បណ្ឌិត ហោ ប៉េង ៖ សិក្សាជំនាញតាមទេពកោសល្យពិតប្រាកដនាំឲ្យក្លាយជាបុគ្គលលេចធ្លោអស្ចារ្យ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ឆ្លើយតបបញ្ហា និងកង្វល់របស់យុវជនជាច្រើនដែលបារម្ ភនិងមិនដឹងថា គួរជ្រើសរើសមុខជំនាញអ្វី សិក្សានៅថ្នាក់ឧត្តមសិក្សា និងក្រោយមឧត្តមសិក្សាដើម្បីខ្លួនទទួលបានការងារធ្វើ និងទទួលបានភាពជោគជ័យនៅក្នុងជីវិតនោះ លោកបណ្ឌិត ហោ ប៉េង សាកលវិទ្យាធិការសកលវិទ្យាល័យជាតិគ្រប់គ្រង បានផ្ដល់អនុសាសន៍ឲ្យយុវជនសិក្សាជំនាញអ្វីដែលជាទេពកោសល្យរបស់ខ្លួន ។

លោកសកលវិទ្យាធិការលើកឡើងថា ការសិក្សានូវជំនាញដែលជាទេពកោសល្យ នឹងនាំឲ្យបុគ្គលនោះក្លាយជាបុគ្គលជោគជ័យ និងលេចធ្លោនៅថ្ងៃអនាគត ។ ជាមួយគ្នានេះ លោកបណ្ឌិតណែនាំ ឲ្យយុវជនធ្វើការពិចារណាទៅលើចរឹតពីរ គឺចរឹតវិទ្យាសាស្រ្តនិងចរឹតទីផ្សារ។
លោកបណ្ឌិត បានបញ្ជាក់ថា «ដើម្បីសម្រេចចិត្តបានត្រឹមត្រូវក្នុងការជ្រើសរើសជំនាញសិក្សានៅឧត្ដមសិក្សា គេត្រូវធ្វើការពិចារណាថា ជំនាញអ្វីដែលខ្លួនមានភាពខ្លាំងពូកែលើមុខវិជ្ជាឬជំនាញអ្វី កាលពីពេលដែលខ្លួនរៀននៅមធ្យមសិក្សាទុតិយភូមិ ហើយជំនាញអ្វីដែលត្រូវនឹងទេពកោសល្យ និងចំណេះដឹងដែលខ្លួនមាន» ។
បន្ទាប់ពីស្វែងយល់និងពិនិត្យថា អាជីពណាមួយដែលខ្លួនប៉ងប្រាថ្នាហើយ គេត្រូវតែពិនិត្យមើលថាតើមានសាកលវិទ្យាល័យណាមួយដែលត្រូវនឹងជំនាញដែលខ្លួនបានសម្រេចចិត្ត។ ការវិវត្តតាមបែបវិទ្យាសាស្ត្រ ឬដែលមានចរិតវិទ្យាសាស្ត្រ នឹងធ្វើឱ្យបុគ្គលនោះក្លាយខ្លួនទៅជាមនុស្សដ៏អស្ចារ្យនៅក្នុងសង្គម ដូចជាក្លាយខ្លួនទៅជាសហគ្រិនភាពដែលអាចជួយសង្គមបាន ជាអ្នកសេដ្ឋកិច្ចឆ្នើម អ្នករកស៊ីឆ្នើម ឬអ្នកវិទ្យាសាស្ត្រឆ្នើមជាដើម។
ទោះយ៉ាងណាលោកបណ្ឌិត ដែលបញ្ចប់ការសិក្សាពីប្រទេសជប៉ុន រូបនេះ បានទទួលស្គាល់និស្សិតកម្ពុជា បានទទួលរងឥទ្ធិពលពីគ្រួសារ មានឪពុកម្តាយជាដើម នៅក្នុងការជ្រើសរើសមុខវិជ្ជាសិក្សាដោយសារពួកគេទទួលថវិកាពីឪពុកម្តាយឬបងប្អូន មករៀនសូត្រ។
ទោះយ៉ាងណាលោកបណ្ឌិត បានស្នើដល់យុវជនទទួលស្តាប់មតិផ្សេងៗឲ្យបានច្រើន ហើយចុងក្រោយខ្លួនជាអ្នកសម្រេចចិត្ត។ ខ្លួនឯងទើបដឹងពីពេទ្យកោសល្លរបស់ខ្លួន។
លោកបណ្ឌិតហោ ប៉េងបានផ្តល់ទស្សនតម្រង់ទិសដល់យុវជននេះ នៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «សារៈសំខាន់នៃការជ្រើសរើសមុខជំនាញសិក្សានៅឧត្ដមសិក្សានិងក្រោយឧត្ដមសិក្សា» រៀបចំដោយរាជបណ្ឌិតសភាកម្ពុជា កាលពីព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០។

លោកបណ្ឌិតបានលើកឡើងថា នៅក្នុងទិដ្ឋភាពជាក់ស្តែងការស្វែងរកឱកាសសិក្សាតាមទេពកោសល្លរបស់ខ្លួន មិនអាចធ្វើតែម្តងបានទេ ។ ជួនការរៀននៅថ្នាក់បរិញ្ញាបត្រសិក្សាជំនាញ ផ្សេង ថ្នាក់អនុបណ្ឌិតផ្សឹង ហើយបណ្ឌិតខុសពីអនុបណ្ឌិតទៀត។ ទោះយ៉ាងណាលោកថា អ្នកជោគជ័យ នឹងវិលទៅរកទេពកោសល្លដែលខ្លួនមានដដែល។

លោកបណ្ឌិត គូសបញ្ជាក់ថា «ការសម្រេចចិត្តជ្រើស រើសមុខជំនាញដែលចេញពីទេពកោល្លរបស់បុគ្គល គឺជាការសម្រេចចិត្តចាប់យកជំនាញដែលមានមូលដ្ឋានគ្រឹះរឹងមាំជាង ហើយបន្ទាប់ពីបញ្ចប់ការសិក្សា តាមរយៈទេពកោសល្យរបស់ខ្លួន បុគ្គលនោះនឹងវិវត្តខ្លួនទៅជាបុគ្គលម្នាក់ដែលឆ្នើម អស្ចារ្យ និងរឹងមាំ» ៕
ចែករំលែកព័តមាននេះ