រាជធានីភ្នំពេញ ៖ បុរសជាជនដៃដល់ម្នាក់ត្រូវបានកម្លាំងមានសមត្ថកិច្ចចាប់ឃាត់ខ្លួន ក្រោយពីរូបគេបានប្រើអំពើហិង្សា បង្ករបួសស្នាមទៅលើយាយជីវ័យចំណាស់ម្នាក់ នៅក្នុងវត្តថាន់ រួចមក ហើយអ្វីដែលធ្វើឲ្យមនុស្សជាច្រើនចាប់អារម្មណ៍យ៉ាងខ្លាំងនោះ គឺនៅលើដៃរបស់គេមានសាក់សរសេរជាអក្សពាក្យថា«ខ្នោះដៃអាល័យស្នេហ៍» ។ ហេតុការណនេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ នៅចំណុចក្នុងវត្តថាន់ ដែលមានទីតាំងនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា បុរសដែលបានចាប់ឃាត់ខ្លួនមានឈ្មោះ វ៉ាន់ វឿន អាយុ ៣៨ឆ្នាំ មុខរបររើសអេតចាយ មានទីលំនៅមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិឈើខ្មៅ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល ។
មុនពេលកើតហេតុបុរសជាជនដៃដល់បានដើររើសអេតចាយនៅក្នុងវត្តថាន់ខាងលើ ពេលនោះក៏បានឃើញសំបកកំប៉ុងចំនួន៣ទៅ៤កំពុង នៅលើដីក៏បានទៅយក ហើយក៏ត្រូវបានលោកយាយជីវ័យចំណាស់ម្នាក់បានស្រែកថា«ជាសំបកកំប៉ុងរបស់គាត់បានរើសយកទុកទេ» ។ តាមប្រភពដដែលបានប្រាប់បន្តទៀតថា ពេលនោះក៏ស្រាប់តែមានការជជែកគ្នាតឹងសរសៃ.កដាក់គ្នា ហើយបុរសជាជនដៃដល់ខាងលើបានយកសំបកកំប៉ុងគប់ត្រូវថ្ងាសរបស់លោកយាយម្នាក់នោះ បណ្តាលឲ្យដាច់រលាត់ និងរងរបួសតែម្តង (រងរបួសស្រាល) ហើយភ្លាមនោះកម្លាំងមានសមត្ថកិច្ចក៏បានចុះទៅធ្វើការចាប់ឃាត់ខ្លួនតែម្តង ។

ពេលដែលកម្លាំងមានសមត្ថកិច្ចចាប់វាយខ្នោះដៃបុរសជាជនដៃដល់ផ្អោមដៃទាំងពីរជាប់គ្នាយកមកកាន់នគរបាលប៉ុស្តិ៍នោះ គេបានសង្កេតឃើញនៅលើដៃខាងឆ្វេងរបស់គាត់មានចាក់សាក់ដោយសរសេរពាក្យថា«ខ្នោះដៃអាល័យស្នេហ៍» ហើយពេលនេះរូបគេពិតជាត្រូវបានប៉ូលិសចាប់វាយខ្នោះជាប់ពិតប្រាកដមែន ។
ក្រោយពេលកើតហេតុកម្លាំងមានសមត្ថកិច្ចក៏បានចាប់ឃាត់ខ្លួនបុរសជាជនដៃដល់ពីបទបង្ករបួសស្នាមទៅលើយាយជីម្នាក់នៅក្នុងវត្តថាន់នោះ យកមកកាន់នគរបាលប៉ុស្តិ៍ទន្លេបាសាក់ ដោយសារ តែរងរបួសតិចតួច លោកយាយរងគ្រោះមិនបានមកដាក់ពាក្យបណ្តឹងឡើយ ហើយក៏ធ្វើការដោះលែងទៅវិញ ក្រោយពីធ្វើកិច្ចសន្យា និងអប់រំរួចហើយនោះ ៕
ចែករំលែកព័តមាននេះ