ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

រត់៩៩ថ្ងៃរបស់សាយ រំពឹងបានថវិកា១លានដុល្លារជួយ មន្ទីរពេទ្យកុមាអង្គរ

1 ខែ មុន

រាជធានីភ្នំពេញ ៖ សាយ ដែលមានឈ្មោះពិតប្រាកថា លោក អ៊ួន បឋម ជាសិល្បករវ័យក្មេងម្នាក់បានបង្កើតគម្រោងមួយគឺការរត់៩៩ថ្ងៃជុំវិញប្រទេសកម្ពុជា ដើម្បី​រៃអង្គាស​ថវិកា ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ…

រាជធានីភ្នំពេញ ៖ សាយ ដែលមានឈ្មោះពិតប្រាកថា លោក អ៊ួន បឋម ជាសិល្បករវ័យក្មេងម្នាក់បានបង្កើតគម្រោងមួយគឺការរត់៩៩ថ្ងៃជុំវិញប្រទេសកម្ពុជា ដើម្បី​រៃអង្គាស​ថវិកា ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ នៅ​ខេត្តសៀមរាប​​។​ សាយ ដែលមានឈ្មោះដើម លោក អ៊ួន បឋម បាន​រត់​មកដល់​ខេត្តសៀមរាប​ កាលពពី​ថ្ងៃទី​២៣ វិច្ឆិកា ក្រោយពីបានរត់ ​៤៩​ថ្ងៃ នៃ​«​យុទ្ធនា​ការរត់​ដើម្បី​សប្បុរសធម៌​ជាមួយ​សាយ​» ដែលមានគម្រោង៩៩ថ្ងៃនោះ។ នៅសៀមរាប លោកបានប្រគល់ថវិកា​ជាង៤០​ម៉ឺន​ដុល្លារ ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរមួយវគ្គសិន​។

«ព្រឹត្តិការណ៍​សប្បុរសធម៌​របស់​សាយ» បានចាប់ផ្តើម​ពីថ្ងៃ​ទី​៦ ខែតុលា​មក ។ រត់ចេញពីក្រុងភ្នំពេញ នៅក្នុងរយៈពេល៤៩ថ្ងៃមកនេះ លោក អ៊ួន បឋម ឆ្លងកាត់ខេត្តកំពង់ស្ពឺ តាកែវ កែប កំពត កំពង់សោម កោះកុង ពោធិ៍សាត់ បាត់ដំបង បៃលិន និងក្រុងសិរីសោភ័ណ។

បន្ទាប់ពីប្រគល់ថវិកាដល់មន្ទីរពេទ្យកុមារអង្គរមួយវគ្គហើយ លោក សាយ នឹង​បន្តដំណើរ​កាត់​តាម​ខេត្តព្រះវិហារ និងទៅខេត្តផ្សេងៗទៀត រហូតគ្រប់៩៩ថ្ងៃ គឺបញ្ចប់ ​នៅ​រាជធានី​ភ្នំពេញ​។ ពីដំបូងគម្រោង ​«​យុទ្ធនា​ការរត់​ដើម្បី​សប្បុរសធម៌​ជាមួយ​សាយ​» រំពឹងថានឹងប្រមូលថវិកា ២៥​ម៉ឺន​ដុល្លារ ប៉ុន្តែលោកសាយ រត់តែ៤៩ថ្ងៃគឺចំណាយពេលតែពាក់កណ្តាលនៃថ្ងៃគម្រោង ទទួលបាន​ថវិកា ​ជាង ៤០​ម៉ឺន​ដុល្លារ ទៅ​ហើយ។ លោកសាយ មានការផ្លាស់ប្តូរក្តីរំពឹង នឹងទទួល​ថវិកា ១​លាន​ដុល្លារ នៅថ្ងៃចុងក្រោយ​ពេលទៅដល់រាជធានី​ភ្នំពេញនោះ​។​

សាយ គឺជាសិល្បករម្នាក់ដែលសកម្មក្នុងការងារសង្គមនិងការងារស្ម័គ្រចិត្ត។ លោកចូលចិត្តជំនះលើខ្លួនឯងដើម្បីបង្កើតអោយមានលទ្ធផលល្អដល់សង្គម។ ជាមួយនឹងទេពកោសល្យខាងច្រៀង និពន្ធបទចំរៀង និងសម្ដែង លោកក៏ជាមនុស្សម្នាក់ដែលមានចំណង់ចំណូលចិត្តជាខ្លាំងលើវិស័យកីឡាផងដែរ។

លោក អ៊ួន បឋម ហៅសាយ បានរត់ចំនួន៤ឆ្នាំមកហើយ និងបានចូលរួមការរត់ប្រណាំងម៉ារ៉ាតុងជាច្រើនដង រាប់ចាប់តាំងពីការប្រណាំងក្នុងរយៈចំងាយ២១គីឡូម៉ែត្រ ៤២គីឡូម៉ែត្រ និង៦៤គីឡូម៉ែត្រ ចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២០។ បទពិសោធនិងការហ្វឹកហាត់ជាប្រចាំបានធ្វើឲ្យលោកក្លាយទៅជាបេក្ខជនដែលស័ក្តិសមបំផុតសម្រាប់ការរត់ជុំវិញប្រទេសកម្ពុជា។ សាយជឿថា មនុស្សគ្រប់គ្នាសុទ្ធតែអាចចែករំលែកទៅសង្គមវិញ ជាពិសេសតាមរយៈការធ្វើការជាក្រុម ពួកគេអាចធ្វើបាននូវរឿងដែលពួកគេធ្លាប់គិតថា ធ្វើមិនបាន។

ដោយមានក្ដីប្រាថ្នាដ៏ជ្រាលជ្រៅចំពោះតន្រ្ដី និងភាពយន្ដ សាយបានចូលរួមក្នុងឧស្សាហកម្មតន្រ្ដី ក្នុងនាមជាអ្នកចម្រៀង និងជាអ្នកនិពន្ធចម្រៀង អស់រយៈពេល១០ឆ្នាំ និងបានធ្វើជាម្ទាស់បទចម្រៀងប្រមាណជាង ១០បទ។ បទដែលពេញនិយមរបស់សាយ មានចំណងជើងថា “ងប់ងល់”។ នៅក្នុងវិស័យភាពយន្ដវិញ សាយបានសម្ដែងភាពយន្ដខ្នាតខ្លីចំនួន៦រឿង រឿងភាគចំនួន៣រឿង និងភាពយន្ដខ្នាតធំចំនួន៣រឿង។

នៅក្នុងខេត្តសៀមរាប លោកសាយ បាននិយាយថា  លោករត់ដើម្បីជួយសម្រាលការលំបាករបសើមន្ទីរពេទ្យដែលបានជួយអាយុជីវិតកុមារកម្ពុជាដោយមិនយកប្រាក់។ លោកថាការរត់របស់លោកមិនមានការលំបាកអ្វីនោះទេ។ ផ្ទុយទៅវិញ លោកសប្បាយចិត្តដោយបានជួយជួយជីវិតកុមារ៕