កូវីដ ៖ កសិករថា ទំនិញលើទីផ្សារឡើងថ្លៃរហូតតែកសិផលចេះតែ​ធ្លាក់​ថ្លៃមិនឈប់ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កូវីដ ៖ កសិករថា ទំនិញលើទីផ្សារឡើងថ្លៃរហូតតែកសិផលចេះតែ​ធ្លាក់​ថ្លៃមិនឈប់

3 ខែ មុន
  • Phnom Penh

រាជធានីភ្នំពេញ ៖ ប្រជាកសិករជាច្រើនកន្លែងបានកំពុងជួបផលលំបាកដោយសារទំនិញលក់នៅលើទីផ្សារ​ចេះតែឡើងថ្លៃ ប៉ុន្តែអ្វីៗ ដែលកសិករដាំដុះ និងចិញ្ចឹមបានចេះតែធ្លាក់ថ្លៃទៅៗ​ ។ លោកសុផល កសិករ ម្នាក់នៅក្នុងខេត្តតាកែវ…

រាជធានីភ្នំពេញ ៖ ប្រជាកសិករជាច្រើនកន្លែងបានកំពុងជួបផលលំបាកដោយសារទំនិញលក់នៅលើទីផ្សារ​ចេះតែឡើងថ្លៃ ប៉ុន្តែអ្វីៗ ដែលកសិករដាំដុះ និងចិញ្ចឹមបានចេះតែធ្លាក់ថ្លៃទៅៗ​ ។

លោកសុផល កសិករ ម្នាក់នៅក្នុងខេត្តតាកែវ បានឲ្យដឹងថា ដោយសារមានការជំរុញ​របស់ក្រសួងកសិម្ម និងដោយសារមានការលំបាកចេញទៅរកប្រាក់នៅក្រៅផ្ទះផង ដោយសារជំងឺកូវីដ១៩នោះ នៅក្នុងឆ្នាំ២០២០នេះ កសិករនៅមូលដ្ឋានរបស់លោក បាននាំគ្នាធ្វើការដំាដុះបន្លែ ចិញ្ចឹមសត្វ មានចិញ្ចឹមមាន់ ចិញ្ចឹមទាយកពង ចិញ្ចឹមកង្កែប ត្រី ដើម្បីបង្កើនប្រាក់ចំណូល និងផ្គត់ផ្គង់ជីវភាពគ្រួសារ ។ តែគួរឲ្យអនិច្ចា រាល់អ្វីៗដែលកសិកខិតខំផលិតបានដាំដុះបាន បើជាធ្លាក់ថ្លៃសឹងគ្រប់មុខទៅវិញ ។

Picture

បើតាមលោក សុផល វ័យជាង៥០ឆ្នាំ ខាងលើថា ពងទាដែលកសិករធ្លាប់លក់បានពី៥០០ទៅ៧០០រៀល ក្នុងមួយគ្រាប់ នៅពេលនេះ ធ្លាក់ថ្លៃមកនៅត្រឹម៣០០ឬ៤០០រៀល ចំណែកត្រីអណ្តែកដែលកសិករធ្លាប់លក់បានជាង១ម៉ឺនរៀលក្នុងមួយគីឡូក្រាម ធ្លាក់មកនៅត្រឹម៥០០០ ទៅ៦០០០រៀលប៉ុណ្ណោះ ចំណែកសត្វកង្កែបវិញសឹងគ្មានទីផ្សារទិញតែម្តង ។ ចំណែកសត្វមាន់រស់ដែលកាលពីមុនកសិករលក់បាន១៨ ០០០រៀល ឥឡូវនេះគេហ៊ានទិញត្រឹម តែ១៥​០០០រៀលបុណ្ណោះ ។

