កម្ពុជាបង្កាត់បានពូជពោតថ្មីដែលធន់ជំងឺ និងមានទិន្នផលខ្ពស់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្រសួងកសិកម្មបានឲ្យដឹងថា អង្គភាពជំនាញរបស់ខ្លួន និងដៃគូបានបង្កាត់បានពូជពោតថ្មីមួយឈ្មោះ «CHM01» ។ CHM01 មានលក្ខណសម្បត្តិល្អយ៉ាងតិចចំនួនពីរ គឺធន់នឹងជំងឺ…
រាជធានីភ្នំពេញ ៖ ក្រសួងកសិកម្មបានឲ្យដឹងថា អង្គភាពជំនាញរបស់ខ្លួន និងដៃគូបានបង្កាត់បានពូជពោតថ្មីមួយឈ្មោះ «CHM01» ។ CHM01 មានលក្ខណសម្បត្តិល្អយ៉ាងតិចចំនួនពីរ គឺធន់នឹងជំងឺ…
រាជធានីភ្នំពេញ ៖ ក្រសួងកសិកម្មបានឲ្យដឹងថា អង្គភាពជំនាញរបស់ខ្លួន និងដៃគូបានបង្កាត់បានពូជពោតថ្មីមួយឈ្មោះ «CHM01» ។ CHM01 មានលក្ខណសម្បត្តិល្អយ៉ាងតិចចំនួនពីរ គឺធន់នឹងជំងឺ ដែលមានឈ្មោះថា បួស (Downy Mildew- DM) និងផ្តល់ទិន្នផលខ្ពស់ ។ CHM01ឲ្យផលប្រមាណជា ៨,៦០តោនក្នុងមួយហិកតា ខ្ពស់ជាងប្រភេទពូជពោតអ៊ីប្រ៊ីត ដែលនាំចូលពីបរទេស ។ នេះបើតាមការបញ្ជាក់របស់លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ។
លោករដ្ឋមន្រ្តីបានឲ្យដឹងបន្ថែមថា CHM01 ធន់នឹងការប្រែប្រួលអាកាសធាតុផងដែរ។ CHM01 បានផ្តើមបង្កាត់នៅឆ្នាំ២០១៤ នៅស្ថានីយស្រាវជ្រាវកសិកម្មបន្ទាយដែក ខេត្តកណ្តាល ដោយមានកិច្ចសហការរវាងអគ្គនាយកដ្ឋានកសិកម្មជាមួយមជ្ឈមណ្ឌល KOPIA ប្រចាំកម្ពុជា ។ កាលពីថ្ងៃទី២៩ ខែធ្នូ អគ្គនាយកដ្ឋានកសិកម្ម បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់រវាងអគ្គនាយកដ្ឋានកសិកម្ម និងមជ្ឈមណ្ឌល KOPIA ប្រចាំនៅកម្ពុជាលើគម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេសស្ដីពី ផលិតកម្ម និងការផ្សព្វផ្សាយគ្រាប់ពូជពោតអ៊ីប្រ៊ីត (CHM01) នៅប្រទេសកម្ពុជា ។
លោកវេង សាខុនបញ្ជាក់ថា គម្រោងនេះនឹងត្រូវយកទៅអនុវត្តក្នុងគោលបំណងពង្រឹងសមត្ថភាពរបស់អ្នកសិក្សាស្រាវជ្រាវ និងការបង្កើតពូជពោតអ៊ីប្រ៊ីតថ្មី បង្កើតជាទម្រង់ ឬគំរូមួយសម្រាប់ផលិតកម្ម និងចែកចាយគ្រាប់ពូជពោតអ៊ីប្រ៊ីត CHM01 ជូនកសិករ និង ធ្វើការបង្ហាញ និងផ្សព្វផ្សាយពូជពោតអ៊ីប្រ៊ីតនេះ ក្នុងទ្រង់ទ្រាយធំ នៅតាមបណ្តាខេត្តសំខាន់ៗជាសាធារណៈសម្រាប់ឲ្យកសិករមានការយល់ដឹង និងទទួលយកកាន់តែទូលំទូលាយ ហើយគម្រោងនេះក៏នឹងបញ្ចូលផងដែរ លើការពង្រីកផលិតកម្មគ្រាប់ពូជ ស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជពោតថ្មីនេះនៅស្ថានីយស្រាវជ្រាវកសិកម្មបន្ទាយដែក និងនៅកសិដ្ឋានផលិតពូជដំណាំតំបន់ដីខ្ពស់ចម្ការលើ ខេត្តកំពង់ចាម ។
បើតាមលោករដ្ឋមន្រ្តី ដំណាំពោត ត្រូវបានចាត់ថ្នាក់ជាដំណាំគោលទី៣ បន្ទាប់ពីដំណាំស្រូវ និងដំណាំដំឡូងមី ដែលមានសក្តានុពលសម្រាប់នាំចេញ និងផ្គត់ផ្គង់ឲ្យតម្រូវការក្នុងស្រុកសម្រាប់បម្រើឲ្យវិស័យផលិត កម្មចំណីសត្វ អាហារមនុស្ស និងផលិតផលផ្សេងៗ ។ បច្ចុប្បន្ន កម្ពុជាមានផ្ទៃដីដាំដុះពោតសរុបចំនួន ១៥៤ ៥៩៨ ហិកតា និងទទួលបានបរិមាណផលសរុបចំនួន ៧៣៥ ៥៥១តោនក្នុងមួយឆ្នាំ ។
តាមការសង្កេត ពោតជាដំណាំមួយ ដែលមានទីផ្សារមិនច្បាស់លាស់ផងដែរ ។ ជាញឹកញាប់គេសង្កេតឃើញកសិករអ្នកដាំពោតត្អូញត្អែរពីការលំបាកនៅក្នុងការលក់កសិផលនេះ ។ កសិករដំាពោតនៅជាប់ព្រំដែនកម្ពុជាថៃ តែងតែលក់ពោតឲ្យឈ្មួញថៃ ។ កសិករនៅជាប់ព្រំដែនខ្មែរវៀតណាម តែងតែលក់ពោតឲ្យឈ្មួញវៀតណាម ៕
ចែករំលែកព័តមាននេះ