ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាកសំណល់សង្រ្គាមនៅពាសពេញដីសម្លា.ប់ជីវិតពលរដ្ឋសឹង​រាល់ថ្ងៃ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ភ្លើងសង្រ្គាមជាច្រើនទស្សវត្សរ៍នៅកម្ពុជា បានបង្កឲ្យពលរដ្ឋខ្មែរស្លាប់​រហូតមកដល់ពេលនេះ មិនទានឈប់នោះទេជាមួយសព្វាវុធ កាកសំណល់សង្រ្គាម គ្រាប់មីន ដែលបានបន្សល់នៅពាសពេញប្រទេស ក្នុងដី លើដី…

រាជធានីភ្នំពេញ ៖ ភ្លើងសង្រ្គាមជាច្រើនទស្សវត្សរ៍នៅកម្ពុជា បានបង្កឲ្យពលរដ្ឋខ្មែរស្លាប់​រហូតមកដល់ពេលនេះ មិនទានឈប់នោះទេជាមួយសព្វាវុធ កាកសំណល់សង្រ្គាម គ្រាប់មីន ដែលបានបន្សល់នៅពាសពេញប្រទេស ក្នុងដី លើដី និងនៅលើអាកាស មិន​ថាក្នុងព្រៃ ក្នុងចម្ការ ឬក្បែរផ្ទះអ្នកស្រុកនោះ ។

តាមសកម្មភាពរបស់មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ដែលហៅថា MAC កន្លងទៅបានរកឃើញគ្រាប់មីន និងកាក់សំណល់សង្រ្គាម នៅកន្លែងលក់អេតចាយ នៅចង្រ្កានបាយពលរដ្ឋ ដែលពលរដ្ឋបានយកកាកសំណល់​សង្រ្គាមធ្វើរបស់​របរប្រើប្រាស់ ជាកំណល់ចង្រ្កានក៍មាន។ កន្លែងខ្លះ ពលរដ្ឋជីកដីធ្វើផ្ទះ ធ្វើរបងផ្ទះ​ ក៍ជួបគ្រាប់មីន។ ដូចជាករណី កាលពីថ្ងៃទី០៥និងទី៧​ ខែតុលា ឆ្នាំ២០២០​នេះ​ CMAC បានរាយការណ៍ថា បានជួបប្រទះ​ ២ករណី​ ជីកដីធ្វើគ្រឹះសំណង់ផ្ទះ​និងរបង ប៉ះចំកន្លែងកប់គ្រាប់។ សំណាងណាស់មិនប៉ះកន្លែងបង្កផ្ទុះ​ គ្រោះថ្នាក់។

ចំណែកនៅខេត្តព្រះវិហារ កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ មានពលរដ្ឋបានចងគ្រាប់មួយគូហ្នងទុកជូនពូៗស៊ីម៉ាក់ នៅនឹងគល់ឈើងាប់។ ពេលនេះ CMAC បានអំពាវនាវផងជាថ្មីថា បើ ឃើញគ្រាប់នៅកន្លែងណាដាក់ស្លាកសញ្ញាសំគាល់គ្រោះថ្នាក់កន្លែងនោះផ្ទាល់តែម្តង ឬរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ឬប៉ូលីស ឬស៊ីម៉ាក់ភ្លាម។ កុំប៉ះពាល់ កាន់វាយដុំចងព្យួរ ព្រោះថាបើផ្ទុះដឹងតែស្លាប់ហ្នង។

មានពេលខ្លះករណីរកឃើញកាកសំណល់សង្រ្គាម ហួសចិត្តតែម្តង។ ពលរដ្ឋខ្លះបានយកគ្រាប់មិនទាន់ផ្ទុះ ទៅធ្វើជាអ្នកតាម្ចាស់ទឹកដី។ គ្រាប់យកធ្វើអ្នកតា មិនមែនជាគ្រាប់តូចតាចទៀត ជាគ្រាប់បែកចង្កោម​ទម្លាក់ពីយន្តហោះ​ និងគ្រាប់M79​ ក៍មាន។

