពី​វិស័យ​ឯកជន ឱ្យ​គាត់​ចូលរួម​ប្រើប្រាស់​ប្រាក់​រៀល » ។

លោក​ជំទាវ​គូសបញ្ជាក់​ថា ៖« តាម​ការ​អង្កេត​របស់​យើង ការ​ប្រើប្រាស់​ប្រាក់​រៀល​ច្រើន​ជាងគេ គឺ​នៅ​តាម​ជនបទ ដែល​ជា​ភូមិភាគ​កណ្តាល គឺ​ខេត្ត​មិន​ជាប់​ព្រំប្រទល់​ជាមួយ​ប្រទេស​ជិតខាង ដូច​ជា ខេត្តកំពង់ធំ​, កំពង់ចាម​, បាត់ដំបង និង​ខេត្ត​ជា​តំបន់​ទេសចរណ៍ ជា​ទូទៅ ការ​ប្រើប្រាស់​ប្រាក់​រៀល​ច្រើន​ជាងគេ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