ខេត្តស្ទឹងត្រែង ៖ មន្ត្រីបច្ចេកទេស នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានសហការជាមួយអង្គការដៃគូ ចុះរៀបចំបង្កើត «សួនបន្លែកសិករវៃឆ្លាត» ក្នុងគោលបំណងពង្រឹងសន្តិសុខស្បៀង និងលើកកម្ពស់សុខុមាលភាពគ្រួសារនៅតាមមូលដ្ឋាន កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ។
នាសកម្មភាពចុះរៀបចំសួនបន្លែនេះ លោក ឆិល វិបុល ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្មខេត្ត បានគូសបញ្ជាក់ថា គម្រោងនេះមានគោលដៅប្រែក្លាយកសិករឱ្យទៅជា «ជនបង្គោល» ។
លោកបានមានប្រសាសន៍ថា យើងចង់ឱ្យកសិករ ដែលទទួលបានការបណ្តុះបណ្តាល ក្លាយជាអ្នកចែកចាយចំណេះដឹងបន្តទៅកាន់អ្នកជិតខាង ដើម្បីបង្កើតជាសួនបន្លែវៃឆ្លាតលក្ខណៈគ្រួសារឱ្យបានរីកសុសសាយពេញភូមិឃុំ ។
លោកបានបន្ថែមថា នេះគឺជាផ្នែកមួយនៃ ផែនការ ៣ ឆ្នាំរំកិល ដើម្បីឆ្លើយតបទៅនឹងស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន ដោយជួយឱ្យកសិករទទួលបានទិន្នផលខ្ពស់ទាំងបរិមាណ និងគុណភាព តាមរយៈការអនុវត្តបច្ចេកទេសកសិកម្មទំនើប ។
លោកស្រី ហេង ចិន្តា កសិករនៅឃុំភ្លុក ស្រុកសេសាន បានបង្ហាញក្តីរីករាយដែលបានរៀនសូត្រពីរបៀបធ្វើរងដាំដុះ ការជ្រើសរើសពូជ ការប្រើប្រាស់សំណាញ់ការពារសត្វល្អិត ការធ្វើទ្រើង ការផលិតជីកំប៉ុស និងបច្ចេកទេសបណ្តុះកូនជាដើម។ដោយឡែក លោក ចាន់ វាសនា កសិករនៅសង្កាត់សាមគ្គី បានលើកឡើងពីភាពខុសគ្នារវាងការដាំដុះបែបបុរាណ និងបែប បច្ចេកទេសថា ៖កាលពីមុន ដាំតាមទម្លាប់ ទទួលបានទិន្នផលតិច គ្រាន់តែសម្រាប់បរិភោគ។ឯបច្ចុប្បន្ន ទទួលបានទិន្នផលច្រើន សល់ពីបរិភោគអាចលក់បង្កើនចំណូលគ្រួសារ និងជួយកាត់បន្ថយការហូរចូលបន្លែពីតំបន់ផ្សេងៗ ។
សូមបញ្ជាក់ថា គម្រោងនេះមិនត្រឹមតែផ្ដោតលើការដាំដុះប៉ុណ្ណោះទេ ប៉ុន្តែគឺជាយន្តការរួមគ្នាក្នុងការលើកកម្ពស់ អាហារូបត្ថម្ភដល់កុមារ និងស្ត្រីមានផ្ទៃពោះ។ លើសពីនេះ វាក៏ជាផ្នែកមួយនៃគម្រោងភាពធន់ក្នុងសហគមន៍ ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ដែលកំពុងប្រឈមនាពេលបច្ចុប្បន្នផងដែរ ៕




ចែករំលែកព័តមាននេះ