ជួលដីរដ្ឋពីមន្ត្រីបរិស្ថានខេត្តបង់ប្រាក់រួចហើយ បែរជាបានដីខ្យល់
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ៖ ជនរងគ្រោះច្រើននាក់ មានលុយទៅជួលដីចំការទំហំប្រមាណជិត២០០ហិកតា គ្រោង
ខេត្តកំពង់ស្ពឺ ៖ ជនរងគ្រោះច្រើននាក់ មានលុយទៅជួលដីចំការទំហំប្រមាណជិត២០០ហិកតា គ្រោង
ខេត្តកំពង់ស្ពឺ ៖ ជនរងគ្រោះច្រើននាក់ មានលុយទៅជួលដីចំការទំហំប្រមាណជិត២០០ហិកតា គ្រោងដាំដំឡូង បានធ្វើកិច្ចសន្យាជួលដី ព្រមទាំងកក់លុយជិតគ្រប់ចំនួនរួចទៅហើយជាមួយបុរសពីរនាក់ដែលអះអាងថាម្ចាស់ដី ក្នុងនោះមានម្នាក់ជាមន្ត្រីបរិស្ថានខេត្តកំពង់ស្ពឺថែមទៀតផង។ ប៉ុន្តែរហូតមកដល់ពេលនេះ បុរសពីរនាក់នោះទូរស័ព្ទចូលក៏មិនលើក លុយក៏មិនសង ដីដែលជួលនោះក៏មិនមានដែរ ម្ចាស់លុយធ្វើការអំពាវនាវដល់ម្ចាស់ដី ដែលទទួលប្រាក់ហើយ ចេញមុខមកធ្វើការដោះស្រាយផង ពីព្រោះថាកិច្ចសន្យាមានត្រឹមត្រូវ ខកខានសង១គុណនឹង២ សង១គុណនឹង១០ក៏មានដែរ។
ជួបជាមួយអ្នកយកព័ត៌មាន លោក យ៉ាង ស៊ុយ អាយុ៣៤ឆ្នាំ រស់នៅក្នុងភូមិទម្ពរ ឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាមបាននិយាយឱ្យដឹងថា រូបលោកបានជួលដីទំហំ១២១ហិកតា ក្នុង១ហិកតាតម្លៃ១២០ដុល្លារដើម្បីដាំដំឡូង ពីឈ្មោះ តូច ពៅ អាយុ៤៥ឆ្នាំ រស់នៅភូមិផ្សារកន្តួត ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ដោយបានធ្វើកិច្ចសន្យាកក់ប្រាក់លើកទី០១ ចំនួន៧២៦០$(ប្រាំពីរពាន់ពីររយហុកសិបដុល្លារ)នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ដោយលុយខាងលើនេះលោកបានប្រគល់ឱ្យទៅឈ្មោះ តូច ពៅ តាមរយៈធនាគារ។ ដោយបានធ្វើកិច្ចសន្យាថា ប្រសិនបើដល់ថ្ងៃកំណត់មិនមានដីតាមការសន្យាទេនោះ ត្រូវសង១គុណនឹង២ នៃប្រាក់ដែលបានកក់នោះ និងព្រមទទួលខុសត្រូវចំពោះមុខច្បាប់ថែមទៀតផង។
លោក យ៉ាង ស៊ុយ បន្តទៀតថា ដោយមានការទុកចិត្តទៅលើអ្នកជួលដីឱ្យដែលមានឈ្មោះតូច ពៅ និងម្នាក់ទៀតឈ្មោះ ចាន់ ជាមន្ត្រីបរិស្ថានផងនោះ រូបលោក បានធ្វើកិច្ចសន្យា ភ្ជួរដី ដោយធ្វើការកក់លុយចំនួន៣០លានរៀលបន្ថែមទៀត ដោយមានសាក្សីដឹងឮច្រើន មិនតែប៉ុណ្ណោះបានធ្វើកិច្ចសន្យាក្នុងទំហំដី១២១ហិកតា ក្នុង១ហិកតាតម្លៃ៦២០០០០រៀល ស្មើនឹង៧៥០០០០០០រៀល។ បើមិនធ្វើតាមគោលការកំណត់ទេ នឹងទទួលខុសត្រូវចំពោះមុខច្បាប់(ត្រូវសងប្រាក់វិញ១គុណ នឹង១០)។