Picture

កសិករបានប្រៀបធៀបថា បើក្រឡេកមើលទំនិញលើទីផ្សារវិញគ្រប់មុខបានឡើងថ្លៃ មិនឈប់ ។ ដោយមិនបាច់មើលអ្វីច្រើន កសិករបានប្រៀបធៀបតម្លៃគេមកទិញពីកសិករនិងអ្វីដែលបានលក់លើទីផ្សារ ថា «ឧទាហរណ៍សត្វមាន់ មាន់កសិករលក់បានតែ​១៦ ០០០រៀលក្នុងមួយគីឡូ ប៉ុន្តែបើយើងទៅទិញសាច់មាន់ដែលគេលក់នៅលើទីផ្សារវិញថ្លៃដល់២៥ ០០០រៀក្នុងមួយគីឡីក្រាម ។ ខ្ទឹម ម្រេច ស្ករ ប្រេងសំាង ជាដើមបានឡើងថ្លៃទំាងអស់ ។ ខ្ញុំនិយាយពីស្រូវពូជ ដែលពីមុនធ្លាប់ទិញ ថ្លៃ៨ម៉ឺនរៀល ពេលនេះឡើងទៅ១០ម៉ឺនរៀល ពូជស្រូវដែលធ្លាប់មានតម្លៃ៩ម៉ឺនរៀល បានឡើងថ្លៃទៅ១១ម៉ឺនរៀលក្នុងមួយការ៉ុង» ។

Picture

កសិករផ្សេងទៀត នៅក្នុងខេត្តតាកែវ ដែលជាអ្នកចិញ្ចឹមមាន់បែបពាណិជ្ជកម្ម គឺចិញ្ចឹមមាន់លក់សាច់ផង និងភ្ញាស់កូនលក់ផង បាននិយាយថា អ្នកចិញ្ចឹមមាន់យកសាច់ជាច្រើនបានខាតបង់ដើមទុន ដោយសារការធ្លាក់ថ្លៃនេះ ។ កសិករដែលសុំមិនឲ្យបញ្ចេញឈ្មោះរូបនេះនិយាយថា ការចិញ្ចឹមសត្វ មានមាន់ ត្រី កង្កែបជាដើមនោះ បានចំណាយទុនខ្ពស់ដោយសារចំណីសត្វទំាងនោះទិញរបស់នាំចូលទំាងអស់ ។ លោកបន្តថាមិនថាមាន់ ត្រី បង្កែបនោះទេ នៅពេលវាធំដល់កម្រិតលក់បានត្រូវតែលក់ចេញ បើទុកទៀតវាមិនធំជាងនោះទេ ប៉ុន្តែនឹងធ្វើអ្នកចិញ្ចឹមត្រូវខាតបង់ថវិកាកាន់តែច្រើន លើការបន្តឲ្យចំណី ខាតពេលវេលា ហើយបានបើពេលេវេលាយូរទៅ ត្រីឬមាន់ទំាងនោះ អាចងាប់ អាចធំជ្រុល រហូតទីផ្សារមិនទិញតែម្តង។

«នៅក្នុងកាលៈទេសៈនេះ កសិករបង្ខំលក់មាន់ លក់ត្រី ក្នុងតម្លៃថោកៗ ទោះត្រូវខាតបង់ដើមទុន ។ អ្នកមកទិញកូនមាន់ខ្ញុំច្រើនណាស់ បានត្ងូញត្អែរពីបញ្ហានេះ ។ ចំណែកខ្ញុំក៏ខាតបង់ដើមទុនដែរ ។ ខ្ញុំបានបង្ខំចិត្ត លក់មាន់ខ្ញុំបន្តបន្ទាប់ក្នុងតម្លៃត្រឹមតែ១៥ ០០០រៀលក្នុងមួយគីឡូក្រាម» នេះជាការឲ្យដឹងរបស់កសិករអ្នកចិញ្ចឹមមាន់បែបកសិដ្ឋានម្នាក់ ។

