ខេត្តស្ទឹងត្រែង ៖ ប្រជាពលរដ្ឋជិត១ពាន់គ្រួសារប្រឈមនឹងបញ្ហាកង្វះទឹកប្រើប្រាស់ក្នុងដំណាក់កាលនៃការប្រែប្រួលអាកាសធាតុរលកម្ដៅហក់ឡើងខ្ពស់ពីជាង៤០អង្សាសេ ធ្វើឱ្យទឹកស្រះអណ្ដូងរីងហួតហែង សូម្បីតែសត្វគោក៏ត្រូវងាប់ដោយសារការខ្វះទឹកផឹកផងដែរ។

ប្រជាជនដែលងាយរងគ្រោះដោយសារកង្វះទឹកប្រើប្រាស់មុនគេបំផុតនោះ គឺស្រុកថាឡាបរិវ៉ាត់ក្នុងចំណោម៦ក្រុងស្រុកនៃខេត្តស្ទឹងត្រែង ដែលមានប្រជាជនកើនឡើងប្រមាណជិត១ពាន់គ្រួសារ ប្រសិនបើមេឃមិនភ្លៀងធ្លាក់រយៈពេលតែ២-៣សប្តាហ៍ខាងមុខ ក្នុងខែឧសភា ឆ្នាំ២០២៤នេះ ។នេះបើយោងតាមការឲ្យដឹងពីលោកម៉ែន គង់ អ្នកនាំពាក្យនៃរដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤នេះ ។

លោកម៉ែន គង់ បានបន្តថា គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដែលមានលោកស្វាយ សំអ៊ាង អភិបាលខេត្តជាប្រធាន បានបញ្ជាឲ្យក្រុមការងារ និងអាជ្ញាធរភូមិ ឃុំ ចុះពិនិត្យមើលប្រភពទឹកជាក់ស្តែងនៅតាមមូលដ្ឋានរបស់ខ្លួន ចំពោះប្រភពទឹកដែលអាចស្តា ជួសជុល ឬកែកុនយកមកប្រើប្រាស់ឡើងវិញបាន ដូចជាស្រះទឹក ត្រពាំងទឹក និងអណ្តូងទឹកស្តប់ជាដើម ។

ជាមួយគ្នានេះដែរ គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយ ក៏ត្រៀមខ្លួនជាស្រេច ដើម្បីជួយសង្គ្រោះប្រជាជនក្នុងកាលៈទេសៈនៃរដូវរាំងស្ងួតនេះ ដូចជារថយន្តដឹកទឹក គោយន្ត រឺម៉កម៉ូតូ អាងស្តុកទឹក ធុងដាក់ទឹក និងសម្ភារៈមួយចំនួនថែមទៀតផងដែរ ។

លោកម៉ែន គង់ បន្តថា កន្លងមក ក្នុងរដូវក្តៅនេះ មានសត្វគោបានងាប់ប្រមាណជា១០ក្បាលមកហើយ ដោយសារខ្វះទឹក ខ្វះចំណី ព្រមទាំងខ្វះការថែទាំឲ្យបានល្អពីម្ចាស់ថែមទៀត ប៉ុន្តែពុំមានតួលេខស្តីពីមនុស្សស្លាប់នៅឡើយទេ នាពេលបច្ចុប្បន្ននេះ ៕
ចែករំលែកព័តមាននេះ