ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិប្បកម្មធ្វើបង្គី កញ្ជើ ល្អី ពីដូនត្រូវបោះបង់ចោល ចាប់យកមុខរបរលក់ដូរក្នុងវត្តតាសុតវិញម្តង​

1 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ដោយសារតែភាពល្បីល្បាញ​របស់ព្រះអង្គ​ច័ន្ទមុន្នី គង់​នៅវត្តចន្ទប្បជោត្តនារាម

ខេត្តកំពង់ឆ្នាំង ៖ ដោយសារតែភាពល្បីល្បាញ​របស់ព្រះអង្គ​ច័ន្ទមុន្នី គង់​នៅវត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត ស្ថិតនៅក្នុងភូមិប៉ាតឡាង ឃុំក្រាំងលាវ ស្រុករលាប្អៀរ ដែលធ្វើឱ្យបងប្អូនប្រជាពលរដ្ឋ ភ្លូកទឹកភ្លូកដីទៅកាន់ទីអារាមមួយនេះ បានប្រែក្លាយ ប្រជាពលរដ្ឋរស់នៅក្នុងភូមិខាងលើនេះ ផ្លាស់ប្ដូរមុខរបរប្រចាំគ្រួសារខ្លួន ទម្លាប់ចាស់ កាន់យកមករបរថ្មី ដើម្បីបង្កើនជីវភាពគ្រួសារ ។ (នេះជាជ្រុងតូចមួយពីវត្តតាសុត)

ជាក់ស្ដែង អ្នកភូមិប៉ាតឡាងក្នុងឃុំក្រាំងលាវ ស្រុករលាប្អៀរ ជាភូមិមួយដែលប្រកប​មុខរបរបន្ទាប់បន្សំ ពីដូនតា គឺការតម្បាញរំពាក់ ធ្វើបង្គី កញ្ជើ ល្អី និងរបស់ប្រើប្រាស់ផ្សេងទៀតជាដើម។បច្ចុប្បន្នពួកគាត់បានបោះបង់មុខរបរ នេះអស់ហើយ ពុំមានអ្នកណាទៅបោចរំពាក់ និងអ្នកត្បាញរំពាក់ ធ្វើបង្គី កញ្ឆើទៀតឡើយ។ក្នុងគ្រួសារនីមួយៗបានទៅចាប់មុខរបរលក់ដូរនៅក្នុងវត្ត គ្រប់ៗគ្នា ព្រោះមានមនុស្ស​សន្ធឹកសន្ធាប់ហូរហែចូលទៅវត្តតាសុត ។ ​ហើយ​ការលក់ដូររបស់ពួកគាត់កាក់កបណាស់ ទើបពួកគាត់នាំគ្នាទម្លាក់មុខរបស់តម្បាញរំពាក់ចោលសិន ហើយទៅលក់ដូរក្នុងវត្តមានទំនិញសព្វសារពើផ្សេងៗតាមតម្រូវការភ្ញៀវ ដែលបានមកកាន់ទីអារ៉ាមួយនេះ ដូចជាលក់ ទៀន ធូប ទឹកសុទ្ធ ប្រេងក្រឡា ទឹកអប់ និងរូបព្រះអង្គច័ន្ទមុន្នីជាដើម ។ បើសម្រាប់បុរស ខ្លះក៏បានទៅធ្វើជាសន្តិសុខ រៀបចំសណ្ដាប់ធ្នាប់ ខ្លះជាអ្នកអនាម័យ ដាក់ភាស៊ី យាមឡាន ម៉ូតូជាដើម គឺរកចំណូលស្រួល​ជាង​សិប្បកម្មត្បាញកញ្ឆេ បង្គី ។ល។

នៅក្នុងវត្តក្រោមម្លប់ដើមឈើ គេឃើញក្រុមការងាររបស់វត្ត តាសុត រៀបចំឱ្យបងប្អូនលក់ដូវជាជួរតាមក្រោមម្លប់ដើមឈើ អមសងខាងផ្លូវខ្វាត់ខ្វែង មានកន្លែងចតឡាន ចតម៉ូតូ មានក្រុមការងាររៀបចំដាក់ឱ្យរថយន្តរបស់ភ្ញៀវឈប់តាមចំណត ។

