ខេត្តបាត់ដំបង ៖ នៅក្នុងប្រវត្តិសាស្ត្រ ខេត្តបាត់ដំបង ធ្លាប់គ្រប់គ្រងដោយប្រទេសសៀម និងប្រទេសបារាំង បើទោះបីជាមានការត្រួតត្រាផ្ទាល់ដោយអង្គស្ដេចខ្មែរគ្រប់ជំនាន់ និងស្ដេចត្រាញ់ ឬវរៈបុរសខ្មែរ ល្បីៗមួយចំនួនក្នុងសម័យនោះក្ដី ។
បើយោងតាមសៀវភៅ«បាត់ដំបង សម័យលោកម្ចាស់»ខេត្តបាត់ដំបង ស្ថិតក្រោមអំណាចសៀមអស់រយៈជាងមួយសតវត្ស ចាប់ពីឆ្នាំ១៧៩៥ ដល់ឆ្នាំ១៩០៧ ។ សម័យនោះត្រួតត្រាដោយគ្រួសារស្ដេចត្រាញ់ខ្មែរ«ចៅហ្វ៊ាបែន» ដែលក្រោយមកគេប្ដូរឈ្មោះថា«ត្រកូលអភ័យវង្ស» ។ គ្រួសារនេះបានត្រួតត្រាខេត្តបាត់ដំបង និងខេត្តសៀមរាបអស់រយៈពេលជាង១សតវត្ស ហើយតំណែងនេះបានបន្តរហូតដល់កូនចៅនៃគ្រួសារនេះទៀតផង ។ នៅឆ្នាំ១៨៦៣ ប្រទេសកម្ពុជាក៏បានធ្លាក់ក្រោមអាណាព្យាបាលបារាំងដែរ ខណៈសៀមកំពុងគ្រប់គ្រងខេត្តបាត់ដំបង។ ខេត្តបាត់ដំបង កាលនោះមានស្រុកតែ៤ទេ គឺស្រុកបាត់ដំបង ស្រុកមោងឫស្សី ស្រុកមង្គលបុរី និងស្រុកស្រែអន្ទាក់ ។
សៀវភៅដដែលសរសេរថា បាត់ដំបងជាតំបន់ទំនាបល្បាប់ប្រកបដោយជីវជាតិ លាតសន្ធឹងពីទិសអាគ្នេយ៍ទៅពាយ័ព្យ ។ នៅខាងនរតីមានជួរភ្នំ ខ្ពស់ៗដែលគេហៅថា ជួរភ្នំក្រវាញមានឈ្មោះល្បី ដោយសារតែសំបូរដើមក្រវាញ ដែលគេត្រូវការទិញយកទៅធ្វើថ្នាំកែរោគ ផ្សេងៗ ។ អ្នកស្រុកនៅទីនោះប្រកបមុខរបបេះក្រវាញលក់ គេហៅថា«ពួកសួយក្រវាញ» ។ ស្ទឹងសង្កែ គឺជាស្ទឹងដ៏សំខាន់ហូរកាត់ទីប្រជុំជនបាត់ដំបង ។ ស្ទឹងសង្កែមានប្រភពនៅភ្នំទឹកព្រិល ជាភ្នំខ្ពស់មួយនៅតំបន់ប៉ៃលិន ដែលគេហៅថា«ស្រុកលើ» និងមានប្រភពទឹក តូចៗជាច្រើនហូរចូលស្ទឹងនេះ ។
ខេត្តបាត់ដំបង មានតំបន់ប្រវត្តិសាស្ត្រជាច្រើន ដែលពាក់ព័ន្ធក្នុងសម័យលោកម្ចាស់ និងមុនសម័យលោកម្ចាស់ នេះបើយោងតាមឯកសារនានា ។ គ្រួសារ«ចៅហ្វាបែន ឬត្រកូលអភ័យវង្ស»បានគ្រប់គ្រងខេត្តបាត់ដំបង អស់រយៈពេលជាង១សតវត្ស គឺចាប់ពីលោកកថាថន ញ៉ុញ បន្តដល់កូនប្រុសគឺលោកកថាថន ឈុំ ។
