ដំណាំស្វាយកែវរមៀតអាចប្រមូលផលបានចាប់ពី3ឆ្នាំឡើងទៅ
ស្វាយកែវរមៀត ជាដំណាំឈើហូបផ្លែ ដែលមានអាយុច្រើនឆ្នាំ គេអាចប្រមូលផលចាប់ពីអាយុ៣ឆ្នាំឡើងទៅ ។ អ្នកមីង វ៉ាន់ យ៉េត រស់នៅភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ…
ស្វាយកែវរមៀត ជាដំណាំឈើហូបផ្លែ ដែលមានអាយុច្រើនឆ្នាំ គេអាចប្រមូលផលចាប់ពីអាយុ៣ឆ្នាំឡើងទៅ ។ អ្នកមីង វ៉ាន់ យ៉េត រស់នៅភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ…
ស្វាយកែវរមៀត ជាដំណាំឈើហូបផ្លែ ដែលមានអាយុច្រើនឆ្នាំ គេអាចប្រមូលផលចាប់ពីអាយុ៣ឆ្នាំឡើងទៅ ។ អ្នកមីង វ៉ាន់ យ៉េត រស់នៅភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប មានបទពិសោធន៍ដាំស្វាយកែវរមៀតបានផ្លែច្រើន ដោយមិនប្រើជីគីមី និងថ្នាំបំប៉នឡើយ ។ គាត់ប្រមូលផល២ដង ក្នុងមួយរដូវ សរុបស្វាយ១៥០ដើម បេះបាន១.២០០គីឡូក្រាម នៅឆ្នាំដំបូង ។ តាមរយៈចំណូលពីការលក់ស្វាយនេះ ធ្វើឱ្យជីវភាពរបស់គាត់បានធូរស្រាលមួយកម្រិតបន្ថែមលើចំណូលផ្សេងៗ ។
ការដាំស្វាយកែវរមៀតនេះ អ្នកមីងបានចេះពីដូនតារបស់គាត់តៗមក ដោយមិននិយមប្រើជីគីមី និងថ្នាំពុលអ្វីឡើយ ។ គាត់បានដាំស្វាយ១៥០ដើម ដែលបច្ចេកទេសដាំដុះរបស់គាត់បង្ហាញជូនដូចខាងក្រោម ៖
១-ការរៀបចំរណ្តៅដាំ ៖ គាត់ចាប់ផ្តើមកាប់រណ្តៅដាំនៅដើមរដូវភ្លៀង ក្នុងកំឡុងខែឧសភា-មិថុនា ។ រណ្តៅមានទំហំ១ម៉ែត្របួនជ្រុង និងជម្រៅកន្លះម៉ែត្រ ។ នៅបាតរណ្តៅនីមួយៗ គាត់ដាក់ស្លឹកឈើស្រស់ដូចជាទន្ទ្រានខែត្រ ជាន់ឱ្យណែនកម្រាស់៣តឹក អាចម៍គោស្ងួត២តឹក ដី១តឹកនៅខាងលើបង្អស់ ។ ក្រោយពីដាក់ជីហើយ ទុកចោលរយៈពេល១អាទិត្យ ដើម្បីឱ្យស្លឹកទន្ទ្រានខែត្ររលួយ ។ បន្ទាប់មក ជ្រំជ្រោយដីក្នុងរណ្តៅឱ្យសព្វ ទើបដាក់កូនស្វាយដាំ ។ ចម្ងាយពីរណ្តៅមួយទៅមួយ គឺ៥ម៉ែត្រ ។
២-ការដាំ ៖ កូនស្វាយដែលគាត់បណ្តុះទុកមានអាយុពី៦ទៅ៧ខែ ។ គាត់យកកូនស្វាយទៅកប់ដាំក្នុងរណ្តៅដែលបានត្រៀមទុក ។ ក្រោយពីដាំហើយ ស្រោចទឹកឱ្យជោក បន្ទាប់មក យកកម្ទេចកម្ទីស្លឹកឈើស្ងួតគ្របគល់ស្វាយ កុំឱ្យហួតសំណើម ។
