រុស្ស៊ី ៖ តាមប្រភពព័ត៌មាន Oddity Central បានឱ្យដឹងថា Vlogger ដ៏ពេញនិយមមួយរបស់រុស្ស៊ីថ្មីៗនេះ បានធ្វើឱ្យមានការផ្ទុះចំណាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីដុតឡានម៉ាក Mercedes-AMG G63 ដែលមានតំលៃថ្លៃ ព្រោះគាត់ធុញទ្រាន់នឹងការខូចរាល់ដងពេក។

បណ្តាញសារព័ត៌មានរុស្ស៊ីបានរាយការណ៍ថា Vlogger វ័យក្មេង លោក Mikhail Litvin បានទិញរថយន្តទំនើបម៉ាកថ្មីរបស់គាត់កាលពីខែធ្នូ ឆ្នាំ២០១៩ ក្នុងតម្លៃប្រហែល ១៧ ម៉ឺនដុល្លារ។ ចំពោះតម្លៃថ្លៃបែបនេះ គឺគេអាចរំពឹងថា វាជារថយន្តមានទាំងដំណើរការល្អ និងអាចប្រើបានយូរអង្វែង តែ Litvin បានអះអាងថា រថយន្ត Mercedes-AMG G63 របស់គាត់ពិតជាអន់ណាស់។ ទើបតែប្រើប្រាស់បានប្រហែល ១៥,០០០គីឡូម៉ែត្រ រថយន្តនេះចូល និងចេញយានដ្ឋានជួសជុលរហូត ក្នុងរយៈពេល១០ខែចុងក្រោយនេះ។

យោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា រថយន្តរបស់លោក Mikhail Litvin បានទៅកន្លែងជួសជុលរបស់ Mercedes ដល់ទៅ៤ដង តាំងពីទិញមក។ Litvin អះអាងថា រាល់ការជួសជុល គឺមិនបានដោះស្រាយបញ្ហារបស់រថយន្តនេះបានទេ។ ផ្ទុយទៅវិញ គាត់បានរកឃើញថា ក្រុមហ៊ុនបានប្រើប្រាស់គ្រឿងបន្លាស់មិនសុទ្ធ មកដាក់ឱ្យរថយន្តរបស់គាត់ នៅពេលដែលគាត់យកទៅឱ្យមិត្តភក្តិរបស់គាត់ពិនិត្យមើល។

ធុញទ្រាន់នឹងការចំណាយប្រាក់លើការជួសជុល ដែលមានតំលៃថ្លៃសម្រាប់ឡានប្រណីត Litvin បានសម្រេចចិត្តដុតរថយន្តនេះកម្ចាត់ឡាន Mercedes-AMG G63 របស់គាត់។ ដូច្នេះនៅដើមខែនេះ គាត់ក៏ថតវីដេអូចាក់សាំងដុតឡាន ដោយអមមកជាមួយនឹងភ្លេងរំជួលអារម្មណ៍ផងដែរ៕








ចែករំលែកព័តមាននេះ