ថ្ងៃណាក៍ដូចជាថ្ងៃណាភ្ញៀវមកស្អេកស្កះ ហើយបើប៉ះថ្ងៃបុណ្យ ឬថ្ងៃដែលវត្តរៀបចំបុណ្យផ្សេងៗផង គឺចង្អៀត ស្ទះចរាចររាប់គីឡូ ទម្រាប់ចូលដល់វត្ត។ ដោយឡែកនៅក្នុងភូមិវិញបើចំគ្មានថ្ងៃបុណ្យ ហាក់ស្ងាត់ជ្រងុំ ព្រោះមនុស្សបានទៅវត្តអស់ហើយ។

ស្ត្រីជាអាជីវករ មានតូបលក់ដូរ នៅក្បែរវត្តក្រាំងលាវ ដែលមានចម្ងាយប្រមាណ ជាង១គីឡូម៉ែត្រពីវត្តតាសុត សុំ​មិនបញ្ចេញឈ្មោះ បានរៀបរាប់ថា មិនបានចូលទៅលក់ដូក្នុងវត្តតាសុតដូចគេទេ គឺលក់ដូរនៅផ្ទះ តែពេលបុណ្យទាន មានភ្ញៀវសម្រុកមកខ្លាំងក៏លក់ដូរដាច់នឹងគេដែរ។ ស្ត្រីរូបនោះបន្តថា៖ មុនពេលដែលមានភាពល្បីល្បាញរបស់ព្រះអង្គច័ន្ទ មុន្នី ប្រជាពលរដ្ឋរស់នៅក្នុងភូមិនេះ បានប្រកបមុខរបរធ្វើស្រែចម្ការ និងមុខរបរបន្ទាប់បន្សំគឺទៅបោចរំពាក់មកត្បាញ ។ ប៉ុន្តែបច្ចុប្បន្នផ្ទះណាដូចផ្ទះណាពុំមានអ្នកណាទៅបោចរំពាក់យកមកត្បាញធ្វើបង្គី កន្ត្រក ឬកញ្ជើល្អីអ្វីនោះទេ។ រូបគាត់ផ្ទាល់គឺជាអ្នកទិញ បង្គីកញ្ជើ ល្អី រាយ ពីក្នុងភូមិ ហើយយកមកចងបាច់បោះដុំលក់បន្ត ។

ឥឡូវទិញលែងបានហើយ ព្រោះគ្មានអ្នកត្បាញ ។ សូម្បីតែស្រូវ កាលមុនប្រជាពលរដ្ឋ ពេលខ្វះខាតបាន យកស្រូវមកលក់ឱ្យគាត់ក្នុង១ថ្ងៃគាត់ទិញបាន២០ទៅ៣០ការ៉ុងដែរ តែបច្ចុប្បន្ន គ្មានអ្នកយកស្រូវមកលក់ឱ្យគាត់ទេ ។ តាមគាត់ស្មានបងប្អូនមិនខ្វះខាតដូចមុនទៀតទេ។ហើយឮថា ពេលខ្លះមានថ្ងៃបុណ្យម្នាក់ៗលក់បានប្រាក់លានរៀលក៍មាន។

ដោយឡែកអាជីវករ លក់ត្រីងៀតត្រីឆ្អើរនៅផ្សារលើ ម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះដូចគ្នា ក៏បានរៀបរាប់ថាមុនពេលមានភាពអ្វីល្បាញ របស់ព្រះអង្គ ច័ន្ទ មុន្នី រូបគាត់ជាអាជីវករលក់ដូរនៅផ្សារលើ លក់មិនសូវដាច់ទេ ហើយថែមជំពាក់លុយធនាគារច្រើនណាស់ ។លុះក្រោយបានមកលក់ដូរនៅក្នុងវត្តតាសុត ទាំង២នាក់ប្ដីទាំងប្រពន្ធមិនត្រឹមតែបាន សងធនាគារទេ គាត់នៅសល់ប្រាក់មួយចំនួនទៀត ។

សរុបសេចក្ដីទៅ វត្ត ចន្ទប្បជោត្តនារាម ហៅវត្តតាសុត ​ភូមិ​ប៉ាតឡាងនិងក្លាយ ជាវត្តដែលមានភាពល្បីល្បាញ មានភ្ញៀវទេសចរ ជាច្រើន មកកាន់ទីអារាមមួយនេះ ដែលធ្វើឱ្យបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានមានជីវភាពប្រសើរតរៀងទៅថ្ងៃអនាគត​ជាក់ជាពុំខាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