Picture

ជាមួយគ្នានេះ កសិករបានដឹងថា បញ្ហាកូវីដ១៩ ដែលធ្វើឲ្យពិធីបុណ្យ ពិធីមង្គលការ និងការជួបជុំជាច្រើនមិនអាចប្រារព្ធពិធីបានក៏ជាផ្នែកមួយធ្វើឲ្យ​កសិផលគាត់ធ្លាក់ថ្លៃដែរ ។ ហើយបញ្ហាជីវភាពពលរដ្ឋទូទៅ ដែលពិបាករកចំណូល កាត់បន្ថយ សកម្មភាពទេសចរណ៍ រណីមដ្ឋាននានាស្ងាត់មិនមានមនុស្សលំហែកាយ សុទ្ធសឹងជាដើមចមដែលបណ្តាលឲ្យកសិផលលក់មិនចេញ ឬធ្លាក់ថ្លៃ ។

Picture

ការធ្លាក់ថ្លៃកសិផលនិងផលិតផលត្រូវបានពលរដ្ឋជាច្រើនបានអះអាងថា ដោយមានការនាំចូលពីប្រទេសជិតច្រើនពេក ។ មាន់ ត្រី បន្លែ ដែលដំាដុះក្នុងស្រុកមិនអាចប្រកួតប្រជែងជាមួយរបស់នាំចូល ដែលមានថ្លៃផលិតទាបនោះបាន។ ប៉ុន្តែការលើកឡើងបែបនេះ បានបដិសេធដោយក្រសួងកសិកម្ម។ និយាយតែបញ្ហាស៊ុតធ្លាក់ថ្លៃតែមួយមុខ ក្រសួងកសិកម្ម និយាយជារួម និយាយដោយឡែក មន្ទីរកសិកម្មតាមខេត្ត មួយចំនួន បានបដិសេធថាមិនមានការនាំចូលពីក្រៅប្រទេសមកទេ។ កន្លែងខ្លះសមត្ថកិច្ចថាការធ្លាក់ថ្លៃដោយសារបរិមាណផលិតច្រើនហួសតម្រូវការ ។ និយាយពីការនាំចូលពីបរទេសវិញ ក្រសួងបានផ្តល់លេខទូរស័ព្ទ ដល់សាធារណជន ដែលបានដឹងថា មានការនាំចូលធ្វើការ រាយការណ៍ក្រសួងហើយក្រសួងនឹងចាត់វិធានការ។

Picture

នៅក្នុងសេចក្តីប្រកាសរបស់ក្រសួង កសិកម្ម បានដាក់លេខទូរស័ព្ទដែលសាធារណជនទាក់ទង បាន ដូចជា ​០១៧ ៨០៣ ០០៧​ និង​លេខ​០១៧ ៨៤២ ៤០៣ ជាដើម​។ លើសពីនេះ គេសង្កេតឃើញក្រសួងកសិកម្ម បានផ្សព្វផ្សាយនិង បំភ្លឺ បញ្ជាក់ ព្រមទំាងបដិសេធដល់ការលើកឡើងរបស់កសិករមួយចំនួន ដែលថាស៊ុតឬសាច់ ក្នុងស្រុកធ្លាក់ថ្លៃនោះ ជាការមិនពិតថែមទៀតផង។ក្រសួងបានចុះទៅជួបនិងថតរូបកសិករដែលអះអាងថាពួកគាត់នៅតែដំណើរចិញ្ចឹមមាន់ ចិញ្ចឹមទាបានកាកកបមកផ្សាយទៀតផង។

Picture

ទោះយ៉ាងណាក្តីកសិករដែលបានផ្តល់សម្ភាស និយាយថាការធ្លាក់ថ្លៃ កសិផលក្នុងស្រុក ឬបញ្ហាគ្មានទីផ្សារពិតប្រាកដ ដែលបញ្ហាតំាងពីយូរណាស់មកហើយនោះ ហើយវាបានកើតឡើងជាដដែលៗនេះ នឹងអាចធ្វើឲ្យកសិកររាងចាលនៅក្នុងការពង្រីកមុខរបរដំាដុះនិងការចិញ្ចឹមសត្វ ហើយជាលទ្ធផលអាចនឹងឲ្យកម្ពុជាជៀសមិនផុតពីការនាំចូលបន្លែ ត្រី សាច់ពីប្រទេសជិតខាងមកឲ្យពលរដ្ឋខ្លួនទទួលទានជាដដែលនោះ ៕