បន្ទាយមានជ័យ៖ តំបន់ជាប់ព្រំដែនកម្ពុជា-ថៃ ( ប៉ោយប៉ែត ) ដែលកន្លងមករងផលប៉ះពាល់ដោយសារតែការចាកចេញរបស់ជនជាតិចិនពីតំបន់នោះពេលនេះ សកម្មភាពនៃការវិនិយោគទៅលើអចលនទ្រព្យ ហាក់ចាប់ផ្ដើមកក្រើកឡើងបន្តិចក្រោយមានលំហូរនៃការវិនិយោគមកពីប្រទេសថៃចូលក្នុងតំបន់នោះ ជំនួសឲ្យការចាកចេញខ្លះៗរបស់ជនជាតិចិនកន្លងទៅ ។
បើយោងតាមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យប្រចាំតំបន់នោះផ្ទាល់តែម្ដង លោកស្រី ចុង ជីងម៉ី នៃ KW Cambodia បានអោយដឹងថា លោកស្រី បានធ្វើជាភ្នាក់ងារនៅតំបន់ប៉ោយប៉ែតជាច្រើនឆ្នាំមកហើយ មិនមែនទើបតែចាប់ផ្ដើមដំណើរការពេលថ្មីៗនេះទេ ។ អ្នកស្រីបានបន្តថា «ក្នុងពេលចិនចាកចេញភ្លាមៗវាពិតជាមានផលប៉ះពាល់មែន ដោយសារតែអ្នកដែលធ្លាប់ទទួលបានផលប្រយោជន៍ពីវត្តមានជនជាតិចិន គាត់បានសម្រុកអភិវឌ្ឍន៍អចលនទ្រព្យដើម្បីផ្គត់ផ្គង់អោយតែជនជាតិចិន។ ដូច្នេះនៅពេលចិនចាកចេញ គាត់ក៏ត្រូវទទួលនូវឥទ្ធិពលតែម្ដង ដូចជាត្រូវជំពាក់ធនាគារ មីក្រូហិរញ្ញវត្ថុ ហើយគម្រោងមួយចំនួនត្រូវគាំងដោយសារតែ តម្រូវការធ្លាក់ចុះ » ។ លោកស្រីបានបន្ថែមទៀតថា សម្រាប់អ្នកដែលមានទុនគ្រប់គ្រាន់ក្នុងការវិនិយោគ នៅតំបន់ប៉ោយប៉ែត គម្រោងរបស់គេនៅតេដំណើរការដដែល មិនមានការគាំង ឬត្រូវផ្អាកនោះទេ ពោលរាល់សកម្មភាពធំៗនិងច្បាស់លាស់ ដែលប្រភពទុនច្បាស់លាស់ដែរនោះ គឺនៅតែដំណើរការដដែល ។ ហើយបច្ចុប្បន្ននេះដែរ ដោយសារតែ លំហូរវិនិយោគិនមកពីថៃបន្ថែមទៀតនោះ ធ្វើអោយសកម្មភាព វិនិយោគលើអចលនទ្រព្យកាន់តែកក្រើកជាងមុន ដោយសារតែវិនិយោគិនចេញពីថៃនោះ មកស្វែងរកការវិនិយោគក្នុងទឹកដីខ្មែរវិញ និងធ្វើអោយតម្រូវការអចលនទ្រព្យជាពិសេសដីធ្លី កាន់តែច្រើន ធ្វើអោយសកម្មភាពស្វែងរកទិញដី ក៏ងើបឡើងវិញ ។
លោកស្រី ចុង ជីងម៉ី បាននិយាយថា « មួយរយៈនេះ ឃើញលំហូរវិនិយោគិនចេញមកពីថៃ ចូលមករកការវិនិយោគនៅក្នុងទឹកដីប្រទេសកម្ពុជាកាន់តែច្រើន ជាពិសេសក្រោយពេលដែលតំបន់សេដ្ឋកិច្ចពិសេសនៅតំបន់ប៉ោយប៉ែតចាប់ផ្ដើមដំណើរការជាបន្តបន្ទាប់ ធ្វើអោយវិនិយោគិនក្នុងប្រទេសជិតខាង ចង់មកបើករោងចក្រ ខ្សែសង្វាក់ផលិតកម្មនៅក្នុងទឹកដីខ្មែរវិញម្ដង» ។
បើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស NNA បានផ្សាយកាលពីពេលថ្មីៗនេះអោយដឹងថា បណ្ដារោងចក្រសហគ្រាសដែលមានមូលដ្ឋានក្នុងទឹកដីថៃ នាពេលនេះ ចង់ផ្លាស់ប្តូរមកកម្ពុជាវិញម្ដង ដោយសារតែតម្លៃពលកម្មនៅក្នុងមានតម្លៃទាបជាងតម្លៃពលកម្មនៅក្នុងប្រទេសថៃ ក្នុងនោះតម្លៃសេដ្ឋកិច្ចជាកន្លែងដែលមានអំណោយផលនិងទាក់ទាញបំផុតសម្រាប់វិនិយោគិន ដែលចង់មកបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ។
រាជរដ្ឋាភិបាលបានធ្វើពិពិធកម្មជាច្រើន ដើម្បីសម្រួលដល់ការវិនិយោគរបស់វិនិយោគិនក្នុងនិងក្រៅស្រុក ដូចជាការកាត់បន្ថយនូវការចំណាយនានាមួយចំនួន ដែលមិនចាំបាច់ ដើម្បីលើកទឹកចិត្តនិងជំរុញអោយវិនិយោគិនបរទេស និងក្នុងស្រុកបណ្ដាក់ទុន កាន់តែច្រើនក្នុងប្រទេសកម្ពុជា ខណៈកម្ពុជា ត្រូវបានគេចាត់ទុកជានំមួយដុំដែលគេគ្រប់គ្នាចង់បាន។ ដូចគ្នានេះដែរ ការវិនិយោគក្នុងទឹកដីខេត្តកំពត ដែលធ្លាប់ទទួលផលពីវិនិយោគិនចិនដែរនោះ ក៏នៅតែទទួលបានការវិនិយោគជាបន្តបន្ទាប់ដែរ ដោយចិនគឺជាអ្នកឈរលំដាប់កំពូលដដែល តែក្រៅពីចិនក៏មានវិនិយោគិនមកពីប្រទេសផ្សេងទៀត និងវិនិយោគិនក្នុងស្រុកជាច្រើនដែរបានដាក់ទុនក្នុងតំបន់នេះ ។
លោកគីម ហ៊ាង ប្រធានក្រុមហ៊ុនអចលនទ្រព្យខ្មែររៀលអ៊ីស្ទេតបានអោយដឹងថា ការចាកចេញរបស់ចិននៅពេលកន្លងមកគឺជាក្រុមលេងល្បែង ចំណែកចិនដែលវិនិយោគពិតមានតែចូល ពីព្រោះ យោងតាមទំនាក់ទំនងរវាងប្រទេសទាំងពីរ គឺមានភាពស៊ីជម្រៅណាស់ អញ្ចឹងវិនិយោគិនចិននឹងមកកាន់តែច្រើនថែមទៀតនៅក្នុងឆ្នាំថ្មីនេះ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