ចំពោះករណីពលរដ្ឋរងគ្រោះដោយសារគ្រាប់មីននិងកាកសំណល់សង្រ្គាមវិញ ត្រូវបានគេរាយការណ៍ថាមានសឹងរាល់ថ្ងៃ ។ នៅល្ងាចថ្ងៃ២៨​ ខែមិថុនា​ ឆ្នាំ២០២០​ នៅភូមិត្រពាំងព្រលិត ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល​ មានករណីផ្ទុះគ្រាប់កាំភ្លើងធំ១០៥មីលីម៉ែត្រ​ ស្លាប់បុរស​ អាយុ៥៥ ឆ្នាំជាម្ចាស់ស្តង់ទិញលក់អែតចាយ និងកែឆ្នៃធ្វើឧបករណ៍គ្រឿងបន្លាស់ផេ្សងៗ។ សូមចូលរួមសោកស្តាយជាមួយគ្រួសារសព។

ចំណែកកាលពីល្ងាចថ្ងៃទី២៨​ ខែកក្កដា​ ឆ្នាំ២០២០​ មានករណីគ្រោះថ្នាក់ផ្ទុះមីននៅឃុំបន្ទាយឆ្មា​ ស្រុកថ្មពួក​ ខេត្តបន្ទាយមានជ័យ​ ធ្វើឱ្យយុវជនអាយុ១៤ឆ្នាំម្នាក់រងរបួសជាទម្ងន់លើជើងទាំង២និងមុខ។ យុជនរងគ្រោះបានជាន់មីនប្រឆាំងមនុស្សរបស់យុវជននេះស្ថិតនៅក្បែរព្រំដែនកម្ពុជា-ថៃ​ ដោយសារដើរជីកទំពាំង។​

រីឯករណីគ្រោះថ្នាក់ផ្ទុះមីនតោន នៅចំណុចក្នុងភូមិតាគ្រក ឃុំត្រែងស្រុក រតន:មណ្ឌល ខេត្តបាត់បង​ កាលពីថ្ងៃទី២៧​ ខែកក្កដា​ ឆ្នាំ២០២០ បានបង្កឱ្យអ្នកបើកបរត្រាក់ទ័ររងរបួសធ្ងន់។ ជនរងគ្រោះបានស្លាប់បាត់បង់ជីវិត ពេលមកដល់មន្ទីរទេព្យ។

នៅថ្ងៃទី២៦​ ខែកក្កដា​ ឆ្នាំ២០២០​ នៅភូមិស្រអែ​មខាងត្បូង​ ឃុំកន្ទួត​ ស្រុកជាំក្សាន្ត​ ខេត្តព្រះវិហារ​ មានករណីផ្ទុះគ្រាប់បេ៤០​ ស្លាប់ក្មេងអាយុ៤ឆ្នាំម្នាក់​ ក្មេង២នាក់រងរបួសនិងឪពុកក្មេងស្លាប់នោះក៏រងរបួសផងដែរ។ គ្រាប់បេ៤០នោះ​ ត្រូវបានឪពុកនោះកាលពី៣-៤ខែមុនបានរើសយកមកដុតចោលតែមិនផ្ទុះ​ ហើយក្រោយមកក្មេងៗបានរើសធ្វើក្បាលមេក្រូច្រៀងលេង ក៏ផ្ទុះតែម្តង។

ជារួម សង្រ្គាមមិនត្រឹមបំផ្លាញប្រទេសជាតិ អាយុជីវិតពលរដ្ឋ មិនត្រឹមនៅពេលភ្លើងសង្រ្គាមកំពុងផ្ទុះឡើងនោះទេ។ ៣០ឬ៤០ឆ្នាំ ក្រោយសង្រ្គាម ប្រទេសជាតិ ប្រជាពលរដ្ឋ នៅតែទទួលរងផលលំបាកពីសង្រ្គាម ជាបន្តបន្ទាប់ ខាតទំាងថវិកា បាត់បង់ទំាងអាយុជីវីត។ពលរដ្ឋក្រីក្រប្រឈមគ្រោះថ្នាក់ច្រើនជាងគេ៕



អត្ថបទសរសេរ ដោយ

កែសម្រួលដោយ