ក្រសួងហាមមិនឲ្យមានការបញ្ជួនពលករទៅថៃមួយរយៈក្នុងពេលនេះ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រសួងហាមមិនឲ្យមានការបញ្ជួនពលករទៅថៃមួយរយៈក្នុងពេលនេះ

2 ខែ មុន
  • Phnom Penh

រាជធានីភ្នំពេញ ៖ នៅចំពោះមុខប្រទេសថៃ កំពុងឆ្លងរាលដាលជំងឺកូវីដ១៩ សហគមន៍ក្នុងខេត្តសាមុតសាខន ក្រសួងការងារកម្ពុជាបានប្រកាសឲ្យភ្នាក់ងារជ្រើសរើសពលករឯកជន ទៅធ្វើការនៅប្រទេសថៃ និងមន្រ្តីពាក់ព័ន្ធទំាងអស់ឲ្យផ្អាកបញ្ជួនពលករ MOU និងពលករតាមរដូវកាលទៅធ្វើការនៅប្រទេសថៃ…

រាជធានីភ្នំពេញ ៖ នៅចំពោះមុខប្រទេសថៃ កំពុងឆ្លងរាលដាលជំងឺកូវីដ១៩ សហគមន៍ក្នុងខេត្តសាមុតសាខន ក្រសួងការងារកម្ពុជាបានប្រកាសឲ្យភ្នាក់ងារជ្រើសរើសពលករឯកជន ទៅធ្វើការនៅប្រទេសថៃ និងមន្រ្តីពាក់ព័ន្ធទំាងអស់ឲ្យផ្អាកបញ្ជួនពលករ MOU និងពលករតាមរដូវកាលទៅធ្វើការនៅប្រទេសថៃ រហូតដល់មានការជូនដំណឹងជាថ្មី។

ក្រសួងបានជម្រាបឲ្យអ្នកពាក់ព័ន្ធទំាងអស់ ត្រូវបន្តទំនាក់ទំនងជាមួយនិយោជកថៃ ឬសមាគមនិយោជកថៃ និងអាជ្ញាធរថៃក៍ដូចជា អាជ្ញាធរមានសមត្ថកិច្ចកម្ពុជាដើម្បីជួយសម្រួលដល់ពលករក្នុងករណីចំាបាច់តាមការសម្រេចរបស់រដ្ឋាភិបាល។

នៅក្នុងសេចក្តីជូនដំណឹងមួយនៅថ្ងៃទី២១ ខែធ្នូនេះ រដ្ឋមន្រ្តីក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈលោក អ៊ិត សំហេង បានជម្រាបដល់ពលរដ្ឋខ្មែរដែលកំពុងធ្វើការងារនៅក្នុងប្រទេសថៃផងដែលឲ្យគោរពតាមការណែនាំរបស់អាជ្ញាធរថៃ និងរក្សាប្រក្រតីភាពការងារ កុំផ្លាស់ប្តូរកន្លែងស្នាក់នៅឬ កន្លែងធ្វើការពីខេត្តមួយទៅខេត្តដែលខុសនឹងបម្រាបរបស់អាជ្ញាធរថៃ ។

ក្រសួងបានជម្រាបដល់ពលករខ្មែរនៅថៃ ដែលមានបំណងចង់ចូលមកប្រទេសកម្ពុជាវិញ ដាច់ខាតចូលតាមច្រកតែបីប៉ុណ្ណោះ មានច្រកអូស្មាច់ក្នុងខេត្តឧត្តរមានជ័យ ច្រលដូងខេត្តបាត់ដំបង និងច្រកប៉ោយប៉ែតក្នុងខេត្តបន្ទាយមានជ័យ។ នៅតាមច្រកទំាងបីអាជ្ញាធរបានរៀបចំកន្លែងសម្រាប់ពិនិត្យសុខភាពនិងការធ្វើចត្តាឡីស័កពលករដែលចេញពីប្រទេសថៃចូលមកម្ពុជា យ៉ាងហ្មត់ចត់។

​ការិយាល័យរដ្ឋបាលពលករបរទេសរបស់​ថៃ​បង្ហាញ នៅក្នុងរបាយការណ៍ប្រចាំខែតុលា ឆ្នាំ២០២០ ​ថា​​ពលករបរទេស​ដែលកំពុងធ្វើការនៅក្នុងប្រទេសថៃមាន​ចំនួន​២ ៤៨២​ ២៥៦នាក់ ដែលក្នុងនោះមាន​ពលករខ្មែរចំនួន៥០១ ៩៥០នាក់ ៕