អ្នកស្រុកបាត់ដំបងនាសម័យនោះហៅលោកកថាថន ញ៉ុញ និងលោកកថាថន ឈុំ ថាជា«លោកម្ចាស់» ។ ប៉ុន្តែដើម្បីកុំឱ្យច្រឡំគ្នា អ្នកស្រុកហៅលោកកថាថន ញ៉ុញថា«លោកម្ចាស់ព្រះកោដ្ឋ»ដោយសារសពលោកញ៉ុញ ត្រូវគេតម្កល់ទុកក្នុងកោដ្ធមុនពេលបូជា រីឯលោកកថាថន ឈុំ គេហៅថា«លោកម្ចាស់បស្ចិម»ដោយសារលោកធ្លាប់រស់នៅបស្ចិមបុរី នៃប្រទេសសៀម ។
សៀវភៅ«បាត់ដំបង សម័យលោកម្ចាស់»សរសេរទៀតថា កាលពីជំនាន់ដើម បាត់ដំបងមិនសូវមានមនុស្សប៉ុន្មានទេ ។ ផ្ទៃដីមួយភាគធំជាតំបន់ព្រៃ។ ក្នុងសម័យនោះគេឃើញលោកម្ចាស់តែងចេញទៅបរបាញ់សត្វ នៅតំបន់អូរស្រឡៅ និងនៅរាំងកេសី ដែលជាវាលស្បូវដ៏ធំធេង(ស្រុកសង្កែបច្ចុប្បន្ន) ។ មនុស្សជំនាន់ដើម ភាគច្រើនតែងប្រមូលផ្ដុំគ្នារស់នៅតាមដងស្ទឹងសង្កែ តែមានតិចតួចរស់នៅតាមដងស្ទឹងមោងឫស្សី និងស្ទឹងមង្គលបុរី រីឯភូមិឋានដែលនៅឆ្ងាយពីដងស្ទឹង មានតែភូមិកំពង់ព្រះ និងភូមិគាស់ក្រឡប៉ុណ្ណោះ ។
នៅក្នុងឆ្នាំ១៨៨៤ អ្នកប្រាជ្ញជនជាតិបារាំងម្នាក់ គឺលោកប្រ៊ីយាង ដែលបានមកដល់បាត់ដំបង បានសន្និដ្ឋានថា ប្រជាជននៅខេត្តបាត់ដំបងក្នុង«សម័យលោកម្ចាស់»មានប្រហែល១០ម៉ឺននាក់ប៉ុណ្ណោះ តែនេះមិនមែនជាការសន្និដ្ឋានតាមរយៈការធ្វើជំរឿនទេ ។ នៅក្នុងឯកសារសរសេរថា ក្នុងសម័យលោកម្ចាស់ ប្រជាជននៅក្នុងបាត់ដំបង បានបែងចែកជ ា៣វណ្ណៈ គឺវណ្ណៈអភិជន វណ្ណៈរាស្ត្រសាមញ្ញ និងវណ្ណៈទាសករ ។ សម័យនោះ គេបានចាត់ទុកចិន និងយួន ជាជនបរទេស រីឯសៀម និងកូឡា គេចាត់ទុកថា ជាជនជាតិជាមួយគ្នា ។ ប៉ុន្តែសៀមដែលមានគំនិតទុច្ចរិតបានបោកប្រាស់ខ្មែរថា លាវ និងមនជាបងប្អូនគ្នាមានសាច់ឈាមកំណើតតែមួយ ។
សៀវភៅ«បាត់ដំបងសម័យលោកម្ចាស់»រៀបរាប់ថា ជនជាតិចិន បានមកតាំងនៅបាត់ដំបងយូរហើយ ថែមទាំងបានសង់ព្រះវិហារនៅផ្លូវលេខ១ និងនៅចុងស្ពានដែកត្រើយខាងកើត តាំងពីមុនសម័យលោកម្ចាស់ទៀតផង ។ តាំងពីពេលនោះមក ចិនបានប្រកបរបតែម្យ៉ាងគត់គឺធ្វើពាណិជ្ជកម្ម ។ ជំនាន់នោះចិន តែងនាំគ្រឿងឧបភោគ បរិភោគពីស្រុកក្រៅ មកលក់នៅបាត់ដំបង ហើយពួកគេរស់នៅតែក្នុងទីប្រជុំជនទេ ដែលផ្ទុយពីយួនដែលចូលចិត្តរស់នៅតាមដងស្ទឹង ប្រកបរបបនេសាទ និងសិប្បកម្ម ។ ជនជាតិចិនមួយចំនួនរកស៊ីមានបានរហូតលោកម្ចាស់ផ្ដល់ឋានៈផ្ដល់ងារខ្ពង់ខ្ពស់ ហើយត្រូវស្លៀកពាក់ដូចខ្មែរ គឺស្លៀកសំពត់ក្បិន ពាក់អាវកត្រង់ ពាក់សក្តិយសដូចនាម៉ឺនមន្ត្រីខ្មែរដែរ ។ ប៉ុន្តែពួកគេមិនព្រមកាត់កំប៉ោយសក់ដែលជាទម្លាប់ទាល់តែសោះ រហូតអ្នកស្រុកបាត់ដំបង នាំគ្នានិយាយឡកឡាយថា«កំប៉ោយចិនក្បិនខ្មែរ» ។ ការនិយាយឡកឡាយនេះ បានធ្វើឱ្យពួកអភិជនចិនទ្រាំមិនបាន ក៏នាំគ្នាកាត់កំប៉ោយចេញទៅ តែខ្មែរបែរជាបង្កើតពាក្យមួយឃ្លាទៀតបង្អាប់ចិនថា«ចិនដាច់កំប៉ោយ» ។
បើនិយាយអំពីបញ្ហាសុខុមាលភាពវិញ បើតាមឯកសារដដែល នៅក្នុងសម័យលោកម្ចាស់ ប្រជាជននៅខេត្តបាត់ដំបង រស់នៅត្រដាបត្រដួសពិបាកជន្នះនឹងធម្មជាតិបំផុត ។ ជំងឺរាតត្បាតផ្សេងៗបានសម្លាប់មនុស្សជាច្រើនក្នុង មួយឆ្នាំៗភាគច្រើនជាកុមារ ។ លោកម្ចាស់ត្រូវគេរិះគន់ថា មិនមានគំនិតបង្កើតមន្ទីរពេទ្យ ដើម្បីសង្គ្រោះប្រជារាស្ត្រឡើយ ។ ប្រជារាស្ត្របានពឹងផ្នែកទាំងស្រុងលើថ្នាំខ្មែរ និងមន្តអាគមស្ដោះផ្លុំ ។
ប៉ុន្តែលោកម្ចាស់ ហាក់បានចាប់អារម្មណ៍ខ្លាំងទៅលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅតាមដងស្ទឹងសង្កែ ដែលជាកន្លែងទីប្រជុំជនដ៏ធំនៅក្នុងខេត្តបាត់ដំបង ។
ប្រវត្តិសាស្ត្របានបង្ហាញថា នៅឆ្នាំ១៩០៧ បាត់ដំបង ជាទីប្រជុំជនតូចមួយមានផ្លូវមួយខ្សែស្របតាមដងស្ទឹង ហើយអ្នកស្រុកបានសង់លំនៅឋានរកេតរកូតតាមដងផ្លូវនេះ ។ គេបានបែងចែកទីក្រុងបាត់ដំបង ជា២សង្កាត់ក្នុងសម័យនោះ គឺសង្កាត់មុខកំផែង និងសង្កាត់ស្វាយប៉ោ ។ ប៉ុន្តែនៅក្នុងសម័យលោកម្ចាស់ ការរៀបចំឱ្យមានទីផ្សារសម្រាប់លក់ដូរ និងសកម្មភាពធ្វើពាណិជ្ជកម្មក្នុងខេត្ត ហាក់មានភាពទន់ខ្សោយនៅឡើយ ។ ប្រជារាស្ត្របានដាក់តាំងផលិតផលលក់ផ្ទាល់ដី តែមានរាន តូចៗសម្រាប់លក់បបរ និងនំចំណី ។ នៅតាមផ្ទះចិន មានលក់គ្រឿងឧបភោគ បរិភោគ តែគ្មានលក់គុយទាវ កាហ្វេទេ រីឯទឹកកកក៏គ្មានដែរក្នុងសម័យនោះ តែមានកន្លែងមួយធ្វើទឹកកក គឺធ្វើសម្រាប់តែលោកម្ចាស់ប៉ុណ្ណោះ ។
