ខេត្តមណ្ឌលគិរី ៖ ចៅសង្កាត់ស្ពានមានជ័យបានសម្តែងនូវការសាទរ និងសន្យាផ្តល់កិច្ចសហការគ្រប់បែបយ៉ាងដល់ប្រជាពលរដ្ឋ ដែលប្រកបរបរកសិកម្មដាំដុះបន្លែធម្មជាតិ ដែលជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន និងរក្សានិរន្តរភាពកេរ្តិ៍ឈ្មោះ បន្លែសុវត្ថិភាពមណ្ឌលគិរី ខណៈកសិករកំពុងប្រមូលផលការ៉ុត ឆៃថាវ និងមើមយ៉េន ។

លោក គុជ ម៉េងធូ ចៅសង្កាត់ស្ពានមានជ័យបានឲ្យដឹងថា លោកមានក្តីសប្បាយចិត្តយ៉ាងខ្លាំង នៅពេលឃើញបងប្អូនប្រជាពលរដ្ឋ មកបង្កើតមុខរបរ និងដាំដុះបន្លែគ្រប់មុខ ជាពិសេស ដូចជាការដាំការ៉ុត និងបន្លែផ្សេងៗទៀត ។ វត្តមានរបស់កសិករទាំងនេះ មិនត្រឹមតែបង្កើតការងារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពង្រឹងសក្តានុពលកសិកម្មក្នុងតំបន់ឱ្យកាន់តែរីកចម្រើន ។

លោកបានបន្តថា មណ្ឌលគិរីយើង គឺជាទីតាំងមួយដែលផលិតបន្លែធម្មជាតិ ហើយជាក់ស្តែង បងប្អូនដែលផលិតនៅទីនេះ គឺគាត់ផលិតតែបន្លែធម្មជាតិពិតប្រាកដមែន ។ ហើយរដ្ឋបាលសង្កាត់ត្រៀមខ្លួនជានិច្ច ក្នុងការទទួលយក និងជួយដោះស្រាយរាល់ការខ្វះខាត ឬសំណូមពរផ្សេងៗរបស់កសិករគ្រប់ពេលវេលា ។

បច្ចុប្បន្ន មានមន្ត្រីកសិកម្មឃុំ-សង្កាត់ ចុះជាប់ជាមួយកសិករនៅតាមបណ្តាភូមិ ដើម្បីផ្តល់មតិយោបល់ និងបច្ចេកទេសដាំដុះឱ្យត្រូវតាមស្ដង់ដារ ។ ជាក់ស្តែង នៅថ្ងៃទី១១-១២ ខែកុម្ភៈ ឆ្នាំ២០២៦ ចម្ការបន្លែរបស់កសិករលោកភិន ផន នៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ កំពុងប្រមូលផលបញ្ជូនទៅលក់នៅផ្សារទំនើបនារាជធានីភ្នំពេញ តាមការបញ្ជាទិញពីក្រុមហ៊ុនដែលបានចុះកិច្ចសន្យា ក្នុងការរក្សាគុណភាពនិងតម្លៃ ។

លោក ភិន ផន បានឲ្យដឹងថា គាត់គឺជាសមាជិកក្នុងសហគមន៍កសិកម្មសាមគ្គីមនោរម្យម្នាក់ដែរ ដូច្នេះ សហគមន៍អាចផ្គត់ផ្គង់បន្លែជាច្រើនប្រភេទទៅកាន់អ្នកបញ្ជាទិញបានគ្រប់គ្រាន់តាមតម្រូវការ។

ចម្ការបន្លែរបស់សមាជិកក្នុងសហគមន៍ មានទៅតាមរដូវកាលដូចជា ស្ពៃក្តោប ស្ពៃបូកគោ ស្ពៃក្រញ៉ាញ់ មើមយ៉េន ផ្កាខាត់ណា ការ៉ុត ឆៃថាវ ដំឡូងបារាំង ម្ទេស ជាដើម ។ ហើយការលក់ទៅកាន់ក្រុមហ៊ុនដែលមានកិច្ចសន្យាទទួលទិញពីកសិករ គឺបានជួយទប់តម្លៃមិនឲ្យធ្លាក់ចុះខ្លាំង នៅពេលបន្លែសំបូរហូហៀ ដែលអាចធ្វើឲ្យពួកគាត់ទទួលបានកម្រៃចំណេញគួរសម ។




ចែករំលែកព័តមាននេះ