លោក យ៉ាង ស៊ុយ បានបន្ថែមទៀតថា ក្រោយពីទទួលបានលុយកក់ហើយពួកគាត់បានធ្វើការភ្ជួរដីពិតមែន ប៉ុន្តែបានត្រឹមតែភ្ជួរ ដល់ពេលជិតដល់ថ្ងៃចុះដាំដំឡូង ស្រាប់តែលោក តូច ពៅ និងលោក ថន ចាន់ សន្យាថ្ងៃនេះ សន្យាថ្ងៃនោះ! ថាជួបបញ្ហានេះ ជួបបញ្ហានោះ រហូតដល់ខលលែងលើក។ ដីដែលជួលនោះក៏មិនបានដាំដំឡូង លុយដែលបានកក់នោះក៏មិនបានមកវិញ។ ទើបលោកសម្រេចចិត្តធ្វើការអំពាវនាវឱ្យលោក តូច ពៅ ដែលអះអាងថាខ្លួនជាម្ចាស់ដីទំហំ១២១ហិកតា ដែលមានកិច្ចសន្យាស្រាប់ ចេញមុខមកធ្វើការដោះស្រាយផង។ ហើយមួយវិញទៀតសូមលោក ចាន់ ដែលជាមន្ត្រីបរិស្ថាន ដែលជាអ្នកធានា ដឹងឮ ជួយធ្វើការដោះស្រាយតាមកិច្ចសន្យាផង។
ជាមួយគ្នានេះដែរ មិនត្រឹមតែលោក យ៉ាង ស៊ុយ និងលោក ហុង លី ប៉ុណ្ណោះទេ នៅមានលោក ហួច ម៉េងហ៊ន់ បានធ្វើកិច្ចសន្យាជួលដីពីបុរសទាំងពីរនាក់ខាងលើនោះដែរ ដីទំហំ១៦០ហិកតា ដោយក្នុង១ហិកតា ជួលក្នុងតម្លៃ១៦០$(មួយរយហុកសិបដុល្លារអាមេរិក) ហើយបានធ្វើកិច្ចសន្យាកក់លុយចំនួន១០០០$(មួយពាន់ដុល្លារ) និងមានម្នាក់ទៀតឈ្មោះ អោម សិលា ជួលដីទំហំ១៧ហិកតា ក្នុងមួយហិកតាជួលក្នុងតម្លៃ១២០ដុល្លារ ហើយបានកក់លុយចំនួន៤លានរៀលរួចហើយ។
ប៉ុន្តែក្តីរំពឹងរបស់អ្នកជួលថាបានដីសម្រាប់ដាំដំឡូងហើយ អ្វីៗខុសពីការគិត ពីព្រោះថាដីទំហំជិត២០០ហិកតាដែលបានធ្វើកិច្ចសន្យាជួលនោះជាដីរបស់រដ្ឋស្ថិតនៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ក្រោមការគ្រប់គ្រងរបស់បរិស្ថាន ប៉ុន្តែបើទោះបីជាយ៉ាងណាក៏ដោយ សូមឱ្យលោក តូច ពៅ និងលោក ថន ចាន់ ដែលធានា និងធ្វើកិច្ចសន្យារួចហើយនោះ សូមចេញមុខមកទទួលខុសត្រូវ ដោះស្រាយបញ្ហាលុយកាក់ផង។
អ្នកយកព័ត៌មានយើងបានព្យាយាមសុំការពន្យល់បកស្រាយពីលោកថន ចាន់ មន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ដែរប៉ុន្តែពុំអាចទំនាក់ទំនងបាន ៕
ចែករំលែកព័តមាននេះ