រាជធានីភ្នំពេញ ៖ ទីម័រខាងកើតបានបង្ហាញការកោតសរសើរចំពោះការអភិវឌ្ឍរបស់ប្រទេសកម្ពុជា និងថាយកគំរូ និងបទពិសោធន៍ទៅធ្វើការអភិវឌ្ឍន៍ប្រទេសខ្លួន ។ នេះបើតាមឯកអគ្គរដ្ឋទូតលើកឡើងក្នុងជំនួបទ្វេភាគីជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ។
ក្នុងជំនួបពិភាក្សាជាមួយសម្តេច សាយ ឈុំ នាព្រឹកថ្ងៃទី៣០ ខែធ្នូនេះ នៅវិមានព្រឹទ្ធសភា លោកជំទាវហ្វេលីស៊ីដាដេ ដេ ស៊ូសា ហ្គូទែរែស (Felicidade de Sousa Guterres) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតបានលើកឡើងថា ក្នុងអំឡុងពេលបេសកកម្មការទូតរយៈពេល៤ឆ្នាំរបស់លោកជំទាវនៅព្រះរាជាណាចក្រកម្ពុជា លោកជំទាវបានទទួលជោគជ័យក៏ដោយសារតែមានការគាំទ្រពីព្រឹទ្ធសភា រដ្ឋសភារាជរដ្ឋាភិបាល និងគ្រប់ស្ថាប័នជាតិដែលជំរុញឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-ទីម័រខាងកើត មានការរីកចម្រើន ។
ជាមួយគ្នានេះ លោកជំទាវក៏បានសម្ដែងនូវសេចក្ដីរីករាយជាខ្លាំងដោយឃើញថា សេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើន និងអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលធ្វើឱ្យប្រទេសកម្ពុជាមានកំណើនសេដ្ឋកិច្ចជាមធ្យម៧% ក្នុងរយៈពេលជាងពីរទសវត្សរ៍មកហើយ ។ លោកជំទាវបានសង្កេតឃើញថា នៅរាជធានីភ្នំពេញមានការីកចម្រើនខ្លាំងលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ ស្ពានអាកាស និងអគារខ្ពស់ៗជាច្រើន ។
លោកជំទាវបានបញ្ជាក់ថា ហើយអ្វីដែលខ្ញុំបានមើលឃើញទាំងអស់នេះ ខ្ញុំនឹងយកទៅជម្រាបជូនរដ្ឋាភិបាលទីម័រខាងកើត ដើម្បីសិក្សាស្វែងយល់អំពីការអភិវឌ្ឍ ការរីកចម្រើន និងការកែទម្រង់លើគ្រប់វិស័យនេះ គឺជាគំរូមួយ និងបទពិសោធដ៏ល្អសម្រាប់ប្រទេសទីម័តខាងកើតផងដែរ» ។ ក្នុងនាមរដ្ឋាភិបាលទីម័រខាងកើត លោកជំទាវឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលបានគាំទ្រឱ្យប្រទេសទីម័រខាងកើត ចូលជាសមាជិកអាស៊ានពេញសិទ្ធ ។
សម្តេចសាយ ឈុំ ប្រធានព្រឹទ្ធសភា បានសម្តែងនូវសេចក្តីពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អលើគ្រប់វិស័យរវាងប្រជាជន និងប្រទេសទាំងពីរ ។ ថ្នាក់ដឹកនាំកំពូល និងមន្ត្រីជាន់ខ្ពស់គ្រប់លំដាប់ថ្នាក់បានផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមកជាបន្តបន្ទាប់ និងបានគាំទ្រគ្នាទៅវិញទៅមកលើបញ្ហាជាច្រើនក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិ ។
ក្នុងនាមព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជាសម្តេចប្រធានព្រឹទ្ធសភាសូមគាំទ្រប្រទេសទីម័រខាង កើតចូលជាសមាជិកអាស៊ាន ។ សម្តេចប្រធានព្រឹទ្ធសភាបានបញ្ជាក់ថា ក្រោមការខិតខំសម្របសម្រួលរបស់លោកជំទាវប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុស្សរណៈយោគយល់រវាងប្រទេសទាំងពីរជាច្រើន ហើយតាមរយៈនៃកិច្ចព្រមព្រៀងទាំងអស់នេះនឹងក្លាយជាចលករជំរុញកំណើនពាណិជ្ជកម្មជំរុញការផ្លាស់ប្តូរទេសចរណ៍ វប្បធម៌ វិនិយោគ និងការផ្លាស់ប្តូរមនុស្សក្នុងពេលអនាគតជាក់ជាពុំខាន ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