៣-ការថែទាំ ៖ ក្រោយពីដាំហើយ គាត់ចាប់ផ្តើមស្រោចទឹកមួយដងក្នុងមួយថ្ងៃ រហូតដល់ស្វាយលាស់ត្រួយថ្មី ទើបគាត់បន្ថយការស្រោចទឹក មកនៅត្រឹមមួយអាទិត្យម្តង ។ នៅពេលស្វាយអាយុបាន១-២ឆ្នាំ គាត់ជីកចង្អូរជារង្វង់នៅជំុវិញដើម ចម្ងាយពីដើមប្រហែលមួយម៉ែត្រទៅមួយម៉ែត្រកន្លះ ។ ជម្រៅចង្អូរ២តឹក រួចដាក់ស្លឹកឈើស្រស់ និងអាចម៍គោក្នុងចង្អូរ រួចលុបដី និងស្រោចទឹក ។ ក្រៅពីការដាក់ជីស្រោចទឹក គាត់បានជម្រះស្មៅនៅក្បែរគល់ និងនៅចន្លោះរង ។ ការបន្ថែមជីធ្វើឡើងរៀងរាល់ឆ្នាំ ហើយជីកចង្អូរនៅជុំវិញដើម ហើយដាក់ជីនៅក្នុងចង្អូរនោះ ។
៤-ការប្រមូលផល ៖ ក្រោយពីដាំបានរយៈពេល៣ឆ្នាំ ស្វាយមានផ្លែ ។ គាត់ចាប់ប្រមូលផលបាន២ដងក្នុងមួយឆ្នាំ ។ នៅលើផ្ទៃដី០,៥ហិកតា ដាំបាន១៥០ដើម និងប្រមូលផលបាន១.២០០គីឡូក្រាម នៅឆ្នាំដំបូង ។
ចំពោះការលក់ដូរវិញគាត់លក់បាន១.៥០០រៀលក្នុង១គីឡូក្រាម(តម្លៃនៅឆ្នាំ២០០៦) សរុបនៅឆ្នាំដំបូងគាត់រកចំណូលបាន១.៨០០.០០០រៀល ។ ចំណាយអស់៤៥០.០០០រៀល លើការជីករណ្តៅ ទិញពូជបន្ថែម ។ល។ សរុបចំណេញដុលនៅឆ្នាំដំបូង គាត់ទទួលបាន ១.៣៥០.០០០រៀល ។
៥-វិធីកែច្នៃធ្វើផែនស្វាយ ៖ ចំពោះស្វាយដែលទុំជោរលក់មិនអស់ គាត់យកទៅធ្វើផែនស្វាយ ដោយច្របាច់យកសាច់ទៅដាំកូរឱ្យដាច់ទឹក បន្ទាប់មកយកទៅវាសលើកន្ទេលស្លឹកត្នោត រួចហាលឱ្យស្ងួតជាការស្រេច ។ ផែនស្វាយនេះ គាត់ធ្វើសម្រាប់បរិភោគក្នុងគ្រួសារ ។
សរុបមក បច្ចេកទេសសំខាន់ៗក្នុងការដាំស្វាយកែវរមៀតមាន ៖
– កាប់រណ្តៅដាំ មានទំហំ១ម៉ែត្របួនជ្រុង ជម្រៅកន្លះម៉ែត្រ ចម្ងាយពីគ្នា៥ម៉ែត្រ ។
– ដាក់ជីធម្មជាតិទ្រាប់បាតរណ្តៅ និងទុកឱ្យជីស្លឹកឈើស្រស់រលួយ ទើបដាក់កូនដាំ ។
– ថែទាំគ្របគល់ស្វាយ និងស្រោចទឹក ធ្វើស្មៅ ក្រោយពីដាំហើយ ។
– យកស្លឹកឈើងាប់គ្របគល់ស្វាយ ។
– ដាក់ជីបំប៉ននៅជុំវិញដើម ដោយជីកជាចង្អូរចម្ងាយពីមួយម៉ែត្រទៅមួយម៉ែត្រកន្លះ ពីដើម ។
– ការដាក់ជីបំប៉ន ធ្វើឡើងនៅពេលស្វាយមានអាយុ២ឆ្នាំឡើងទៅ ក្រោយពីដាំ និងដាក់រយៈពេល១ឆ្នាំម្តង ៕
ចែករំលែកព័តមាននេះ