ដោយសារកង្វះផ្លូវគមនាគមន៍ក្នុងសម័យនោះ បានធ្វើឱ្យអ្នកបាត់ដំបង ចេះរស់ដោយការប្រឹងប្រែងខ្លួនឯង មិនសូវពឹងពាក់បរិក្ខារមកពីខាងក្រៅពេកទេ ។ អ្នកបាត់ដំបង អាចធ្វើឧបករណ៍សម្រាប់កសិកម្មបានស្ទើរគ្រប់ជំពូក ។ ពួកគអាចធ្វើផ្ទះបានដោយប្រើប្រាស់តែធនធាននៅក្នុងស្រុក ។
ប៉ុន្តែជំនាន់នោះ លោកម្ចាស់បានរៀបចំឱ្យមានការសាងសង់ផ្ទះមានលក្ខណៈសម្គាល់ជាផ្ទះខ្មែរ មានម៉ូដ មានឈ្មោះត្រឹមត្រូវ ។ លោកម្ចាស់បានណែនាំឱ្យប្រជារាស្ត្រសង់ផ្ទះតាមក្បួនតម្រា ដែលមានចែងទុកតាំងពីបុរាណមក ។ គេមិនដែលបំភ្លៃរាងរៅផ្ទះឱ្យខុសពីក្បួនខ្នាតបុរាណទេ ។ សំណង់ផ្ទះថ្ម ចាំបាច់ត្រូវការជាងមានបច្ចេកទេសខ្ពស់ដូចជាសង់វិហារ អគាររដ្ឋ សាសារៀន ជាដើម ។ សម័យនោះគេមិនសូវប្រើស៊ីម៉ង់ត៍ទេ គឺគេប្រើកំបោរលាយក្រដាសប៉ុយ ស្ករក្អម និងជ័រទឹក បង្កើតបានជាសំណង់សម្រាប់សាងសង់លំនៅឋានរឹងម៉ាំ(ថ្មបាយអរ) ។
នៅក្នុងសម័យលោកម្ចាស់ គេបានសាងសង់ព្រះហារ និងសំណង់រឹងមាំដទៃទៀត ភាគច្រើននៅក្នុងទីប្រជុំជនស្រុកបាត់ដំបង ជាពិសេសនៅស្របតាមដងស្ទឹងសង្កែ។ សំណង់ទាំងនោះមានដូចជា វត្តអារាម សំណង់ផ្ទះថ្ម អគារសាលាខេត្តចាស់ និងផ្ទះធ្វើពីឈើរប្រណីត ។…។ សំណង់ក្នុងសម័យលោកម្ចាស់ដែលស្ថិតក្រោមអាណានិគមបារាំង ស្ទើរទាំងអស់បានបន្សល់ទុករហូតមកដល់សព្វថ្ងៃនេះ ។ សំណង់មួយចំនួនមានអាយុកាលជាង៣០០ឆ្នាំកន្លងមកហើយ ដូចជាវត្តសំរោងក្នុង នៅស្រុកឯកភ្នំជាដើម ។ ដោយឡែកសំណង់អគារសាលាខេត្តចាស់ ស្ពានថ្មចាស់ សំណង់ផ្ទះថ្ម នៅក្នុងក្រុងបាត់ដំបងសព្វថ្ងៃ ផ្ទះបុរាណនៅភូមិវត្តគរ និងព្រះវិហារជាច្រើនទៀត សុទ្ធតែមានអាយុជាង១០០ឆ្នាំ ។ សំណង់ទាំងនេះសុទ្ធតែធ្វើពីប្រភេទឈើប្រណីត និងថ្មបាយអរ ដែលផ្សំឡើងពីវត្ថុធាតុដើមបីប្រភេទដូចខាងលើនេះ ហើយសំណង់ទាំងនេះ នៅតែបង្ហាញពីភាពរឹងមាំនៅឡើយមកដល់សព្វថ្ងៃ ។
សំណង់បុរាណជាង៨០០កន្លែងដែលជាកេរ្តិ៍ដំណែលក្នុង«សម័យលោកម្ចាស់» ហើយកំពុងឈរស្កឹមស្កៃនៅក្នុងទីក្រុងបុរាណ នាបច្ចុប្បន្ននេះ ត្រូវគេចាត់ទុកថាជាសំណង់បេតិកភណ្ឌ ដែលអាជ្ញាធរកំពុងអភិរក្សយ៉ាងយកចិត្តទុកដាក់បំផុត ។
ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានហៅទីក្រុងវ័យចំណាស់មួយនេះថា ជាទីក្រុងបុរាណ ឬ ទីក្រុងបេតិកភណ្ឌ ដែលកំពុងទាក់ទាញ ភ្ញៀវទេសចរយ៉ាងខ្លាំង ។ មិនត្រឹមតែជាសំបុកកំណប់ទ្រព្យបុរាណទេ ខេត្តបាត់ដំបង ត្រូវគេចាត់ទុកថា ជាខេត្ត«ជង្រុកស្រូវ»ដ៏ធំបំផុតនៅក្នុងព្រះរាជាណាចកម្ពុជា និងជាខេត្តដែលមានសក្កដានុពលផ្នែកកសិកម្ម និងឧស្សាហកម្ម ។
វិស័យទេសចរណ៍នៅក្នុងខេត្តប្រវត្តិសាស្ត្រមួយនេះគឺជាគោលដៅដ៏ធំបំផុតសម្រាប់ការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល ដែលគេចាត់ទុកថា ជាឧស្សាហកម្មគ្មានផ្សែង ។
បាត់ដំបងគឺជាខេត្តមួយស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា ដែលបច្ចុប្បន្នមានផ្ទៃដីទំហំ១១.៧៤៨គីឡូម៉ែត្រការ៉េ មានព្រំប្រទល់ខាងលិចទល់ខេត្តប៉ៃលិន និងប្រទេសថៃ ខាងកើតទល់ខេត្តពោធិ៍សាត់ និងបឹងទន្លេសាប ខាងជើងទល់ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប និងខាងត្បូងទល់ខេត្តពោធិ៍សាត់។ ខេត្តនេះមានស្រុកចំនួន១៣ និងក្រុង១ ហើយមានឃុំ៩២ សង្កាត់១០និងមានភូមិចំនួន៧៩៩ ។ ខេត្តបាត់ដំបង មានប្រជាពលរដ្ឋចំនួន២៥៨.៦៨២គ្រួសារ មានពលរដ្ឋចំនួន១.០២៥.០៥០នាក់ក្នុងនោះមានស្ត្រីចំនួន៦០២.៩៩៤នាក់ ។
ខេត្តបាត់ដំបងមានតំបន់ទេសចរណ៍ជាង៣៦កន្លែង ។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្ត ។ តំបន់ទេសចរណ៍ទាំងនោះបានបែងចែកជា៤ប្រភេទគឺ១-រមណីយដ្ឋានប្រវត្តិសាស្ត្រដែលមានប្រាសាទបុរាណ២-រមណីយដ្ឋានធម្មជាតិដែលមានតំបន់ទេសចរណ៍បែបធម្មជាតិ ពិតៗ ៣-រមណីយដ្ឋានធម្មជាតិកែច្នៃ(អាងកំពីងពួយ)និង៤-រមណីយដ្ឋានវប្បធម៌ ដូចជាភូមិវប្បធម៌មានផ្ទះ ឬសំណង់បុរាណ…។ បច្ចុប្បន្ន ទីតាំងតំបន់ទេសចរណ៍ទាំងនេះកំពុងទាក់ទាញភ្ញៀវទេសចរបំផុត ខណៈអាជ្ញាធរខេត្ត និងមន្ទីរជំនាញកំពុងមមាញឹកខ្លាំងណាស់ដែរ ក្នុងការរៀបចំកែលម្អនិងអភិឌ្ឍន៍ឱ្យកាន់តែប្រសើរឡើង ។ មិនតែប៉ុណ្ណោះពេលនេះរាជរដ្ឋាភិបាលកម្ពុជា កំពុងរៀបគម្រោងស្នើសុំអង្គការយូណេស្កូដាក់បញ្ចូលអគារបុរាណជាសម្បតិ្តបេតិកភណ្ឌពិភពលោក៕
ចែករំលែកព័តមាននេះ